(ភ្នំពេញ)៖ នៅសាលមហោស្របកោះពេជ កាលពីព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ សម្ព័ន្ឋគ្រូពេទ្យសហភាពសហព័ន្ឋយុវជនកម្ពុជា បានចុះអនុសារណយោគយល់(MOU)ជាមួយសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា ក្រោមអធិបតីភាព ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ឋយុវជនកម្ពុជា។
លោក សោម អូន ប្រធានសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា-NACC បានឲ្យដឹងថា ការចុះអនុសារណៈយោគយល់(MOU)នេះ គឺមានគោលបំណងសហប្រតិបត្តិការរវាងភាគីទាំងពីរដោយផ្តោតជាអទិភាពទៅលើការផ្តល់សេវាពិនិត្យនិងព្យាបាលដល់កម្មករកម្មការិនីដល់កន្លែងស្នាក់នៅ ដើម្បីលើកកំពស់សុខភាព និងសុខមាលភាព ជូនពួកគាត់ តាមរយៈការអនុវត្តគំរោងចុះព្យាបាល និងពិនិត្យជំងឺនៅតាមបណ្តាសហគមន៏ រោងចក្រ សហគ្រាស នានា នៅក្នុងរាជធានីភ្នំពេញ ដោយឥតគិតថ្លៃ និង បណ្តុះបណ្តាលអប់រំណែនាំដល់កម្មករអំពីវិធីសាស្ត្រក្នុងការថែទាំនិងការពារសុខភាពទូទៅដើម្បីចៀសវាងផុតពីជំងឺផ្សេងៗ ។
លោកបានបញ្ជាក់ថា បច្ចុប្បន្ននៅប្រទេសកម្ពុជាមានកម្មករកំពុងបំរើការងារនៅក្នុងវិស័យកាត់ដេរសំលៀកបំពាក់និងស្បែកជើងចំនួនជាង៨០មឹុននាក់ ហើយពួកគាត់បានធ្វើការជាមធ្យមពី៨ម៉ោងទៅ១០ម៉ោងក្នុងមួយថ្ងៃ និងមានបញ្ហាប្រឈមទៅនិងសុខភាព ។ ដូចនេះអនុសារណៈយោគយលរវាងសម្ព័ន្ឋគ្រូពេទ្យសហភាពសហព័ន្ឋយុវជនកម្ពុជា និង សភាសម្ព័ន្ឋសហជីពជាតិកម្ពុជា ពិតជាមានសារសំខាន់ណាស់សម្រាប់បងប្អូនកម្មករនិយោជិតដែលគ្មានលទ្ឋភាពគ្រប់គ្រាន់ក្នុងការព្យាបាល និងពិនិត្យជំងឺ ៕