(ភ្នំពេញ)៖ យុវជនម្នាក់ដែលបង្ហោះវីដេអូតាម Facebook ដាក់បណ្តាសាប្រមាថអាយុជីវិត សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវបានលោក គង់ សំសារ៉េត ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ សម្រេចនៅល្ងាចថ្ងៃទី២៩ ខែតុលា ចោទប្រកាន់ជាផ្លូវការចំនួនពីរបទល្មើស។
មន្ត្រីតុលាការបញ្ជាក់ថា យុវជនរូបនេះ ត្រូវបានចោទប្រកាន់ពីបទ «គំរាមកំហែងថានឹងសម្លាប់ និងញុះញង់ឲ្យមានការរើសអើង តាមមាត្រា២៣៣ និងមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ។ បច្ចុប្បន្នសំណុំរឿងនិងជនត្រូវចោទ ត្រូវបានបញ្ជូនទៅកាន់ចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្តតាមនីតិវិធី»។ នៅដំណាក់កាលចៅក្រមស៊ើបសួរនេះ តុលាការនឹងសម្រេចឃុំខ្លួនឬមិនឃុំជនត្រូវចោទ។
យុវជនរូបនេះ នឹងត្រូវបញ្ជូនសំណុំរឿងទៅកាន់ចៅក្រមស៊ើបសួរបន្តទៀត នៅស្អែក។
យុវជនរូបនេះត្រូវបាននគរបាលខេត្តព្រៃវែង ឃាត់ខ្លួនរួចបញ្ជូនមកក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២៧ ខែតុលា តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ។
យោងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឲ្យឈ្មោះ សាម ភាព អាយុ២៧ឆ្នាំ មានទីលំនៅភូមិបឹងជ័រ ឃុំព្រៃទទឹង ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ឲ្យចូលបង្ហាញខ្លួននៅ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ ឲ្យបានមុនថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ដើម្បីសាកសួរបំភ្លឺ ពាក់ព័ន្ធនឹងករណី ប្រើទំព័រហ្វេសប៊ុកបង្ហោះវីដេអូឃ្លីបដាក់បណ្តាសាប្រមាថអាយុជីវិតសម្តេចតេជោនាយករដ្ឋមន្ត្រី ។
នគរបាលខេត្តព្រៃវែងបញ្ជាក់ថា សមត្ថកិច្ចបានឃាត់ខ្លួនយុវជន សាម ភាព នៅចំណុចផ្ទះយុវជននេះតែម្ដង។ នៅដំណាក់កាលសមត្ថកិច្ចយុវជនរូបនេះ និយាយថា «ចាប់ខ្ញុំនេះ ខ្ញុំដឹងតើ ខ្ញុំមិនមែនរកស៊ីគ្រឿងញៀនទេ គឺចាប់ជេររដ្ឋាភិបាល»៕