(ព្រះសីហនុ)៖ បន្ទាប់ពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញបទបញ្ជា និងឲ្យអនុវត្តវិធានការ បង្ក្រាបល្បែងស៊ីសងខុសច្បាប់ តាមមូលដ្ឋាននោះ ជាក់ស្ដែងកម្លាំងនគរបាលខេត្តព្រះសីហនុ បានចុះប្រតិបត្តិការបង្ក្រាបល្បែងស៊ីបាន ២៤កន្លែង ឃាត់ខ្លួនបានមនុស្ស៦១នាក់។
ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើង រយៈពេល៣ថ្ងៃ ពោលចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦នេះ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ដែលដឹកនាំកម្លាំងនគរបាលផ្ទាល់ចុះបង្ក្រាបល្បែងសីុសងខាងលើនេះ បានឲ្យដឹងថា ល្បែងស៊ីសង២៤កន្លែងដែលបង្ក្រាបបាននេះ រួមមាន៖ បៀ១៧កន្លែង, កត់ន្ទុយលេខ២កន្លែង, អាប៉ោង១វង់, ខ្លាឃ្លោក៣វង់, ឡូតូ១វង់ និងស្ទូចគម្របប្រេងកូឡា១វង់។
លោកស្នងការបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចរបស់លោក ឃាត់ខ្លួនបានមនុស្ស៦១នាក់ ក្នុងនោះស្រី៣៩នាក់ ដកហូតបានបៀ៦៣ហ៊ូ លុយ៩៦,០០០រៀល និងសម្ភារៈមួយចំនួនទៀត។
បើតាមលោកស្នងការ កម្លាំងនគរបាលរបស់លោក នឹងបន្ដចុះអប់រំណែនាំ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅតាមមូលដ្ឋាន ឲ្យដូចភ្លៀងរលឹម។ ជាមួយគ្នានេះ កម្លាំងនគរបាលជំនាញ ក៏បានធ្វើការអប់រំដល់ម្ចាស់ផ្ទះ-តូប ត្រូវបញ្ឈប់ជាបន្ទាន់ ក្នុងការប្រព្រឹត្តល្បែងស៊ីសង បើមិនដូច្នេះទេសមត្ថកិច្ច នឹងចាត់វិធានការតាមផ្លូវច្បាប់៕