(ភ្នំពេញ)៖ ប្រតិភូសិល្បករ នៃសហព័ន្ធរុស្ស៊ី៣៥នាក់ បានមកសម្ដែងនៅកម្ពុជា ដើម្បីអបអរសាទរខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំង២ កម្ពុជា-រុស្ស៊ី ព្រមទាំងដើម្បីប្រារព្ធទិវាវប្បធម៌រុស្ស៊ី នៅកម្ពុជាផងដែរ។
ពិធីនេះត្រូវបានធ្វើឡើងនៅយប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦នេះ នាសាលសិន្នសីទចតុមុខ ក្រោមវត្តមានលោកស្រី ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, តំណាងស្ថានទូតរុស្ស៊ី ប្រចាំនៅកម្ពុជា, លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងអគ្គរាជទូតជាច្រើនរូបទៀត ព្រមទាំងភ្ញៀវជាតិ-អន្ដរជាតិ យ៉ាងច្រើនផងដែរ។
លោកស្រី ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ការប្រារព្ធថ្ងៃវប្បធម៌សហព័ន្ធរុស្ស៊ី នៅកម្ពុជាក្នុងថ្ងៃនេះ គឺអនុវត្តតាមកម្មវិធីផ្លាស់ប្ដូរវប្បធម៌ នៃប្រទេសទាំង២កម្ពុជា-រុស្ស៊ី ពោលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា និងក្រសួងវប្បធម៌នៃសហព័ន្ធរុស្ស៊ី។
លោកស្រីរដ្ឋមន្ដ្រីបន្ដថា ការបំពេញទស្សនកិច្ច និងសម្ដែងសិល្បៈ របស់ក្រុមសិល្បករនេះ មិនត្រឹមតែបង្ហាញពីកិច្ចសហប្រតិបត្តិការល្អ លើវិស័យវប្បធម៌ រវាងប្រទេសទាំង២ប៉ុណ្ណោះទេ ពោលគឺជាការចូលរួមអនុវត្ត យ៉ាងពេញលេញនូវកិច្ចព្រមព្រៀងផ្លាស់ប្ដូរ វប្បធម៌រវាងរដ្ឋាភិបាល នៃបណ្ដាលរដ្ឋជាប្រជាជាតិអាស៊ាន និងរដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី។
ជាមួយគ្នានេះ លោកស្រី ភឿង សកុណា បញ្ជាក់ថា រូបភាពសិល្បៈរុស្ស៊ីនាពេលនេះ ពិតជាបាននាំមកនូវអនុស្សាវរីយ៍ដ៏កក់ក្ដៅ និងស្រស់បំព្រងមួយកាលពីអតីតកាល សហភាពសូវៀតក្នុងអំឡុងទសវត្សទី៨០ នៃសតវត្សទី២០កន្លងមក ដែលពេលនោះកម្ពុជា កំពុងទទួលនូវការហ៊ុព័ន្ធសេដ្ឋកិច្ច និងភាពឯកោចំពោះពិភពលោក ហើយសិល្បៈសូវៀតពេលនោះ គឺជាប្រភពកម្សាន្ដ ជាចំណីអារម្មណ៍ ជាភាពកក់ក្ដៅ និងបានធ្វើឲ្យកម្ពុជាបំភ្លេចនូវភាពឯកោរបស់ខ្លួន៕