(ភ្នំពេញ)៖ សហគមន៍នេសាទជាច្រើនដែលបង្កើតឡើងក្រោយរាជរដ្ឋាភិបាល សំរេចធ្វើការរំសាយឡូត៍នេសាទនៅទូទាំងប្រទេសចោល ដើម្បីទុកលទ្ធភាពឲ្យប្រជាពលរដ្ឋធ្វើការនេសាទជាលក្ខណៈគ្រួសារបង្កើនជីវភាពនោះ ត្រូវបានគេមើលឃើញថាភាគ ច្រើនបានក្លាយទៅជាមេបង្កើតបទល្មើសនេសាទ និងធ្វើជាខែលការពារអោយអតីតថៅកែឡូត៍នេសាទធ្វើអាជីវកម្មនេសាទនៅ លើទីតាំងអតីតដែននេសាទ និងទីតាំងដែលសហគមន៍គ្រប់គ្រងដដែល ជាថ្នូរទៅនឹងការទទួលបានផលប្រយោជន៍តិចតួច ខណៈប្រជាពលរដ្ឋភាគច្រើនលើសលប់គ្មានលទ្ធភាពធ្វើការនេសាទទ្រង់ទ្រាយធំដូចឈ្មួញបាន។
សូមបញ្ជាក់ថានៅក្រោយខែមិនា ឆ្នាំ២០១២ បន្ទាប់ពីរាជរដ្ឋាភិបាលចេញអនុក្រឹត្យរំសាយដែនឡូត៍នេសាទនៅទូទាំងប្រទេស ដែលកន្លងមកគ្រប់គ្រងដោយឈ្មួញតាមរយៈការដេញថ្លៃ ដើម្បីទុកលទ្ធភាពឲ្យប្រជាពលរដ្ឋធ្វើការរកទទួលទានជាលក្ខណៈគ្រួសាររួចមក នៅតាមមូលដ្ឋានដែលធ្លាប់ជាដែននេសាទជាច្រើន អាជ្ញាធរភូមិឃុំបានបង្កើតទៅជាសហគមន៍នេសាទក្នុងន័យការពារធនធានមច្ឆជាតិ នៅក្នុងសហគមន៍ភូមិឃុំរបស់ខ្លួន។ ប៉ុន្តែក្រោយមកជ្រកក្រោមផ្លាកធ្វើការអភិវឌ្ឍន៍ភូមិឃុំ មន្ត្រីអាជ្ញាធរភូមិឃុំជាច្រើនកន្លែង ដែលមានដែនឡូត៍នេសាទ រួមទាំងបឹង ព្រែក និងតំបន់វាលទំនាបលិចទឹកផងនោះ បានឃុបឃិតគ្នាជាមួយសហគមន៍យកទៅដេញថ្លៃ លក់ ជួលឲ្យពួកឈ្មួញធ្វើអាជីវកម្មនេសាទ ជាថ្នូរនឹងការទទួលបានថវិកាយកមកធ្វើការអភិវឌ្ឍន៍ភូមិ ឃុំរបស់ខ្លួនដូចជាជួសជុល ផ្លូវជាដើម។ ប៉ុន្តែថវិកាដែលមន្ត្រីអាជ្ញាធរទទួលបានយកទៅអភិវឌ្ឍ គឺវាមានចំនួនតិចតួចបំផុតនៅពេលដែលលុយខ្មៅ ដែលពួកមន្ត្រី និងសហគមន៍ទទួលបានពីឈ្មួញយកទៅចែកគ្នាមានចំនួនច្រើនសន្ធឹកសន្ធាប់។ មិនតែប៉ុណ្ណោះឈ្មួញភាគច្រើនក្រោយទទួលបានសិទ្ធិពីអាជ្ញាធរ ពីសហគមន៍ហើយ គឺចាប់ផ្ដើមធ្វើការនេសាទទាំងស្របច្បាប់ ទាំងល្មើសច្បាប់ធ្វើយ៉ាងណាអោយតែចាប់ត្រីបានច្រើន ចំណេញលុយច្រើនទុកចែកគ្នា។ ចំណែកប្រជាពលរដ្ឋក្រីក្រដែលជាអ្នកនេសាទចិញ្ចឹមជីវិតវិញ គឺពួកគាត់គ្មានលទ្ធភាពទិញ ឧបករណ៍នេសាទប្រភេទធំៗ យកទៅនេសាទដើម្បីអោយមានជីវភាពធូរធាបានឡើយ គឺមានតែឈ្មួញ និងមន្ត្រីអាជ្ញាធរប៉ុណ្ណោះ ដែលមានលទ្ធភាព។
នៅក្នុងភូមិសាស្ត្រអតីតដែនឡូត៍នេសាទលេខ១១ ក្នុងស្រុកលើកដែក ខេត្តកណ្ដាល ក្រោយរាជរដ្ឋាភិបាលប្រកាសរំសាយដែនឡូត៍នេសាទ មន្ត្រីអាជ្ញាធឃុំសណ្ដារ និងឃុំក្អមសំណរ បានបង្កើតសហគមន៍នេសាទការពារមច្ឆជាតិមួយឡើងក្រោមរូបភាពការពារ ដែនឡូត៍អភិរក្សនៅក្នុងឃុំសណ្ដារ តែសហគមន៍នេះបានប្រើរូបភាពសហគមន៍ដោយមានការគាំទ្រពីមន្ត្រីអាជ្ញាធរឃុំ ស្រុក ខេត្ត បានរត់ការស្នើទៅក្រសួងកសិកម្មសុំធ្វើការដាក់ធ្នស់ យ៉ ដើម្បីចាប់យកត្រីមកដោះស្រាយជីវភាពសហគមន៍ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន តែតាមពិតក្រោយពីសុំច្បាប់បានហើយ តាមដឹងសហគមន៍មិនបានធ្វើការនេសាទខ្លួនឯងនោះទេ គឺយកច្បាប់នេះទៅលក់ឲ្យជនជាតិវៀតណាមចូលមកធ្វើការនេសាទ ព្រោះតែជនជាតិវៀតណាមមានជំនាញជាង គឺចាប់យកត្រីទាំងតូចទាំងធំគឺចាប់បំផ្លាញតែម្ដង ដោយសារទីតាំងនេសាទនៅជាប់ព្រំដែនស្រាប់ គឺថ្នាក់លើពិបាកក្នុងការចុះទៅត្រួតពិនិត្យធ្វើឲ្យពួកអ្នកនេសាទ និងសហគមន៍ រួមទាំងមន្ត្រីមូលដ្ឋានធ្វើអ្វីៗ តាមតែអំពើចិត្ត។ ក្នុងនោះតាមដឹងគ្រាន់តែសហគមន៍ចេញមុខរត់ការសុំច្បាប់នេសាទភ្លាម តាមអ្នកដឹងរឿង បានអះអាងថាក្រុមឈ្មួញវៀតណាម បានកក់លុយមុនរហូតដល់ទៅ ៣០០លានដុង ស្មើប្រមាណ ១៥,០០០ដុល្លារ ដើម្បីយកទៅរត់ការទៀតផង។ ហើយពេលបានច្បាប់ យ៉ាងហោចណាស់ក៏គេលក់បានរាប់សែនដុល្លារដែរ ព្រោះនៅទីតាំងដែលសហគមន៍សុំច្បាប់នេសាទខាងលើ ជាសំបុកត្រី និងសំបុកបង្កងតែម្ដង។
ឧទាហរណ៍បច្ចុប្បន្ន គេឃើញខាងសហគមន៍នេសាទការពារមច្ឆជាតិសណ្ដារ បានរត់ការតាមរយៈអាជ្ញាធរ និងមន្ត្រីជំនាញសុំដាក់ធ្នស់ យ៉ មានក្រឡាសាច់មងទៅតាមច្បាប់ជលផលកំណត់នៅតំបន់ដែននេសាទក្បែរព្រំដែនចំនួន៦ទីតាំង មានរយៈពេល ៣ឆ្នាំ គឺពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩ តែនៅពេលដែលច្បាប់មិនទាន់ត្រូវបានក្រសួងកសិកម្មអនុញ្ញាតផង ខាងសហគមន៍ចាប់ផ្ដើមរាយរបាំងធ្នស់ យ៉ចាប់ត្រី បណ្ដើរៗទៅហើយ។
ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ ម្សិលមិញនេះ ខណៈព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល លោក លឹម សុគន្ថា ដឹកនាំសមត្ថកិច្ចនគរបាល និងអាវុធហត្ថស្រុកកោះធំចុះបង្ក្រាបបទល្មើសនេសាទទៅដល់អតីតឡូត៍នេសាទលេខ១១ កន្លែងសហគមន៍ នេសាទការពារមច្ឆជាតិសណ្ដារ ឈរជើង គេឃើញមានឧបករណ៍នេសាទអត់ច្បាប់ និងល្មើសច្បាប់ជាច្រើនត្រូវបានគេដាក់ចាប់ត្រីនៅ ពេញផ្ទៃទឹកដែលរួមមានធ្នស់ យ៉ និងរបាំងស្បៃមុង លូស្បៃមុងមួយកន្លែងៗមានប្រវែងរាប់រយ រាប់ពាន់ម៉ែត្រ។ ក្នុងនោះទំនងមានអ្នក រាយការណ៍ថាព្រះរាជអាជ្ញាដឹកនាំកំលាំងចុះបង្ក្រាប ស្រាប់តែលេចវត្តមានមេឃុំក្អមសំណរ មេឃុំសណ្ដារ និងមេសហគមន៍នៅទីនោះដែរ រួមតាំងហៅនគរបាលប៉ុស្ដិ៍ទៅចូលរួមទាំងគ្នាមិនដឹងរឿងទៀតផង។ គ្រាន់តែឃើញក្រុមចំរុះ លោកមេឃុំក្អមសំណរ បានយកសំណើសុំច្បាប់ដាក់ឧបករណ៍នេសាទ ដែលរដ្ឋមន្ត្រីក្រសួងកសិកម្មមិនទាន់ចុះហត្ថលេខា មកបង្ហាញលោកព្រះរាជអាជ្ញាដោយមានរៀបរាប់ពីហេតុផលជាច្រើន អមជាមួយផងប្រៀបដូចគាត់ជាអ្នកស្នេហាជាតិមួយរូប ដោយលោកមេឃុំលើកឡើងថាច្បាប់គង់តែបានទេ ដូចនេះត្រូវតែរៀបចំដាក់អួន ដាក់យ៉ចាប់ត្រីបណ្ដើរៗកុំអោយខាតពេល តែក្រោយពីលោកព្រះរាជអាជ្ញាជិះល្បាតប្រទះឃើញរបាំងស្បៃមុង និងលូស្បៃមុងរាប់ពាន់រាប់ម៉ឺនម៉ែត្រ ដែលជាឧបករណ៍នេសាទហាមឃាត់ដាក់ដោយមន្ត្រីសហគមន៍ពេញផ្ទៃទឹក ក្រោយពីធ្វើការរុះរើ និងចាក់លែងកូនត្រីចូលទៅក្នុងបឹងធម្មជាតិវិញ និងអោយមន្ត្រីសហគមន៍ធ្វើកិច្ចសន្យារុះរើរបាំងស្បៃមុងក្នុងរយៈពេល ៥ថ្ងៃឲ្យអស់ និងសូមអោយប្រើប្រាស់ឧបករណ៍នេសាទដែលច្បាប់អនុញ្ញាតរួចមក ហើយជិះវិលត្រឡប់មករកមេឃុំក្អមសំណរវិញ ស្រាប់បាត់គាត់មិនដឹងគេចទៅបាត់តាំងពីថ្មើណា! ទំនងដឹងថាក្រុមចំរុះទៅរកឃើញឧបករណ៍នេសាទដែលច្បាប់ហាមឃាត់ ខ្លាចឆ្លើយដោះសារមិនរួច ហើយមើលទៅបានជាប្រញាប់ទៅលឿនបែបនេះ។
ដូច្នេះសរុបសេចក្ដីមកករណីសហគមន៍នេសាទ មន្ត្រីអាជ្ញាធរ សមត្ថកិច្ចថ្នាក់លើគួរតែធ្វើការពិនិត្យមើលឲ្យបានត្រឹមត្រូវផង ពេលខ្លះសហគមន៍គេបង្កើតឡើងគ្រាន់តែជាខែលបិទបាំងបទល្មើសទទួលបានផលប្រយោជន៍តែមន្ត្រីអាជ្ញាធរ និងឈ្មួញតែប៉ុណ្ណោះ។ ចំណែកប្រជាពលរដ្ឋក្រីក្រនៅតែទទួលបានផលទៅតាមសមត្ថភាពរបស់ខ្លួនដដែលជាដដែល៕
រូបកាន់ទូរស័ព្ទមើល គឺលោកមេឃុំក្អមសំណរ ខណៈទៅរាយរាប់ប្រាប់ព្រះរាជអាជ្ញា ដើម្បីការពារសហគមន៍ ដែលដាក់របាំងស្បៃមុងចាប់កូនត្រីពេញផ្ទៃទឹកបឹង