(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំដាក់បទបញ្ជាដល់កម្លាំងនគរបាលក្រោមឱវាទ ទាំងអស់ ដើម្បីដាក់ផែនការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ។
ក្នុងកិច្ចប្រជុំនោះ មានការចូលរួម ស្នងការរង នាយការិយាល័យជំនាញទាំង៣១ អធិការក្រុង ស្រុកទាំង៩ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ទាំង៦៧។
ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរងទទួលផែនការងារសេនាធិការ បានឡើងរាយការណ៍អំពីលទ្ធផលប្រតិបត្តិការប្រចាំខែមីនា ឆ្នាំ២០២៥ គិតចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ និងទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់បានល្អ។
លោកឧត្តសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់បទបញ្ជាឲ្យនគរបាលទាំងអស់ ត្រូវប្រចាំបញ្ជា២៤ម៉ោង ក្នុងការយាមល្បាត ប្រពន្ធ័ទូរសព្ទ័ទាន់ហេតុការណ៍ ដើម្បីអន្តរាគមន៍ដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋ ឲ្យបានទាន់ ពេលវេលា ពង្រឹងការផ្សព្វផ្សាយគោលនយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាពតាមមូលដ្ឋាន បន្តពង្រឹងការផ្តល់សេវាសាធារណៈ សេវាសន្តិសុខជូនប្រជាពលរដ្ឋឲ្យបានល្អ បន្តរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកទូទាំងខេត្ត សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកម្រិតទាបបំផុត។
លោក សិទ្ធិ ឡោះ បានបន្តទៀត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កម្លាំងនគរបាលទាំងអស់ត្រូវយកចិត្តទុកដាក់បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ លួច ឆក់ ប្លន់ ការជួញដូរគ្រឿងញៀន ក្មេងទំនើង អំពើហិង្សា ការប្រើប្រាស់អាវុធគ្រឿងផ្ទុះ គ្រាប់រំសេវ ល្បែងស៊ីសងគ្រប់ប្រភេទ ល្បែងច្រកថង់ទឹកនិងដុំថ្មគប់ ដែលនាំឲ្យមានគ្រោះថ្នាក់ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ត្រូវទប់ស្កាត់ឲ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់។
បើតាមលោកឧត្តមសេនីយ៍ស្នងការ, សម្រាប់បុណ្យចូលឆ្នាំនេះ រដ្ឋបាលខេត្ត ត្រៀមរៀបចំល្បែងប្រជាប្រិយដូចជា៖ ទាញព្រ័ត្រ ទាត់សី លាក់កន្សែង រាំវង់កំសាន្តនៅតាមទីវត្តអារាមនានា ហើយឆ្នាំនេះរដ្ឋបាលខេត្ត បានរៀបចំពិធីមហាសង្ក្រាន្តយ៉ាងធំនៅក្នុងសួនមានជ័យ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ក្នុងនោះមានរាំកំសាន្តនៅពេលយប់គ្រប់៣រាត្រីទៀតផង។
លោក សិទ្ធិ ឡោះ បានហាមប្រាមរាល់ល្បែងទាំងឡាយណាដែលនាំឲ្យខាតបង់ អន្តរាយទ្រព្យសម្បត្តិ និងនាំឲ្យមានគ្រោះថ្នាក់ ប៉ះពាល់ដល់កិត្តិយស ផ្ទុយពីពីប្រពៃណីថ្លៃថ្នូររបស់ជាតិ ដូចជាការប្រើអំពើហិង្សាបណ្តាលមកពីការ រាំកំសាន្តជាន់ជើងគ្នា ច្រណែនឈ្នាននីស ជាដើម ត្រូវធ្វើការបង្ក្រាប៕