(កំពង់ធំ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបារាយណ៍ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦នេះ បានបន្តយុទ្ធនាការចុះជំរុញ និងណែនាំដល់ក្រុមការងារឱ្យជំរុញប្រជាពលរដ្ឋ ក្នុងស្រុកបារាយណ៍ទាំងអស់ ត្រូវរួសរាន់នាំគ្នាទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ព្រមទាំងបានណែនាំក្រុមការងារយកចិត្តទុកដាក់ខិតខំកសាងពង្រីកសមាជិកថ្មីបន្ថែម។
ការយកចិត្តទុកដាក់ខ្ពស់ដូចនេះ ធ្វើឡើងក្នុងកិច្ចប្រជុំក្រុមការងារគណបក្សប្រជាជនកម្ពុជា ស្រុកបារាយណ៍ ដោយមានការចូលរួមពី ក្រុមការងារថ្នាក់កណ្តាលខេត្ត ស្រុក ឃុំ និងសកម្មជន យុវជនរបស់គណបក្សប្រជាជនកម្ពុជាគ្រប់ថ្នាក់ ដើម្បីពិនិត្យ និងជំរុញឲ្យប្រជាពលរដ្ឋ និងសមាជិកគណបក្សប្រជាជនកម្ពុជា ឲ្យរួសរាន់នាំគ្នាទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។
នាកិច្ចប្រជុំនោះ របាយការណ៍បានបញ្ជាក់ថា «គិតត្រឹមថ្ងៃទី២៧ ខែតុលានេះ ប្រជាពលរដ្ឋទូទាំងស្រុកបារាយណ៍ បានទៅចុះឈ្មោះបោះឆ្នោតចំនួន ៦៣ភាគរយ នៃប្រជាពលរដ្ឋសរុបចំនួន ១២៥,៦០៤នាក់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្នុងនោះសមាជិកគណបក្សប្រជាជនកម្ពុជា បានទៅចុះឈ្មោះចំនួន ៨៤ភាគរយ នៃសមាជិកបក្សសរុប»។
លោក ថោង ខុន ក៏បានណែនាំដល់ក្រុមការងារគ្រប់ភូមិ និងឃុំទូទាំងស្រុកបារាយណ៍ទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខិតខំជំរុញ ឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ព្រមទាំងត្រូវខិតខំកសាង និងពង្រីកសមាជិកបក្សថ្មី ឲ្យបានកាន់តែច្រើនថែមទៀត។
ដោយឡែក បើតាមការបញ្ជាក់របស់ គ.ជ.ប បានឱ្យដឹងថា គិតត្រឹមល្ងាច ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ មានប្រជាពលរដ្ឋទូទៅប្រទេសចំនួន ៦,៥៣៧,៨៦១នាក់ហើយ ដែលបានទៅចុះឈ្មោះបោះឆ្នោត៕