(ពោធិ៍សាត់)៖ រឿងមិនគួរឲ្យជឿមួយទៀតហើយ ទារកចម្លែកមួយ មានជើង៤ ដៃ៤ ក្បាល១ ខ្លួន១ ជាមួយនឹងទម្ងន់ ៣,៤គីឡូក្រាម បានស្លាប់ក្នុងពោះម្តាយ ហើយត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះ កាលពីវេលាម៉ោង១៖៣០នាទីយប់ ឈានចូលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ នៅមន្ទីរពេទ្យបង្អែកភ្នំក្រវាញ។
លោកវេជ្ជបណ្ឌិត ម៉ី ទីណូ ប្រធានមន្ទីរពេទ្យបង្អែកភ្នំក្រវាញ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា អ្វីដែលពិសេសនោះគឺ ទារកអភ័ព្វនេះ មានលក្ខណៈចម្លែកជាងទារកដ៏ទៃទៀត មានជើង៤ ដៃ៤ ក្បាល១ ខ្លួន១ ជាមួយនឹងទម្ងន់៣,៤គីឡូក្រាម ហើយត្រូវបានក្រុមគ្រូពេទ្យជំនាញរបស់លោកជួយសង្គ្រោះដែរ តែទារកនោះបានស្លាប់បាត់បង់ជីវិតក្នុងពោះរបស់ម្តាយបាត់ទៅហើយ។
គួរបញ្ជាក់ផងដែរថា ម្តាយរបស់ទារកនោះ មានឈ្មោះ ឈាន ម៉ៅ អាយុ ២១ឆ្នាំ និងឪពុកដែលសុំមិនបញ្ចេញឈ្មោះ បច្ចុប្បន្នរស់នៅភូមិមល់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ហើយនេះជាកូនដំបូង នៃចំណងស្នេហារបស់អ្នកទាំង២៕