(ភ្នំពេញ)៖ ប្រាសាទអង្គរវត្តដ៏អស្ចារ្យរបស់កម្ពុជាបានធ្វើឲ្យភ្ញៀវជាតិ និងអន្តរជាតិ កោតសរសើរមិនដាច់ពីមាត់ពីសម្រស់ស្នាដៃ និងភាពអច្ជរិយ:ដែលមិនងាយ បានឃើញនៅលើសាកលលោក។ ជាមួយគ្នានោះដែរ ប្រាសាទអង្គរវត្តក៏បានបញ្ចេញភាពស្រស់ស្អាតរបស់ខ្លួន នៅគ្រប់ពេលវេលាផងដែរ ដូចជាពេលថ្ងៃរះ ថ្ងៃលិច ពេលព្រះអាទិត្យរះចំកំពូលកណ្តាល រដូវភ្លៀង និងពេលរាត្រីដោយដាក់ភ្លើងបំភ្លឺជាដើម។
ជាក់ស្តែងពេលនេះ មិនមែនជាលើកដំបូងទេ ដែលឥន្ធនូនៅលើប្រាសាទអង្គរវត្ត មើលទៅពិតជាអស្ចារ្យណាស់ ព្រោះឥន្ធនូកោងខ្លាំងរាងមូល ហើយមានផ្ទៃពីរជាន់ ភាពស្រស់ស្អាតបានរំលេចឡើង គួរឲ្យទាក់ចិត្ត។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃម្សិលមិញ ពោលគឺថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ មានបាតុភូតដ៏អស្ចារ្យ២ បានកើតឡើងនៅថ្ងៃតែមួយនៅប្រទេសកម្ពុជា។ បាតុភូតទី១ បានកើតឡើង នៅខេត្តសៀមរាប គឺមានឥន្ធនូនៅលើប្រាសាទអង្គរវត្ត មើលទៅពិតជាអស្ចារ្យណាស់ ព្រោះឥន្ធនូកោងខ្លាំងរាងមូល ហើយមានផ្ទៃពីរជាន់ ភាពស្រស់ស្អាតបានរំលេចឡើងគួរឲ្យទាក់ចិត្ត។
លោករដ្ឋមន្រ្តីបានលើកឡើងថា ទិដ្ឋភាពនេះបានទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីបណ្តាទេសចរជាតិ និងអន្តរជាតិ នៅពេលបានទៅទស្សនានៅប្រាសាទអង្គរ។ បាតុភូតដ៏អស្ចារ្យនេះបានកើតឡើងមួយថ្ងៃមុនថ្ងៃ គម្រប់ខួប១២ឆ្នាំ នៃការឡើងគ្រងរាជ្យសម្បត្តិ របស់ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទបរមនាថ នរោត្តម សីហមុនី។
ចំណែកបាតុភូតទី២ វិញ គឺភ្លៀងបានធ្លាក់ភ្លាមៗ ក្រោយបញ្ចប់ពិធីបើកសម្ពោធកីឡាជាតិលើកទី១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ បាតុភូតនេះ ត្រូវបានលោករដ្ឋមន្រ្តី ថោង ខុន គេចាត់ទុកថា ជាបាតុភូតដ៏អស្ចារ្យ ដោយសារបារមីរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។
លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ ថោង ខុន បានបន្ថែមឲ្យដឹងថា បាតុភូតដ៏អស្ចារ្យ២ បានកើតឡើងព្រមគ្នា នៅប្រទេសកម្ពុជានាពេលនេះគឺជាព្រឹត្តិការណ៍ ប្រវត្ថិសាស្រ្តមួយ និងជាការកត់ត្រាការចងចាំរបស់ប្រជាពលរដ្ឋខ្មែរ ជាពិសេសគឺជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ និងចងចាំ សម្រាប់ទាក់ទាញទេសចរអន្តរជាតិផងដែរ។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបន្តថា ក្រោយមានបាតុភូតកាលពីម្សិលមិញកើតឡើង លោកថា ក៏មានការលើកឡើងតៗគ្នាពីព្រឹត្តិការណ៍នេះ ហើយប្រជាពលរដ្ឋ ភាគច្រើនបានអះអាងថា បាតុភូតនេះកើតឡើងដោយសារតែជាបារមីរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕