(សៀមរាប)៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា ក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការឆកោណត្បូងពេជ្ររវាងកម្ពុជា និងចិន មិនមែនគ្រាន់តែជាផែនការមេរឹងស្ដូកទេ តែគឺជាកិច្ចព្រមព្រៀងដ៏រស់រវើក ដែលពង្រឹងដោយនវានុវត្តន៍ឥតឈប់ឈរ ទំនុកចិត្តដែលមិនរង្គោះរង្គើ និងការលះបង់រួមគ្នារបស់កម្ពុជា និងចិន។
ការគូសបញ្ជាក់បែបនេះរបស់លោកបណ្ឌិត គិន ភា បានធ្វើឡើងក្នុងឱកាសលោកអញ្ជើញថ្លែងសន្ទរកថាបិទវេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី៤ ស្ដីពី «ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ : ទំព័រថ្មីនៃសហគមន៍កម្ពុជា-ចិន ដែលមានអនាគតរួមគ្នាក្នុងយុគសម័យថ្មី» នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នៅក្រុងសៀមរាប។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា, សាស្រ្តាចារ្យបណ្ឌិត ចេន ចាន់មីន (Zhen Zhanmin) អនុប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន, លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា។
កិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» គឺជាការបង្ហាញនូវការប្តេជ្ញាចិត្តថ្មីមួយទៀត រវាងកម្ពុជា និងចិន ឆ្ពោះទៅការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង ប្រទេស ទាំងពីរក្នុងកម្រិតថ្មីមួយទៀត។
លោកបណ្ឌិត គិន ភា បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «សូមយើងទាំងអស់គ្នាបន្តស្មារតីនៃកិច្ចសហប្រតិបត្តិការ នវានុវត្តន៍ និងមិត្តភាព ដែលបានកំណត់អត្ថន័យនៃការពិភាក្សារបស់យើងរយៈពេល២ថ្ងៃកន្លងមកនេះ។ ក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការឆកោណត្បូងពេជ្រមិនមែនគ្រាន់តែជាផែនការមេរឹងស្ដូកទេ តែជាគឺជាកិច្ចព្រមព្រៀងដ៏រស់រវើក ដែលពង្រឹងដោយនវានុវត្តន៍ឥតឈប់ឈរ ទំនុកចិត្តដែលមិនរង្គោះរង្គើ និងការលះបង់រួមគ្នារបស់យើង»។
បន្ថែមពីនេះ លោកបណ្ឌិត គិន ភាព បានលើកឡើងថា នៅទីនេះក្នុងក្រុងសៀមរាប ជាទីដែលថ្មអង្គរខ្សឹបប្រាប់យើងអំពីភាពធន់ រំលឹកឱ្យយើងនឹកឃើញកេរដំណែលដ៏អស្ចារ្យត្រូវបានកសាងឡើងដោយការឯកភាព និងការតស៊ូ។ សូមយើងទាំងអស់គ្នាដុសខាត់ផ្នែកនីមួយៗនៃភាពជាដៃគូរបស់យើង ដើម្បីឱ្យវាកាន់តែភ្លឺស្វាង បំភ្លឺផ្លូវនៃកិច្ចសហប្រតិបត្តិការត្បូង-ត្បូង (South-South Cooperation) និងធ្វើជាគំរូនៃកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក។
គួរឱ្យដឹងថា ក្រោមកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» នេះ កម្ពុជា និងចិន បានឯកភាពគ្នាអភិវឌ្ឍ ក្របខណ្ឌកិច្ចសហប្រតិបត្តិការដោយផ្តោតសំខាន់លើវិស័យចំនួន៥រួមមាន៖ នយោបាយ, ផលិតកម្ម, កសិកម្ម, ថាមពល និងសន្តិសុខ។ ក្របខណ្ឌកិច្ចសហប្រតិបត្តិការលើវិស័យទាំងនេះ ត្រូវបានបញ្ជាក់លំអិតដូចខាងក្រោម៖
១៖ នយោបាយ៖ ប្រើប្រាស់តួនាទីរបស់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋា ភិបាល កម្ពុជា-ចិន ឱ្យបានពេញលេញ ពង្រឹងការផ្លាស់ប្តូរអន្តរភាគីគ្រប់កម្រិត ទាំងក្នុងក្រប ខណ្ឌ រដ្ឋ បក្ស និងយុវជន និងបន្តកសាងសហគមន៍វាសនារួមកម្ពុជា-ចិន។
២៖ សមត្ថភាពផលិតកម្ម៖ ពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្ត និងការបន្ស៉ីគ្នារវាង គំនិត ផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ និងយុទ្ធសាស្រ្តចតុកោណ។ អភិវឌ្ឍន៍ខេត្តព្រះសីហនុ ឱ្យក្លាយជាគំរូតំបន់សេដ្ឋកិច្ចពិសេសពហុបំណង និងបង្កើនកិច្ចសហប្រតិបត្តិការលើ វិស័យ ដឹកជញ្ជូន បណ្តាញអគ្គិសនី ខ្សែកាប្លិ៍អុបទិក ឃ្លាំងស្តុក និងភស្តុភារកម្ម ហើយចិន និង គាំទ្រ កម្ពុជា ក្នុងការអភិវឌ្ឍគម្រោងផ្លូវដែក។
៣៖ កសិកម្ម៖ សិក្សាបង្កើត (ច្រករបៀងមច្ឆា និងអង្ករ) អភិវឌ្ឍន៍កសិកម្មអេកូឡូស៊ី ទំនើប ពន្លឿនផែនការអភិវឌ្ឍន៍កសិកម្មទំនើប ស្វែងរកកិច្ចសហប្រតិបត្តិការកសិកម្ម ឌីជីថល និងគាំទ្រការធ្វើទំនើបកម្មវារីវប្បកម្ម ចម្ការត្រូពិក និងវិស័យសក្តានុពល ផ្សេង ទៀត។
៤៖ ថាមពល៖ ជំរុញកិច្ចសហប្រតិបត្តិការលើថមពលវារីអគ្គិសនី ថាមពលដើរដោយពន្លឺ និងប្រភពថាមពលស្អាតដទៃទៀត ស្វែងរកដំណោះស្រាយកិច្ចសហប្រតិបត្តិការថាមពល បៃតង ស្ថិរភាព និងពឹងផ្អែកបាន។
៥៖ សន្តិសុខ៖ ចាប់យកសក្តានុពល នៃយន្តការកិច្ចសហប្រតិបត្តិការ រវាងយោធាទាំងពីរ តាមរយៈការពង្រឹងការផ្លាស់ប្តូរកងកម្លាំងសមភាគី និងសមយុទ្ធ និងការហ្វឹកហ្វឺនរួមគ្នា និងបន្តកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរ និងចែករំលែកព័ត៌មានរវាងមន្រ្តីអនុវត្តច្បាប់។ វិទ្យាសាស្រ្ត បច្ចេកវិទ្យា ការអប់រំ វប្បធម៌ ទេសចរណ៍ សុខាភិបាល និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន៕