(ភ្នំពេញ)៖ ឃ្លាំងស្តុក និងកែច្នៃជ័រស្វិត ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៧៖៤០នាទីយប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅភូមិកប់អំបិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យបណ្តាញព័ត៌មាន Fresh News ដឹងថា ក្រោយពីទទួលបានព័ត៌មានខាងលើនេះ លោកបានបញ្ជាទៅសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យដែលប្រចាំការនៅគោលដៅទាំង៧ ក្នុងរាជធានីភ្នំពេញ ឲ្យបញ្ចេញរថយន្តពន្លត់អគ្គិភ័យមកកាន់ទីតាំងកើតហេតុ ដើម្បីអន្តរាគមន៍បាញ់ទឹកពន្លត់ជុំវិញរោងចក្រដែលកើតមានគ្រោះអគ្គិភ័យនេះ។
ដោយទទួលបានបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់រោងចក្រដែលនៅក្បែរនោះ។
ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១៧៨គ្រឿង ក្នុងនោះរួមមាន រថយន្តការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន២០គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន១២០ឡាន, រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃ ចំនួន៤គ្រឿង ប្រើប្រាស់អស់ចំនួន៨ឡាន, រថយន្តអគ្គិភ័យកងពលតូចលេខ៧០ ចំនួន៦គ្រឿង ប្រើប្រាស់អស់ចំនួន១៦ឡាន, រថយន្តអគ្គិភ័យទ័ពពិសេស៩១១ ចំនួន២គ្រឿង ប្រើប្រាស់អស់ចំនួន៦ឡាន, រថយន្តអគ្គិភ័យទីក្រុងកោះពេជ្រ ចំនួន២គ្រឿង ប្រើប្រាស់អស់ចំនួន៦ឡាន, រថយន្តអគ្គិភ័យក្រមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់អស់ចំនួន២ឡាន, រថយន្តអគ្គិភ័យទីក្រុងជ្រោយចង្វារ ចំនួន៣គ្រឿង ប្រើប្រាស់អស់ចំនួន៩ឡាន, រថយន្តអគ្គិភ័យបុរីសង្ឃឹមថ្មី ចំនួន៣គ្រឿង ប្រើប្រាស់អស់ចំនួន៦ឡាន, រថយន្តអគ្គិភ័យសួនឧស្សាហកម្មកាណាឌីយ៉ា ចំនួន១គ្រឿង ប្រើប្រាស់ទឹកចំនួន២ឡាន, រថយន្តអគ្គិភ័យអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ចំនួន១គ្រឿង ប្រើប្រាស់អស់ចំនួន២ឡាន និងរថយន្តអគ្គិភ័យរដ្ឋបាលខណ្ឌកំបូល ចំនួន១គ្រឿង ប្រើប្រាស់អស់ចំនួន១ឡាន។
ដោយឡែកចំពោះប្រភេទឃ្លាំងខាងលើនេះ គឺជាប្រភេទ ថ្មប្រក់ស័ង្កសី ទំហំ៣,០០០ម៉ែត្រការ៉េ, ឆេះឃ្លាំង ទំហំ៣,០០០ម៉ែត្រការ៉េ ចំនួន១ឃ្លាំង រួមទាំងសម្ភារៈក្នុងឃ្លាំងអស់ទាំងស្រុង និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងលេីឡេីយ។ ចំពោះ ករណីអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើងគ្រប់គ្រងបានទាំងស្រុងនៅម៉ោង ១៖៤០នាទីយប់រំលងអាធ្រាតនាថ្ងៃទី១៦ ខែឆ្នាំដដែរ។
ហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា គឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនីបង្ករជាអគ្គិភ័យ។ ដោយឡែក នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ គឺបានបណ្តាលឲ្យលោកនាយរងការិយាល័យម្នាក់បានរងរបួសនៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ៕