(កំពង់់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានចុះសុខទុក្ខ និងប្រកាសអង្គភាពដែលត្រូវចងសម្ព័ន្ធមេត្រីភាព ជាមួយក្រុមគ្រួសារអតីតយុទ្ធជន និងរៀបចំប្រព័ន្ធសូឡាប្រើប្រាស់ពន្លឺព្រះអាទិត្យបំភ្លឺតាមដងផ្លូវ ព្រមទាំងឧបត្ថម្ភស្បៀងអាហារគ្រឿងឧបភោគបរិភោគ ដើម្បីអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលឈានចូលមកដល់នាពេលខាងមុខនៅភូមិសហគមន៍អតីតយុទ្ធជននៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនដែលធ្លាប់មានគុណបំណាច់ចំពោះជាតិនិងមាតុភូមិនាពេលកន្លងទៅ។

លោកបានប្រគល់ស្បៀងអាហារគ្រឿងឧបភោគបរិភោគ ជូនអតីតយុទ្ធជនចំនួន១០គ្រួសារ ដែលជាដៃគូសម្ព័ន្ធមេត្រីភាព ដែលជាអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងរៀបចំតម្លើងបង្គោលភ្លើងប្រើប្រាស់ប្រព័ន្ធពន្លឺព្រះអាទិត្យនៅតាមដងផ្លូវចំនួន៥០ដើម ដែលជាអំណោយលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោកស្រី ដើម្បីជូនបងប្អូនក្រុមគ្រួសារអតីតយុទ្ធជន អបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅពេលខាងមុខនេះផងដែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បញ្ជាក់ថា អតីតយុទ្ធជនដែលមិនទាន់បានគ្រឿងឧបភោគបរិភោគ ក្រុមការងារចងសម្ព័ន្ធមេត្រីភាពមានតាមបណ្តាមន្ទីរ អង្គភាពកំពុងរៀបចំ និងផ្តល់ជូនតាមក្រោយ៕