(ភ្នំពេញ)៖ រដ្ឋាភិបាលចក្រភពអង់គ្លេស និងរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ បានប្រកាសបើកឱ្យដំណើរការគម្រោងថ្មីចំនួនពីរនៅកម្ពុជា ដែលជាផ្នែកមួយនៃកម្មវិធីគាំទ្រឧត្តមភាពនៃការអប់រំកុមារី (ASEAN-UK SAGE) ដើម្បីលើកកម្ពស់លទ្ធផលសិក្សាមូលដ្ឋាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

គម្រោងស្តីពីការពង្រឹងការរក្សាសិស្សដើម្បីកាត់បន្ថយការបោះបង់ការសិក្សា តាមរយៈវិធីសាស្ត្រ «ការបង្រៀនឱ្យត្រូវតាមកម្រិតចំណេះដឹងរបស់សិស្ស ឬ TaRL» ដែលជាវិធីសាស្រ្តប្រកបដោយនវានុវត្តន៍ នឹងដាក់ឱ្យ អនុវត្តសាកល្បង ដើម្បីកែលម្អលទ្ធផលសិក្សារបស់សិស្សលើការអប់រំមូលដ្ឋានសម្រាប់កុមារចំនួន៥០០នាក់ នៅថ្នាក់ទី៤ និងថ្នាក់ទី៥ ដែលប្រឈមក្នុងការបោះបង់ការសិក្សា ចំពោះការអនុវត្តវិធីសាស្ត្រ ការបង្រៀនឱ្យត្រូវតាមកម្រិតចំណេះដឹងរបស់សិស្ស ឬ TaRL សិស្សនឹងត្រូវបានរៀបទៅតាមកម្រិតសមត្ថភាពសិក្សារបស់ពួកគេលើមុខវិជ្ជាអំណាន និងមុខវិជ្ជាគណិតវិទ្យា ជំនួសឱ្យការរៀបទៅតាមកម្រិតថ្នាក់ ដើម្បីធានាថា ពួកគេទទួលបានការគាំទ្រទៅតាមតម្រូវការសិក្សារបស់សិស្សម្នាក់ៗ។

អង្គការ Pratham International រួមជាមួយនឹងដៃគូកម្មវិធីគាំទ្រឧត្តមភាពនៃការអប់រំកុមារី (ASEAN-UK SAGE) ក្រុមប្រឹក្សាអូស្ត្រាលីសម្រាប់ការស្រាវជ្រាវអប់រំ (ACER) និងមជ្ឈមណ្ឌលតំបន់អាស៊ីអាគ្នេយ៍​សម្រាប់កាអភិវឌ្ឍអប់រំបច្ចេកទេស (SEAMEO TED) នឹងរួមគ្នាសហការលើការអនុវត្តវិធីសាស្ត្រ ការបង្រៀនឱ្យត្រូវតាមកម្រិតចំណេះដឹងរបស់សិស្ស ឬ TaRL នេះ។

គម្រោងមួយផ្សេងទៀតគឺ «ការពង្រឹងសមត្ថភាពការត្រួតពិនិត្យតាមដាន និងវាយតម្លៃ (M&E) ដើម្បីលើកកម្ពស់លទ្ធផលសិក្សារបស់សិស្សលើការអប់រំកម្រិតមូលដ្ឋាន» នឹងពិនិត្យមើលលើការអនុវត្ត​ក្នុងដំណើរការ​ថ្នាក់រៀន ការបង្រៀន និងការប្រើប្រាស់សម្ភារៈឧបទ្ទេស នៅថ្នាក់ទី១ និងថ្នាក់ទី២។ គោលដៅរបស់គម្រោងនេះ គឺដើម្បីផ្តល់នូវអនុសាសន៍ និងភស្តុតាងបែបវិទ្យាសាស្ត្រ​ក្នុងការកែលម្អការអប់រំ និងការបណ្ដុះបណ្ដាលគ្រូបង្រៀននៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងបាត់ដំបង និងពង្រីកវិសាលភាពនៃប្រព័ន្ធគាំទ្រជាប្រចាំរបស់នាយកដ្ឋានបឋមសិក្សា។

លោក Dominic Williams MBE ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានឱ្យដឹងថា លោកពិតជាមានមោទនភាព ដែលការអប់រំរបស់ចក្រភពអង់គ្លេស​កំពុងដើរតួនាទីយ៉ាង​សំខាន់ក្នុងការជួយប្រទេសកម្ពុជា ចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច និងរក្សានិរន្តរភាពនៃដំណើរការនៃការអភិវឌ្ឍប្រទេស។ ស្ថាប័នអប់រំរបស់យើងដូចជាសាកលវិទ្យាល័យ De Montfort Cambodia កំពុងជួយប្រទេសកម្ពុជា​ឱ្យមានលទ្ធភាពទទួលបានជំនាញវិជ្ជាជីវៈ និងបច្ចេកទេសកម្រិតខ្ពស់។ កម្មវិធីអភិវឌ្ឍន៍ទាំងនេះនឹងធានាថា ប្រជាជនកម្ពុជាទាំងអស់ ជាពិសេសកុមារី និងក្រុមដែលងាយរងគ្រោះ អាចទទួលបានការអប់រំ​ជាមូលដ្ឋាន​ប្រកបដោយគុណភាពខ្ពស់ ដែលនឹងបង្កើនឱកាសសេដ្ឋកិច្ចសម្រាប់ពួកគេ និងសហគមន៍របស់ពួកគេ។

លោក Craig Farmer ប្រធានក្រុមការងារកម្មវិធី ASEAN-UK SAGE បានឱ្យដឹងថា យើងមានមោទនភាព និងរំភើបរីករាយក្នុងការចាប់ផ្តើមធ្វើការជាមួយក្រសួងអប់រំ យុវជន និងកីឡារបស់កម្ពុជា លើគម្រោងដំបូងបង្អស់ក្រោមកម្មវិធីគាំទ្រឧត្តមភាពនៃការអប់រំកុមារី (ASEAN-UK SAGE)។ ក្រុមការងាររបស់ ASEAN-UK SAGE បានត្រៀមខ្លួនរួចរាល់ក្នុងការធ្វើការដោយផ្ទាល់ជាមួយគ្រូបង្រៀន និងគ្រូឧទ្ទេសនៅតាមគ្រឹះស្ថានអប់រំនិងបណ្តុះបណ្តាលគ្រូបង្រៀនទូទាំងប្រទេស។

លោក អ៊ុង បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡានៃកម្ពុជា បានឱ្យដឹងថា ក្រសួងអប់រំ រីករាយក្នុងការចូលរួមក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិដ៏មានអត្ថន័យ តាមរយៈកម្មវិធីគាំទ្រឧត្តមភាព​នៃការអប់រំកុមារី ជាមួយដៃគូដែលមានការប្តេជ្ញាចិត្ត និងមានឆន្ទៈខ្ពស់រួមមាន៖ លេខាធិការដ្ឋានស៊ីមេអូ អង្គការក្រុមប្រឹក្សាចក្រភពអង់គ្លេស និងរដ្ឋាភិបាលចក្រភពអង់គ្លេស។ គម្រោងសាកល្បងទាំងពីរនេះ សង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការសកលក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមសំខាន់ៗក្នុងវិស័យអប់រំ និងធានាឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្នសម្រាប់​សិស្សានុសិស្ស​ទាំងអស់ក្នុងប្រទេសកម្ពុជា”។

លោកស្រីបណ្ឌិត Habibah Binti Abdul Rahim ប្រធានលេខាធិការដ្ឋានស៊ីមេអូ បានឱ្យដឹងថា ការដាក់ឱ្យដំណើរការនូវគម្រោងសាកល្បងទាំងពីរក្នុងប្រទេសកម្ពុជានេះ គឺជាសក្ខីភាពប្រកប​ដោយអត្ថន័យ​ក្នុងស្មារតីសហការគ្នារវាងក្រសួងអប់រំ យុវជន និងកីឡា និងដៃគូក្រោមកម្មវិធីគាំទ្រឧត្តមភាពនៃការអប់រំកុមារី។ លេខាធិការដ្ឋានស៊ីមេអូ ពិតជាវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនេះ ដែលជាមូលដ្ឋានគ្រឹះក្នុង​ការផ្តល់នូវ​ដំណោះស្រាយអប់រំប្រកបដោយបរិយាបន្ន និងមានឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់អ្នកសិក្សា ជាពិសេសកុមារី និងយុវជនដែលងាយរងគ្រោះ។

ដោយមានការឧបត្ថម្ភ និងគាំទ្រដោយស្ថាប័នអភិវឌ្ឍន៍អន្តរជាតិរបស់ចក្រភពអង់គ្លេស កម្មវិធីគាំទ្រឧត្តមភាពនៃការអប់រំកុមារី មានគោលបំណងបង្កើនលទ្ធផលសិក្សារបស់សិស្សលើការអប់រំកម្រិត​មូលដ្ឋាន​នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយផ្តោតជាពិសេសលើក្មេងស្រី និងក្រុមដែលងាយរងគ្រោះ តាមរយៈការដាក់ចេញនូវគោលនយោបាយ និងកម្មវិធីប្រកបដោយប្រសិទ្ធភាព។

កម្មវិធីនេះត្រូវបានរៀបចំឡើងដោយអង្គការក្រុមប្រឹក្សាចក្រភពអង់គ្លេស និងលេខាធិការដ្ឋានស៊ីមេអូ សហការដៃគូជាមួយស្ថាប័នភាពជាដៃគូស្រាវជ្រាវសកល (EdTech Hub) និងក្រុមប្រឹក្សាអូស្ត្រាលី​សម្រាប់ការស្រាវជ្រាវអប់រំ (ACER) ក្នុងគោលបំណងដោះស្រាយបញ្ហានៃការរើសអើង និងឧបសគ្គដែលរារាំងដល់ការសម្រេចភាពជោគជ័យរបស់កុមារី និងក្រុមដែលងាយរងគ្រោះក្នុងរដ្ឋជាសមាជិកអាស៊ាន (AMS) រួមទាំងប្រទេសទីម័រខាងកើតផងដែរ ដែលជាផ្នែកមួយនៃផែនការសកម្មភាពកិច្ចសហការASEAN-UK៕