(ភ្នំពេញ)៖ ២៦ឆ្នាំក្រោយការបញ្ចប់សង្គ្រាមក្រោមនយោបាយឈ្នះ-ឈ្នះ អតីតទីតាំងសំបុកលាក់ខ្លួនខ្មែរក្រហមនៅក្នុងព្រៃ បានប្រែក្លាយជាក្រុង ជាផ្សារ ជាទីរមណីយ៍ដ្ឋាន ដែលមានមនុស្សបានរស់នៅច្រើនកុះករ។ Fresh Exclusive មានសេចក្តីរាយការណ៍ជុំវិញ «២៦ឆ្នាំបន្ទាប់ពីជ័យជម្នះបញ្ចប់សង្គ្រាមស៊ីវិល ការអភិវឌ្ឍបានផ្លាស់ប្តូររូបភាពអតីតទីតាំងទ័ពព្រៃក្រុមខ្មែរក្រហម»
២៦ឆ្នាំ បន្ទាប់ពីជ័យជម្នះ អតីតទីតាំងសំបុកលាក់ខ្លួនក្រុមខ្មែរក្រហម ដែលសុទ្ធតែជាព្រៃក្រាស់ និងមានគ្រាប់មីនបង្កប់ជាច្រើនស្អេកស្កះនោះ ត្រូវបានផ្លាស់ប្តូរមុខមាត់ជាច្រើនគួរឱ្យកត់សម្គាល់។ តំបន់អន្លង់វែង ប៉ៃលិន សំឡូត និងម៉ាឡៃ នាពេលនេះមិនមែនជាតំបន់អសន្តិសុខដូចមុនទៀតឡើយ ប៉ុន្តែជាតំបន់ដែលរស់រវើកដោយភាពអ៊ូរអរ ផ្ទះឈើ ផ្ទះថ្ម តូចធំ បានលេចឡើងត្រដែតជំនួសព្រៃឫស្សីក្រាស់ៗ ចំការមីនបានប្រែក្លាយជាចំការដំឡូង ចំការទុរេន ចំការមៀន ចំការមង្ឃុត ចំការសាវម៉ាវ ភូមិក្នុងព្រៃរបស់អ្នកស្រុក បានក្លាយជាតំបន់ទីប្រជុំជនអ៊ូរអរ ជាទីផ្សារ ជាកន្លែងរមណីយដ្ឋាន និងនៅតាមតំបន់នីមួយៗ រាជរដ្ឋាភិបាលថែមទាំងសាងសង់ទីតាំងសម្រាប់ជាស្តូបរំលឹកអនុស្សាវរីយ៍បញ្ចប់សង្គ្រាម ដើម្បីទុកឱ្យក្មេង ជំនាន់ក្រោយចងចាំ និងត្រូវចៀសវាងដាច់ខាត ការនាំស្រុកទេសរបស់ខ្លួនដែលមានសន្តិ ភាព មិនឱ្យធ្លាក់ចូលក្នុងសង្គ្រាមសាជាថ្មីវិញទៀតឡើយ។
• អន្លង់វែង៖ ពីសមរភូមិ រហូតដល់សហគមន៍រីកចម្រើន
អន្លង់វែង ដែលធ្លាប់ជាអតីតសំបុកលាក់ខ្លួនចុងក្រោយរបស់ខ្មែរក្រហម បច្ចុប្បន្នគឺជាស្រុកដ៏អ៊ូអរដែលមានសកម្មភាពសេដ្ឋកិច្ចរីកចម្រើន។ ផ្លូវតូចៗដែលធ្លាប់ប្រើប្រាស់ក្នុងការដឹកគ្រាប់រំសេវ ឬជាផ្លូវសម្រាប់រត់ភៀសខ្លួន ក្នុងពេលរងការវាយប្រហារធំៗណាម្តងពីអតីតទាហានរដ្ឋាភិបាលពេលនេះលែងក្លាយជាជាផ្លូវប្រើប្រាស់ដ៏លួចលាក់ទៀតហើយ។ ផ្លូវថ្មើរជើងទាំងឡាយត្រូវបានពង្រីកជាផ្លូវធំៗ ខ្លះចាក់ក្រាលកៅស៊ូ ខ្លះចាក់ក្រាលបេតុងគ្រា ដែលអតីតសំបុកលាក់ខ្លួនក្នុងព្រៃឫស្សី និងតាមព្រៃរបោះ ពេលនេះ បានប្រែមុខមាត់ជាភូមិរស់នៅពេញមុខ ពេញមាត់របស់អ្នកស្រុកនៅទីនោះ ដោយលែងខ្លាចថាជាតំបន់ អសន្តិសុខទៀតហើយ។
Fresh Exclusive បានធ្វើដំណើរដល់អតីតទីវាលសមរភូមិមួយ ដែលបច្ចុប្បន្នបានប្រែក្លាយជាផ្សារអន្លង់វែង «កន្លែងនេះគឺជាអតីតសមរភូមិ ជាវាលកប់ខ្មោច ជាកន្លែងប្រយុទ្ធគ្នា ជាកន្លែងចំការមីន តែពេលនេះ គឺខុសប្លែកពីមុនទាំងអស់ គឺ២៦ឆ្នាំក្រោយមក ក្រោយពីការធ្វើសមាហរណកម្មមក ទីកន្លែងនេះក៏ក្លាយទៅជាទីផ្សារ គឺជាផ្សារអន្លង់វែង ផ្សារដ៏ធំ ដែលពីមុនកន្លែងនេះមិនមែនផ្សារអ៊ូរអរដូច្នេះទេ»។
វិស័យទេសចរណ៍ក៏ជាវិស័យមួយ ដែលបានលេចចេញជារូបរាងគួរឱ្យកត់សម្គាល់ផងដែរ។ ទីតាំងប្រវត្តិសាស្ត្រដែលភ្ជាប់ទៅនឹងសម័យខ្មែរក្រហម ដូចជាផ្ទះតាម៉ុក និងផ្នូររបស់ ប៉ុល ពត បានទាក់ទាញអ្នកទស្សនាចង់ស្វែងយល់ពីប្រវត្តិសាស្ត្រដ៏ច្របូកច្របល់របស់ប្រទេសកម្ពុជា ដែលធ្លាប់មានក្នុងអតីតកាល។ អតីតយុទ្ធជនខ្មែរក្រហមម្នាក់ឈ្មោះ រៀម សុខហេង បានរៀបរាប់អំពីទីតាំងប្រវត្តិសាស្ត្រនៅក្នុងតំបន់អន្លង់វែង៖
«នៅក្នុងស្រុកអន្លង់វែងយើងនេះ គឺមានតំបន់ប្រវត្តិសាស្រ្តចំនួន១៤កន្លែង រមណីយ៍ដ្ឋាននៃតំបន់ប្រវត្តិសាស្ត្ររបស់ តាម៉ុកនេះ គឺជាចំណែកមួយនៅក្នុង១៤កន្លែងហ្នឹងដែរ នៅក្នុងស្រុកអន្លង់វែង យើងមើលឃើញថា ពីមុនមកដែលខ្ញុំរស់នៅ គឺមិនមានអ្វីសោះទេមានតែព្រៃហើយស្ងាត់ស្ងៀម ហើយដូចជាផ្លូវអ្វីហ្នឹង គឺយើងមិនមានទេ។ កាលជំនាន់នោះគឺយើងធ្វើដំណើរតាមផ្លូវរទះ ឬផ្លូវដើរបន្តិចបន្តួចប៉ុណ្ណោះទេ ប៉ុន្តែដល់ឥឡូវនេះ គឺនៅក្នុងស្រុកអន្លង់វែង យើងមានកន្លែងកំសាន្ត ដូចនៅកន្លែងតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តទាំងដប់បួនចំណុចនេះក៏ការអភិវឌ្ឍហើយនឹងរក្សាបានល្អប្រសើរ។
កាលពីជំនាន់អតីតកាលនោះ គឺនៅពេលបើកភ្នែកមក ប្រជាពលរដ្ឋគឺដឹងតែភ័យខ្លាចរឿងគ្រាប់ផ្លោង ហើយដាក់មីន ដាក់ធ្វើចំរូងប៉ុណ្ណោះ។ ដល់សព្វថ្ងៃនេះ គឺប្រជាពលរដ្ឋសប្បាយចិត្តដោយសារអ្វី? ដោយសារនៅក្នុងស្រុកអន្លង់វែងយើងនេះ គឺមានការអភិវឌ្ឍតាំងពីផ្លូវថ្នល់។ យើងមើលឃើញថាតាំងពីសាលារៀន តាំងពីវត្តអារាមគឺនៅក្នុងស្រុកអន្លង់វែងនេះ រីកចម្រើនច្រើនចាប់តាំងពីសមាហរណកម្ម ហើយមកដល់ឥឡូវនេះក៏កាន់តែរីករាលដាលល្អ តាមភូមិនិមួយៗនឹងគឺយើងធ្វើផ្លូវចូលដល់សុទ្ធតែចាក់បេតុងទាំងអស់ កាលពីមុនគឺអត់មានទេ យើងដើរតាមតែគន្លងផ្លូវបន្តិចៗប៉ុណ្ណោះ។ កាលពីមុននោះ គឺយើងបារម្ភរឿងមីន ដល់ឥឡូវនេះ គឺអស់បារម្ភរឿងមីនហើយពីព្រោះនៅតំបន់នេះគឺយើងមានខាងស៊ីម៉ាក់ មានកន្លែងណាដែរប្រជាពលរដ្ឋឃើញមីន គឺត្រូវទៅប្រាប់គេដើម្បីដោះចេញ»។
អន្លង់វែងនៃស្រុកមួយរបស់ខេត្តឧត្តរមានជ័យ ដែលជាតំបន់ធ្លាប់តែខ្វះខាតស្ទើរគ្រប់វិស័យ នោះ បច្ចុប្បន្នជាតំបន់ ដែលមានប្រព័ន្ធសេវាអប់រំថែទាំសុខភាព មានសាលារៀន មានគ្លីនិកឯកជន ហាងលក់ដូរនានាទាំងនៅតាមផ្ទះ និងនៅតាមផ្សារ។
លោកស្រី ឌឹម ណាឃែ័រ ដែលរស់នៅក្នុងស្រុកអន្លង់វែង បានប្រាប់ Fresh Exclusive យ៉ាងនេះ៖ «ខ្ញុំសុំផ្តាំផ្ញើដល់បងប្អូនទាំងអស់គ្នាទូទាំងប្រទេស ជួយអញ្ជើញមកលេងកំសាន្តនៅក្នុងស្រុកអន្លង់វែងខេត្តឧត្តរមានជ័យផង ព្រោះនៅទីនេះ ឥឡូវគឺផ្លាស់ប្តូរបីរយហុកសិបដឺក្រេហើយ គឺមានការរីកចម្រើនទាំងផ្លូវថ្នល់ ទាំងរមណីយដ្ឋានផ្សេងៗអាចអញ្ជើញមកលេងបានដូចជា អូរទឹកខៀវហើយផ្ទះតាម៉ុក ផ្សារអន្លង់វែង និងកន្លែងផ្សេងៗជាច្រើនទៀត។ ហើយអាជីវករលក់ដូរនៅក្នុងស្រុក ក៏មានការច្រាលឡើងហើយប្រជាជនក៏មានការសាងសង់អគារថ្មីៗជាច្រើមទៀតអញ្ជឹងខុសប្លែកពីមុនច្រើន គឺមានសន្តិភាពអត់ភ័យខ្លាចរឿងថាមានមីនមានអ្វីទេ ដោយសារតែគេបានបោសសម្អាតមីនរួចរាល់អស់ហើយ ។ មានតែសន្តិភាពធ្វើឱ្យយើងមានរហូតដល់ថ្ងៃនេះ ប្រជាជនទាំងអស់គ្នាគឺខ្លាចសង្រ្គាមអញ្ជឹងយើងត្រូវការតែពាក្យថា សន្តិភាព ទើបមានការរីកចម្រើនដូចថ្ងៃហ្នឹង»។
• ប៉ៃលិន ខេត្តត្បូងពេជ្ររបស់កម្ពុជា បានចាប់កំណើតសាជាថ្មី
ប៉ៃលិន ដែលធ្លាប់ជាខេត្តដាច់ស្រយាល និងមានសង្គ្រាម បានរងនឹងការបំផ្លាញស្ទើរអស់ខ្ទេចខ្ទីនូវទ្រព្យធនត្បូងពេជ្ររបស់ខ្លួន។ បើគ្មាននយោបាយឈ្នះ-ឈ្នះ ពន្លត់ភ្លើងសង្គ្រាម និងទទួលបានសុខសន្តិភាពរយៈពេល២៦ឆ្នាំរួចមកនេះទេ តំបន់ត្បូងពេជ្រនាភាគខាងលិចនៃប្រទេសកម្ពុជា ម្ល៉េះមិនដឹងក្លាយជាជាយ៉ាងណាឡើយ។
ក្នុងទសវត្សរ៍១៩៨០ដល់១៩៩០ ប៉ៃលិនគឺជាសមរភូមិប្រយុទ្ធដ៏ក្តៅគគុកនិងដ៏ខ្លាំងក្លាបំផុត នៅមុនការធ្វើសមាហរណកម្មជាមួយរាជរដ្ឋាភិបាលនាចុងឆ្នាំ១៩៩៦។ ក្រោមនយោបាយឈ្នះ-ឈ្នះ តំបន់ប៉ៃលិន ដែលពីអតីតកាលសង្គ្រាមគឺជាតំបន់ចំការមីន ពេលនេះបានប្រែមុខមាត់ ក្លាយជាតំបន់កសិឧស្សាហកម្មគ្មានផ្សែងឈានមុខគេលើវិស័យកសិកម្ម ទាំងដំណាំរយៈពេលខ្លីរួមមាន៖ ដំណាំពោត សណ្ដែក ដំឡូងមី នឹងដំណាំផ្សេងៗមួយចំនួនទៀតដែលជា ដំណាំរយៈពេលយូរ រួមមានដំណាំស្វាយ ទុរេន សាវម៉ាវ ជាពិសេសដំណាំតាង៉ែន ដែលគេស្គាល់ថាមៀនប៉ៃលិន។
ប៉ៃលិន ដែលធ្លាប់ជាអតីតស្រុកមួយស្ថិតក្នុងខេត្តបាត់ដំបង ត្រូវបានក្លាយជាខេត្តដ៏ពេញលេញមួយក្រោមព្រះរាជក្រឹត្យថ្ងៃទី២២ ធ្នូ ឆ្នាំ២០០៨។ ប៉ៃលិនពេលនេះបានប្រែមុខមាត់របស់ខ្លួនទាំងស្រុងហើយ។ ប៉ៃលិន ត្រូវបានពង្រីកច្រើនខ្វែងខ្វាត់ ជាមួយនឹងផ្ទះធំៗ អាគារ ធ្វើពាណិជ្ជកម្ម និងក្រុងដ៏ស្រស់ស្អាតនេះ មានចម្ងាយប្រមាណ២៥គីឡូម៉ែត្រពីព្រំដែនថៃតែប៉ុណ្ណោះ។
សម្រស់ធម្មជាតិនៃខេត្តប៉ៃលិនក្នុងសម័យសន្តិភាព បានទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិយ៉ាងខ្លាំងក្លា ក្នុងនោះរួមមានទស្សនីយភាពជួរភ្នំ ទឹកជ្រោះ ព្រៃឫស្សី ចំការដំណាំ ខៀវស្រងាត់គួរឱ្យចង់គយគន់។ ទីតាំងដែលគួរឱ្យចាប់អារម្មណ៍នោះ គឺវត្តរតនសោភ័ន ដែលជាវត្តមានរចនាបទនៃប្រពៃណីជនជាតិភូមាដែលមានអាយុកាលជាង៥៧០ឆ្នាំមកហើយ។ វត្តនេះហើយ គឺជាអតីតទីតាំងធ្វើសមាហរណកម្មនៃអតីតកងទ័ពខ្មែរក្រហមចូលមកក្នុងរាជរដ្ឋាភិបាលកម្ពុជា និងនៅក្បែរនោះគឺ ភ្នំយ៉ាត ដែលជាវត្តមានវ័យចំណាស់សាងសង់ឡើងជារបៀបវត្តកូឡា។
ក្នុងពេលមានសង្គ្រាម ទាំងវត្តរតនសោភ័ន និងវត្តភ្នំយ៉ាត មានសភាពស្ងាត់ជ្រងំ គ្មានមនុស្សណាហ៊ានបង្ហាញវត្តមានឡើយ ប៉ុន្តែក្នុងសម័យសន្តិភាពបច្ចុប្បន្ន វត្តអារ៉ាមដ៏មានវ័យចំណាស់ទាំងនេះ បានក្លាយជាទីកន្លែងចេញចូលអ៊ូរអរមិនដាច់សម្លេងឡើយ។ អតីតអ្នកអត្ថាធិប្បាយវិទ្យុខ្មែរក្រហមលោក គង់ ដូង ដែលរស់នៅក្នុងខេត្តប៉ៃលិន បានរៀបរាប់អំពីភាពសុខដុមនៃជីវិតពលរដ្ឋក្រោមនយោបាយពន្លត់ភ្លើងសង្គ្រាមស៊ីវិលរបស់សម្តេចតេជោ ហ៊ុន សែន៖
«ហើយដូចបងបានឃើញទីនេះ ទីរហោឋាន មានឃើញតែសំណកគ្រាប់ធ្លាក់ គ្មានស្ពានគ្រាន់តែឆ្លងអូរមួយ ត្រូវដេកពីរយប់ ឥឡូវគ្រប់កន្លែងមានផ្លូវ មានស្ពានបេតុង មានវត្តអារាម សាលារៀន សូម្បីតែអគាររដ្ឋបាលសាលាខេត្ត យើងមើលទិដ្ឋភាពនៅថ្ងៃនេះខុសឆ្ងាយណាស់។ ទម្រាំបានមកដល់ថ្ងៃនេះយើង ក៏មានឧបសគ្គខ្លះដែរ ពួកចាក់រុក ពួកឆ្កឹះឆ្កៀល ពួកបក្សប្រឆាំងមួយចំនួនឆ្នាំ១៩៩៨ គឺពួកនេះអូសទាញបងប្អូន អ្នកតស៊ូនៅទីនេះហ្នឹងឱ្យប្រឆាំងរាជរដ្ឋាភិបាលវិញ ដោយយករឿងអាយ៉ងយួន មកធ្វើ ខំតស៊ូរឿងអីត្រូវត្រឡប់មកវិញទៅធ្វើការបម្រើអាយ៉ងយួន ពាក្យចាក់ដោតទាំងអស់នោះ ឥឡូវនេះប្រជាពលរដ្ឋខេត្តប៉ៃលិនទាំងអស់ យើងហ៊ានធានាថាទាំងអស់គ្នាយល់បញ្ហានេះច្បាស់ថា សុទ្ធតែជារឿងបោកប្រាស់ព្រោះសង្គ្រាមយើងឆ្លងមកហើយ ប៉ៃលិនយើងឆ្លងអស់ហើយ ព្រាត់ប្រាស់និរាស ស្លាប់ របួសពិការយ៉ាងម៉េច ជូរចត់ពួកខ្ញុំស្គាល់អស់ហើយ អញ្ចឹងពួកយើងអត់ចង់ត្រឡប់ទៅសង្គ្រាមវិញទេ។
ហ្នឹងរឿងមួយ តែរឿងមួយទៀត រឿងសច្ចធម៌ រឿងដ៏ត្រឹមត្រូវវាមានន័យថា ពីបញ្ចប់សង្គ្រាមមកដល់ថ្ងៃនេះ ពួកខ្ញុំរស់សុខស្រួលហើយ ទៅតាមកម្រឹតទៅតាមលទ្ធភាព ជីវភាពរៀងៗខ្លួនមែន តែពួកខ្ញុំរស់ស្រួល រស់បានជួបជុំ តម្លៃនៃសន្តិភាព ពួកខ្ញុំលែងទៅមុខទៅក្រោយ លែងរបួស លែងពិការ។ ប៉ៃលិនម៉ោងគ្រាប់ផ្លោង កាំជ្រួចធ្លាក់គ្រាំងៗ ឥឡូងលែងឮហើយ ឮតែចម្រៀងបទភ្លេងការ ឮតែភ្លេងបុណ្យទាន ខ្ញុំរស់បានជួបជុំ មានឱកាសរកស៊ីចិញ្ចឹមជីវិត កូនខ្ញុំបានរៀនមិនត្រឹមតែនៅប៉ៃលិននៅកម្ពុជា ក៏បានទៅរៀននៅក្រៅប្រទេសទៅច្រើនប្រទេស កូនអ្នកប៉ៃលិនច្រើនហើយ។
អញ្ចឹងនេះគឺជាលទ្ធផលពិតប្រាកដនៃនយោបាយឈ្នះ-ឈ្នះ លទ្ធផលពិតប្រាដកនៃសន្តិភាព។ ហើយដែលពួកខ្ញុំនៅទីនេះគឺនិយាយម៉ាត់ណាក៏ដឹងគុណសម្តេចពុក សម្តេចតេជោដែរ បើគ្មាននយោបាយឈ្នះ-ឈ្នះ សម្តេចពុកតេជោទេប៉ៃលិនគ្មានថ្ងៃនេះ កម្ពុជាគ្មានថ្ងៃនេះ។ ហើយអ្នកដែលដឹងគុណខ្លាំង គឺអ្នកប៉ៃលិននេះ ពីថ្ងៃនេះទៅមិនបាច់មានអ្នកណាមកផ្លុំត្រចៀក មកបញ្ចុះបញ្ចូលរឿងយួនរឿងអីនោះទេ គឺអត់ចូលទេ នៅកន្លែងនេះគឺទៅជាចំណុចដែលរឹងមាំមួយរបស់ជាតិ កន្លែងនេះជាកន្លែងដែលជូរចត់ ជាកន្លែងដែលរីកចំរើនបំផុតចុងក្រោយគេ។ ដូចបង ម៉ារ យ៉ារិទ្ធិ ឃើញហើយឥឡូវគ្រប់យ៉ាងទាំងជីវភាពមិនសំបូរសប្បាយមិនហ៊ីហា ក៏ប៉ុន្តែយើងរស់នៅក្នុងភាពសុខុដុមរមនាសាមគ្គីគ្នា»។
នៅក្នុងខេត្តប៉ៃលិននេះ បើទោះបីជាការធ្វើជំនួញ និងការប្រកបមុខរបរអាជីវកម្មត្បូងសម្រាប់ប្រជាពលរដ្ឋមិនសូវបានកាក់កប ដោយសារតែសង្គ្រាមស៊ីវិល បានបំផ្លាញតំបន់នៃរ៉ែត្បួង របស់ខ្មែរខ្ទេចខ្ទាំយ៉ាងណាក៏ដោយ, ប៉ុន្តែប្រជាពលរដ្ឋខ្លះក៏មិនបានបោះបង់ចោលមុខរបរនេះដែរ បើទោះបីជាខ្លះបាន ចេញទៅប្រកបមុខរបរធ្វើស្រែចំការវិញក៏ដោយ។ អាជីវកម្មត្បូងថ្មដ៏មានតម្លៃក្នុងខេត្តប៉ៃលិន នេះនៅតែជាប់ចំណាត់ថ្នាក់ជាត្បូងល្អលេខ១ របស់កម្ពុជាដដែល។
• សំឡូត ពីអតីតតំបន់ព្រៃក្រាស់សំបូរគ្រាប់មីន ក្លាយជាដីកសិកម្ម
សំឡូត គឺជាស្រុកនៃព្រៃដ៏ក្រាស់មួយរបស់ខេត្តបាត់ដំបង និងជាស្រុកដែលមានប្រវត្តិនៃការតស៊ូប្រឆាំងអណានិគមនិយមបារាំងផងដែរ។ រាល់ចលនាតស៊ូ ត្រូវគេឃើញតែងផ្ទុះចេញពីស្រុកសំឡូត ដែលមានព្រៃក្រាស់ធំៗដែលជាខែលការពារមិនអាចខ្មាំងសត្រូវបានទម្លុះចូលពីក្រៅមកដោយស្រួលឡើយ។
នៅពេលដែលព្រៃសំឡូត ដែលគេធ្លាប់តែមិនអាចចូលបាន ដោយសារមានគ្រាប់មីនច្រើនស្អេកស្កះនោះ សំឡូតពេលនេះ បានប្រែក្លាយទៅជាកន្លែងកសិកម្មដ៏មានថាមពល។ កម្មវិធីបោសសម្អាតមីនរបស់រដ្ឋាភិបាល បានធ្វើឱ្យតំបន់ដ៏ធំមានសុវត្ថភាពសម្រាប់ធ្វើកសិកម្ម ធ្វើឱ្យគ្រួសារមានទីលំនៅ និងដាំដុះដី។ ចម្ការកៅស៊ូ និងចម្ការផ្លែឈើគ្របដណ្ដប់លើទេសភាព រួមចំណែកដល់ការនាំចេញកសិផលរបស់កម្ពុជា។ Fresh Exclusive បានធ្វើដំណើរមកដល់ឃុំតាសាញ ដែលជាឃុំមួយក្នុងចំណោមឃុំ ទាំង៧ របស់ស្រុកសំឡូត។
លោក ជុំ ហន មេឃុំតាសាញ នៃស្រុកសំឡូត បានថ្លែងថាឃុំតាសាញ គឺជាអតីតសមរភូមិដ៏ក្តៅគគុកមួយ និងជាឃុំដែលពោរពេញដោយគ្រោះថ្នាក់ដោយសារគ្រាប់មីននិងអំពើអសន្តិ សុខគ្រប់បែបយ៉ាងក្នុងសម័យសង្គ្រាម ប៉ុន្តែក្រោយការធ្វើសមាហរណកម្មចូលរួមជាមួយនឹងរាជរដ្ឋាភិបាល ឃុំតាសាញបានប្រែមុខមាត់ទាំងស្រុង៖
«ទស្សនិកជននៅពេលនេះយើងបានមកដល់ឃុំតាសាញ នៃស្រុកសំឡូត គឺជាផ្នែកឃុំមួយនៃឃុំទាំងប្រាំ៧។ ហើយឃុំតាសាញនេះផងដែរ កាលក្នុងអតីតកាលសង្គ្រាម គឺជាកន្លែងសមរភូមិដ៍ក្តៅគគុក យកតែម្តង, ប៉ុន្តែឃុំតាសាញ ក៍ដូចជាផ្នែកដទៃទៀតនៃស្រុកសំឡូត ក៍បានធ្វើសមាហរណកម្មជាមួយនឹងរាជរដ្ឋាភិបាលនៅក្នុងឆ្នាំ១៩៩៦ (ពោល) គឺ២ឆ្នាំមុន ពេលដែលមានសមាហរណកម្មនៅអន្លង់វែង ។ នៅវេលាថ្ងៃនេះយើងបានជួបជាមួយលោកមេឃុំតាសាញ ហើយលោកនឹងរៀបរាបអំពីទិដ្ធភាពទាំងឡាយ ជាពិសេសគឺពាក់ព័ន្ធទៅនឹងអ្វីដែលធ្លាប់កើតមានកាលពីមុនមក និងធៀបនឹងបច្ចុប្បន្ន តើមានការខុសប្លែកអ្វីខ្លះ»។
លោក ម៉ារ យ៉ារិទ្ធិ៖ ជម្រាបសួរលោកមេឃុំ តើលោកមេឃុំមានឈ្មោះអ្វីដែរ?
លោកមេឃុំ៖ ខ្ញុំបាទជាមេឃុំស្រុកតាសាញ ឈ្មោះ ជុំ ហន ទទួលបន្ទុកជាមេឃុំនៅទៅនេះ
លោក ម៉ារ យ៉ារិទ្ធិ៖ តើលោកមេឃុំទទួលបន្ទុកនៅទីកន្លែងប៉ុន្មានឆ្នាំមកហើយ?
លោកមេឃុំ៖ ខ្ញុំបាទនៅទីនេះ មុនពេលដែលមានសមាហរណកម្ម
លោក ម៉ារ យ៉ារិទ្ធិ៖ លោកមេឃុំ នៅពេលនេះខ្ញុំមើលឃើញថាឥឡូវនេះ មានឡានបើក មានម៉ូតូ បានធ្វើចរាចរណ៍មិនដាច់ទេ, លោកមេឃុំអាចរំលឹកបានទេ នៅពេលមុនដែលធ្វើសមាហរណកម្ម តើនៅតំបន់ខាងមុខនេះគឺជាអ្វី ហើយកន្លែងឃុំនេះ គឺជាអ្វី ហើយតើមានវាល មានផ្ទះបែបនេះដែរឬទេ?
លោកមេឃុំ៖ ខ្ញុំបាទសុំមានមតិដើម្បីពន្យល់បង ឱ្យយល់ពីសមរភូមិសំឡូត នៅមុនសមាហរណកម្ម សម័យខ្មែរក្រហម អតីតរបស់ខ្មែរក្រហម ដោយយើងជាគ្រួសាររបស់កងទ័ព គឺយើងមិនបានរស់នៅទីនេះទេ គឺនៅដីថៃ នៅច្រក៤០០ ប្រហែលជាឆ្ងាយដែរពីទីនេះ។ យើងចាប់ផ្តើមរៀបចំគោលនយោបាយឆ្នាំ១៩៩៦ ដែលសម្តេចប្រមុខដឹកនាំលោកបង្រួបបង្តួមជាតិ គោលនយោបាយឈ្នះ-ឈ្នះ ដើម្បីធ្វើសមាហរណកម្មអតីតខ្មែរក្រហម។
លោក ម៉ារ យ៉ារិទ្ធិ៖ ហើយកាលពីពេលនោះមក មុននឹងមានសមាហរណកម្ម លោកអាចរៀបរាប់ទេ ថាតើផ្លូវខាងមុខនេះជាផ្លូវអ្វី ហើយមានព្រៃយ៉ាងម៉េច ហើយគេរៀបចំយ៉ាងម៉េចទើបបានក្លាយទៅជាមានភាពអ៊ូរអ៊រដូចសព្វថ្ងៃនេះ?
លោកមេឃុំ៖ បាទសូមជម្រាបថា ផ្លូវនេះពីមុន គឺមិនមានផ្លូវទេ ស្ថិតនៅក្នុងសម័យសង្គ្រាមគឺអត់មានផ្លូទេ តែក្រោយការធ្វើសមាហរណកម្ម គឺរាជរដ្ឋាភិបាលមានចំណាត់ការកសាងផ្លូវ។ កាលពីមុនផ្លូវនេះគឺជាផ្លូវលំ ដែលក្នុងសម័យសង្រ្គាម គឺផ្លូវសម្រាប់កងទ័ពដើរ តែក្រោយការធ្វើសមាហរណកម្ម រាជរដ្ឋាភិបាលលោកបានធ្វើផ្លូវជូនដល់ប្រជាពលរដ្ឋ។
លោក ម៉ារ យ៉ារិទ្ធិ៖ អញ្ចឹងម្តុំទីកន្លែងនេះ គឺសុទ្ធតែជាកន្លែងរបស់កងកម្លាំងផ្តាច់ខ្លួនកាលពីមុនតើមែនទេ?
លោកមេឃុំ៖ បាទ! សុទ្ធតែជាកន្លែងកងកម្លាំងផ្តាច់ខ្លួនទាំងអស់, នេះគឺជាសមរភូមិកាលពីមុនក្នុងស្រុកសំឡូតនេះម្តង។
លោក ម៉ារ យ៉ារិទ្ធិ៖ នៅទីនេះសុទ្ធតែធ្លាប់ជាកន្លែងសមរភូមិ កន្លែងដែលធ្លាប់តែមានមីន កន្លែងដែលមានវាលកប់ខ្មោច ពេលនៅគឺបានប្រែក្លាយមិនដូចមុនទៀតនោះទេ។ លោកមេឃុំ បើតាមខ្ញុំចាំរាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយឈ្នះ-ឈ្នះ ដែលមាន៣ចំណុចនោះ គឺទី១ រក្សាអាយុជីវិត, រក្សាទ្រព្យសម្បត្តិ, និងរក្សាតួនាទី។ ខ្ញុំចង់ដឹងថាតើជាង២០ឆ្នាំកន្លងមកនេះ តើមិនមានអ្វីណាមួយ ដែលមិនបានអនុវត្តចំពោះចំណុចនោះដែរ ឬទេ?
លោកមេឃុំ៖ ទី១ តាមគោលនយោបាយរបស់សម្តេចប្រមុខដឹកនាំដែលលោកបង្រួបបង្រួមជាតិ ផ្សះផ្សារបញ្ចប់សង្រ្គាម តាមគោលនយោបាយ៣ចំណុចនេះ គឺមានសារៈសំខាន់ដល់អតីតកងទ័ពដែរ ទី១ ការរស់នៅ ទី២ សក្តិអំណាចដែលធ្វើនៅសម័យនោះលោកឱ្យធ្វើវិញទាំងអស់ ឱ្យតែអតីត(ខ្មែរក្រហម) អញ្ចឹងអស់លោកមួយចំនួន គិតតាមសក្តិធំតូចទៅ អ្នកណាទទួលភូមិបាន អ្នកណាទទួលឃុំបាន តាមរចនាសម្ព័ន្ធ គោលការណ៍របស់ថ្នាក់លើ»។
លោក ម៉ារ យ៉ារិទ្ធិ៖ ចុះកម្មសិទ្ធិផ្ទាល់ខ្លួនវិញ តើមានបាត់បង់ដែរឬទេ ក្នុងរយៈពេលប្រមាណ២០ឆ្នាំមកនេះ?
លោកមេឃុំ៖ បើរឿងកម្មសិទ្ធិនៅក្នុងស្រុកសំឡូតរបស់ខ្ញុំ ជាពិសេសឃុំទាំងមូលគឺថាតាំងនាមខ្ញុំជាមេឃុំអាណត្តិទី៧ ពីមុនខ្ញុំនៅចៅសង្កាត់រង ក្រោយមកលោកមេឃុំគាត់ស្លាប់ទៅក៏ រដ្ឋាភិបាលផ្ទេរសិទ្ធិឱ្យខ្ញុំមកជាមេឃុំ។ ទីដីលំនៅដ្ឋានបច្ចុប្បន្ននេះនៅស្រុកនេះអត់មានបញ្ហាអត់មានអ្វីប្រែប្រួលទេ អត់អ្នកណារំលោភអ្នកណាទេ ព្រោះដីទាំងហ្នឹង មានគោលការណ៍គេចែកពីអង្គភាព ដូចថាអង្គភាពទី១ ជាអង្គភាពខ្ញុំចែកមុខព្រួញទៅណានោះមេជំនាន់នោះ គោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេច សម្ដេចលោកឱ្យគណៈអភិបាលស្រុករៀបចំគណៈកម្មាការចែកដីសម្រាប់បងប្អូន។ សម្តេចលោកឱ្យអនុវត្តអញ្ចឹង កន្លងមកបងប្អូនធ្វើតាមហ្នឹងដែរ។
លោក ម៉ារ យ៉ារិទ្ធិ៖ លោកមេឃុំគិតមើល កាលពីជាង២០ឆ្នាំមុនបើគ្មានការធ្វើសមាហរណកម្ម បើគ្មានគោលនយោបាយឈ្នះ-ឈ្នះ ដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ទេ តើកន្លែងហ្នឹងទៅជាអ្វីទៅ?
លោកមេឃុំ៖ និយាយទៅបើសិនណាជាគ្មានគោលនយោបាយរបស់សម្តេចទេ គឺថានៅក្នុងនេះគឺសុទ្ធតែព្រៃខ្មោចហើយ អត់មានអ្នកណាហ៊ានមកបានទេ ព្រោះតំបន់នេះមីន ខ្មែរក្រហមដាក់មីន សង្រ្គាមអត់ចប់ មីនក៏វាសម្បូរណ៍ដែរ ដល់អញ្ចឹងយើងឃើញថាក្រោយសមាហរណកម្មមក សម្តេចលោកបានមានអនុសាសន៍ដើម្បីជួយប្រជាពលរដ្ឋគោលនយោបាយរៀបចំស៊ីម៉ាក់ដោះមីនទូទាំងស្រុកសំឡូតទាំងឃុំខ្ញុំផ្ទាល់។
លោក ម៉ារ យ៉ារិទ្ធិ៖ ខ្ញុំជិះរថយន្តមកតាមនេះរហូតមក ខ្ញុំឃើញមានដើមពោត មានដំឡូង មានដើមតាង៉ែន តើមានតាំងពីដើមមក ឬទើបតែមានឥឡូវនេះទេ?
លោកមេឃុំ៖ តាំងពីក្រោយសមាហរណកម្មមកប្រជាជន ដែលគាត់មានទឹកមានដីជាម្ចាស់ដីរបស់គាត់គឺគាត់ខំដាំគ្រប់មុខ។ ឧទាហរណ៍៖ ដាំពោត សណ្តែក ស្វាយ គ្រប់មុខ បន្ទាប់ពីមានសន្តិភាពក្រោមការដឹកនាំរបស់សម្តេចរវាងខ្មែរនិងខ្មែរ។ ដូច្នេះសេដ្ឋកិច្ចប្រជាជនខិតខំដាំ ផ្ទះអ្នកណាអ្នកនោះដាំ ដីអ្នកណាអ្នកនោះដាំទៅ មិនមានបញ្ហាអ្វីទេ ដូច្នេះលទ្ធផលសេដ្ឋកិច្ចវាដើរតាមហ្នឹងដែរ។
លោក ម៉ារ យ៉ារិទ្ធិ៖ តើប្រជាពលរដ្ឋលោកយល់យ៉ាងម៉េចដែរចំពោះការដែលមានសមាហរណកម្ម មានសន្តិភាពនេះ?
លោកមេឃុំ៖ សប្បាយចិត្តណាស់រាល់ថ្ងៃនេះចង់បានតែសន្តិភាពទេ អត់ចង់បានអ្វីក្រៅពីហ្នឹងទេនិយាយត្រង់ តាំងនាមខ្ញុំជាមេឃុំអត់ចង់បានអ្វីទេ បើបងប្អូនប្រជាពលរដ្ឋទាំងអស់គឺចង់បានតែសន្តិភាពតាមគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេច។
ស្រុកសំឡូត បច្ចុប្បន្នបានប្រែក្លាយជាតំបន់បៃតង ដែលពោរពេញដោយដំណាំយុទ្ធសាស្ត្រ ខៀវ ស្រងាត់គ្រប់បែបយ៉ាង គួបផ្សំនឹងតំបន់រមណីយដ្ឋានធម្មជាតិ ដែលមាននៅគ្រប់ទីកន្លែងថែមទៀតនោះ បានធ្វើឱ្យស្រុកកសិកម្មមួយនេះ ជាក្លាយជាគោលដៅទេសចរណ៍ដ៏មានសក្តានុពលថែមទៀត។ ជាពិសេសតំបន់រមណីយដ្ឋានធម្មជាតិ ដែលមានទឹកធ្លាក់ និងដំណាំទុរេនដែលមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់ បង្កើនការទាក់ទាញដល់ភ្ញៀវទេសចរកាន់តែខ្លាំងថែមទៀត។ គោលដៅទេសចរណ៍សំខាន់ៗនៅសំឡូត មានយ៉ាងហោចចំនួន២ ដែលកំពុងទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ គឺរួមមាន «រមណីដ្ឋានធម្មជាតិដែលមានទឹកធ្លាក់ និងដំណាំទុរេន»។
• ម៉ាឡៃ គំរូនៃសន្តិភាព និងវិបុលភាព
ម៉ាឡៃ គឺជាស្រុកមួយរបស់ខេត្តបន្ទាយមានជ័យ។ ស្រុកម៉ាឡៃដែលធ្លាប់ជាទីតាំងនៃសំបុកលាក់ខ្លួនក្នុងព្រៃរបស់ក្រុមឧទ្ទាមខ្មែរក្រហមពីអតីតកាល ពេលនេះបានក្លាយជាគំរូនៃការអភិវឌ្ឍដោយសន្តិភាព។ តំបន់ដែលធ្លាប់តែគ្របដោយព្រៃឫស្សីក្រាស់ឃ្មឹក បានក្លាយជាផ្លូវចាក់ក្រាលកៅស៊ូដ៏រំលោង មានផ្ទះ មានហាង មានផ្សារ និងមានមនុស្សលក់ដូរច្រើនកុះករ។
ក្រោមនយោបាយពន្លត់ភ្លើងសង្គ្រាមស៊ីវិល តំបន់ម៉ាឡៃនាពេលនេះ មានការស្ថាបនាផ្លូវជាច្រើនដែលផ្តល់ការរីកចម្រើនដល់បណ្តាភូមិជាមួយនិងផ្ទះសង់ប្រណិត ខ្លះនៅតាមដងថ្នល់និងខ្លះនៅតាមទីផ្សារ៖
«ទីនេះ ពីដើមគឺជាកន្លែងព្រៃ មានផ្លូវចល័តធ្វើដំណើរសម្រាប់កងទ័ពដឹកជញ្ជូនជាកន្លែងជា សមរភូមិ មានការវាយប្រហារគ្នាកាលពីមុនការធ្វើសមាហរណកម្ម។ ប៉ុន្តែ២៦ឆ្នាំកន្លងមកនេះ អ្វីៗបានប្រែប្រួលទាំងអស់។ យើងឃើញថាមានកន្លែងដែលលក់មាស កន្លែងដែលលក់ឧបករណ៍ផ្សេងៗដទៃ មានលក់ស្បែកជើង មានលក់គ្រឿងសង្ហារឹម មានលក់អ្វីៗដទៃៗថែមទៀត ដែលកន្លែងនេះឈ្មោះហៅថាផ្សារម៉ាឡៃ ពីដើមគឺសុទ្ធតែជាព្រៃនោះទេ។
នេះគឺជាការបង្ហាញឱ្យឃើញថា ២៦ឆ្នាំកន្លងនេះក្រោយការសមាហរណកម្មរួច គឺកន្លែងព្រៃនៅក្នុងម្តុំម៉ាឡៃក៏ក្លាយទៅជាទីផ្សារ កន្លែងដែលវាលកប់ខ្មោចក៏បានក្លាយទៅជាកន្លែងដែលអ៊ូរអរសាឡើងវិញ កន្លែងដែលធ្លាប់មានគ្រាប់មីន មីនអស់រលីងទៅហើយ គឺក្លាយទៅជាវាលស្រែវាលស្រូវក៏ជាកន្លែងដែលប្រកបអាជីវកម្មរបស់ពលរដ្ឋ ឃើញទឹកមុខប្រជាពលរដ្ឋសប្បាយរីករាយ យើងឃើញប្រជាពលរដ្ឋនាំគ្នាលក់ដូរដោយលែងការភិតភ័យចំពោះសង្គ្រាមដែលធ្លាប់កើតមាននៅក្នុងអតីតកាលទៀតនោះហើយ នោះគឺដោយសារតែនយោបាយឈ្នះ-ឈ្នះ ដាក់ចេញសម្តេចតេជោ ហ៊ុន សែន»។
នៅក្នុងស្រុកម៉ាឡៃ គេសង្កេតឃើញមានមូលដ្ឋានកសិកម្មក្នុងតំបន់ត្រូវបានពង្រីក ដោយអ្នកស្រុកបានដាំដំណាំដូចជាពោត និងដំឡូងមី ដែលដំណាំកសិផលទាំងនេះ ត្រូវបានយកមកលក់នៅលើទីផ្សារក្នុងស្រុក។
នៅក្នុងស្រុកម៉ាឡៃនោះ យើងបានជួបជាមួយនឹងអតីតអ្នកនាំពាក្យកងកម្លាំងកម្ពុជាប្រជាធិបតេយ្យ គឺលោក មាស ជ័យ។ លោក មាស ជ័យ ធ្លាប់បានធ្វើដំណើររួមជាមួយនឹងមន្ត្រីកម្ពុជា ប្រជាធិបតេយ្យក្នុងដើមទសវត្ស១៩៩០ ដោយពេលនោះអតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ បានប្រោសព្រះរាជទានដីក្បែរព្រះបរមរាជវាំងដល់តំណាងក្រុមខ្មែរក្រហម ក្នុងពេលរៀបចំដំណើរការចរចានយោបាយស្វែងរកសន្តិភាព។
ប៉ុន្តែដោយសារតែក្រុមខ្មែរក្រហមក្រោយមក បានធ្វើពហិកាមិនចូលរួមការបោះឆ្នោតសកលលោក មាស ជ័យ ដែលជាសមាជិកដ៏សកម្មម្នាក់ក្នុងក្រុមអ្នកនាំពាក្យកម្ពុជាប្រជាធិបតេយ្យ បានចាកចេញពីរាជធានីភ្នំពេញ វិលត្រឡប់ទៅកាន់កន្លែងចាស់របស់លោកនៅក្នុងព្រៃវិញ។ លោក មាស ជ័យ បានជួបជាមួយនឹង Fresh Exclusive នៅក្នុងស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ៖
លោក ម៉ារ យ៉ារិទ្ធិ៖ តើលោករស់នៅទីនេះប៉ុន្មានឆ្នាំមកហើយ?
លោក មាស ជ័យ៖ ខ្ញុំរស់នៅទីនេះគឺជាង២០ឆ្នាំមកហើយ តាំងពីក្រោយសមារណកម្មមក។
លោក ម៉ារ យ៉ារិទ្ធិ៖ នៅទីកន្លែងនេះពីដើមយ៉ាងម៉េចដែរ តើលោកអាចរៀបរាប់ថាមានផ្លូវមានផ្ទះបែបនេះ មានឡានដែរទេ?
លោក មាស ជ័យ៖ ពីមុនគឺមិនដែលមានទេ ពីជំនាន់២០ជាងឆ្នាំមុនវាមានតែសមរភូមិហើយមានផ្លូវជើង ផ្លូវជើងដើរធម្មតាទេ ផ្លូវជើងតូចៗកាត់ក្នុងព្រៃ មានព្រៃភ្នំមានដើមឬស្សី ព្រៃឈើ វល្លិ៍ ដែលយើងដើរលំបាក ដើរឆ្លងកាត់ផ្លូវតូចតាចលំបាកដែរ ប៉ុន្តែគេអាចរស់នៅបាន ហើយជំនាន់នោះវានៅមានកងទ័ព មានប្រជាជន មានកូនក្មេង សិស្សសាលា ដែលនៅតំបន់នោះមានសាលារៀនតិចតួច។
លោក ម៉ារ យ៉ារិទ្ធិ៖ តើម្តុំហ្នឹងមានមីនដែរឬទេ?
លោក មាស ជ័យ៖ ពីមុនមានមីន ជំនាន់សង្គ្រាមមានមីនតែរហូតមកដល់ពេលនេះវាអស់ប្រហែលជា៩៨ទៅ៩៩ភាគរយហើយ។
លោក ម៉ារ យ៉ារិទ្ធិ៖ អាចនិយាយថាកន្លែងនេះគឺជាអតីតភូមិរបស់អ្នកភូមិខ្មែរក្រហម?
លោក មាស ជ័យ៖ កាលពីជំនាន់នោះគឺគេហៅថាអ្នកភូមិកងទ័ព ភូមិកងទ័ពនោះគឺផ្ទះតូចៗ ផ្ទះនៅសម្រាប់ពីរនាក់ បើមានគ្រួសារគេនៅមួយគ្រួសារចឹងទៅ ប្រហែលជាង៤ម៉ែត្រ៤ជ្រុង ផ្ទះខ្លះក៏៣ម៉ែត្រ៤ជ្រុងអីទៅ ប្រក់ស្លឹកស្បូវ តាមតែគេមានលទ្ធភាពរកស្បូវរកស្លឹក។
លោក ម៉ារ យ៉ារិទ្ធិ៖ ការធ្វើសមាហរណកម្មគឺបានផ្អែកទៅលើបីចំណុចគឺរក្សាអាយុជីវិត រក្សាតួនាទី រក្សាទ្រព្យសម្បត្តិ ខ្ញុំចង់ដឹងថាតើ២៦ឆ្នាំកន្លងមកនេះតើបងប្អូនៅទីនេះបានទទួលការសន្យាពីរដ្ឋាភិបាលគឺមានអ្វីដែលល្អៀង មានអ្វីដែលភ្លាំងភ្លាត់ដែរទេ?
លោកមាស ជ័យ៖ ការពិតទៅមិនមានអ្វីលម្អៀងទេ បើយចាប់ចេញពីសមាហរណកម្មមក យើងឃើញថាកងទ័ព កងទ័ពគេមានតំណែងប៉ុណ្ណាគេនៅរក្សាតំណែងគេប៉ុណ្ណឹង ឯខាងកូនទ័ពដែលនៅក្រោមៗមានតំណែងគេប៉ុណ្ណា គេរក្សានៅប៉ុណ្ណឹងរហូតមកដល់ថ្ងៃនេះ ក៏មានអ្នកខ្លះគេឡើងឋានៈគេអញ្ចឹងទៅ។
ស្រុកម៉ាឡៃបច្ចុប្បន្ន មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាលារៀន រួមទាំងប្រព័ន្ធអគ្គិសនី និងទឹកស្អាតដែលអាចទុកចិត្តបាន និងការអភិវឌ្ឍន៍ទាំងនេះបានធ្វើឱ្យជីវភាពរស់នៅរបស់ពលរដ្ឋកាន់តែប្រសើរឡើងយ៉ាងខ្លាំង។
ការអភិវឌ្ឍដ៏គួរឱ្យកត់សម្គាល់នៃអតីតទីតាំងរបស់ទាហាននិងក្រុមគ្រួសារខ្មែរក្រហមទាំងនេះ គឺជាសក្ខីភាពមួយចំពោះភាពធន់របស់កម្ពុជា និងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការកសាងប្រទេសជាតិឡើងវិញក្រោមនយោបាយឈ្នះ-ឈ្នះ ទាំងការបំបាត់សង្គ្រាមស៊ីវិលផង និងការធ្វើឱ្យប្រទេសជាតិរីកចម្រើនដូចបច្ចុប្បន្នផង។
ពេលនេះ ភាពអាប់អួរខ្មៅងងឹតដោយសារសង្គ្រាមស៊ីវិល បានរលាយអស់ទាំងស្រុងពីកម្ពុជា ហើយក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ប្រជាជនកម្ពុជា ស្គាល់ហើយនូវហាយនភាពសង្គ្រាម ស្គាល់ហើយទុក្ខព្រាត់ប្រាស់បែកបាក់គ្នាដោយសារសង្គ្រាម ស្គាល់ហើយនូវជីវិតដែលរងការដាក់ទណ្ឌកម្មពីពិភពលោក ដោយសារតែសង្គ្រាម និងប្រជាជនកម្ពុជា មិនចង់ឱ្យភាពសោកសៅទាំងនោះវិលត្រឡប់មកកម្ពុជាវិញទៀតឡើយ។
ប្រជាជនកម្ពុជាបច្ចុប្បន្ន បានរស់នៅក្រោមដំបូលនៃសុខសន្តិភាព និងការអភិវឌ្ឍដ៏រុងរឿង ក្រោមម្លប់ដឹកនាំដ៏ត្រជាក់ត្រជុំរបស់អង្គព្រះមហាក្សត្រខ្មែរជាទីគោរពសក្ការៈ និងព្រះអង្គតែងមានព្រះរាជបន្ទូលកោតសរសើរជាប់ជាប្រចាំ នូវភាពអង់អាចដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការកាច់ចង្កូតរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខគណបក្ស និងមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តវេនដឹកនាំរាជរដ្ឋាភិបាលអាណ្ណត្តិទី៧បច្ចុប្បន្ន៕