(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដាក់ចេញនូវអនុសាសន៍ណែនាំ​ ៦ចំណុច ដើម្បីឱ្យសហគមន៍បងប្អូនខ្មែរឥស្លាម ទទួលបាននូវការីកចម្រើនបន្ថែមទៀត ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា នឹងយក​ចិត្តទុកដាក់ និងផ្តល់សេរីភាពជំនឿសាសនាយ៉ាងទូលំទូលាយនៅកម្ពុជា។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីពិសាអាហារ​ស្រាយ​បួសខែរ៉ាម៉ាឌន នាល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល​តែងតែ​យក​ចិត្តទុកដាក់ និងផ្តល់សេរីភាពជំនឿសាសនាយ៉ាងទូលំទូលាយដ​ល់​ប្រជា​ជនទូទៅ ដែលឈរលើមូលដ្ឋាននៃការពង្រឹងសុខដុមនីយកម្ម​សាស​និក នៃគ្រប់និកាយសាសនា​ ប្រឆាំងនូវរាល់ទង្វើរើសអើងសំដៅ​ទប់ស្កាត់​ការ​យកសាសនា ទៅធ្វើអាជីវកម្មដែលអាចបង្កវិបត្តិសាសនានៅកម្ពុជា។

ដើម្បីឱ្យសហគមន៍បងប្អូនខ្មែរឥស្លាម ទទួលបាននូវការីកចម្រើនបន្ថែមទៀត សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានដាក់ចេញនូវអនុសាសន៍ណែនាំមួយចំនួន ដូចខាងក្រោម៖

ទី១៖ ថ្នាក់ដឹកនាំខ្មែរឥស្លាម និងសាសនិកឥស្លាមទាំងអស់ ត្រូវបន្តសហការប្រកប​ដោយសាមគ្គីភាព និងមិត្តភាពព្រមទាំងមានទំនាក់ទំនងល្អ ជាមួយសហគមន៍ សាសនាដទៃទៀត, ទាំងក្នុងថ្នាក់ជាតិ-អន្តរជាតិ, ដោយឈរលើគោលការណ៍ សុខដុមនីយកម្មជាតិសាសន៍ និងសាសនា។

ទី២៖ សូមបន្តរៀបចំដឹកនាំកិច្ចការសាសនា ក្នុងសហគមន៍ខ្មែរឥស្លាម តាមរយៈ កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងធម្មការ និងសាសនា និងអាជ្ញាធរមាន សមត្ថកិច្ចតាមលំដាប់ថ្នាក់។

ទី៣៖ អាជ្ញាធរមានសមត្ថកិច្ចត្រូវជួយសម្រួលលើការសាងសង់សាលារៀន វិហារឥស្លាម (ម៉ាស្និទ-ស៊ូរ៉ាវ) ជូនបងប្អូនខ្មែរឥស្លាម ដោយត្រូវអនុវត្តឱ្យបាន ខ្ជាប់ខ្ជួននូវសេចក្តីជូនដំណឹងស្តីអំពីការកំណត់ និងការកសាងទីកន្លែងប្រតិបត្តិ សាសនា ទៅតាមបណ្តាភូមិ និងមានសាសនិកខ្មែរឥស្លាមរស់នៅឱ្យស្របតាម ក្រឹត្យក្រមច្បាប់សាសនាឥស្លាម ដែលបានកំណត់ និងអនុវត្តតាមបច្ចេកទេស ទៅតាមសា្ថប័នមានសមត្ថកិច្ច។

ទី៤៖ សូមបង្កើនសកម្មភាពសង្គម តាមរយៈកិច្ចការងារមនុស្សធម៌, សុខុមាលភាព, ការអប់រំ, ការអភិវឌ្ឍ និងសកម្មភាពសាសនា ដោយឈរលើគោលការណ៍នៃ ជំនឿឥស្លាម និងគោរពតាមរដ្ឋធម្មនុញ្ញ​។

ទី៥៖ សូមបន្តជឿជាក់ និងគាំទ្រលើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលបានធានា យ៉ាងពេញលេញនូវសិទ្ធិសេរីភាពខាងសាសនាឥស្លាមនៅកម្ពុជា តាមរយៈ
សាមគ្គីភាពជាមួយសាសនិកដទៃ ដើម្បីភាពសុខដុមនីយកម្មជាតិសាសន៍ និងសាសនា។

ទី៦៖ សូមបន្តកិច្ចសហប្រតិបត្តិការកម្រិតជាតិ-អន្តរជាតិ ដើម្បីកៀរគរថវិកា និងបច្ចេកទេសសម្រាប់គាំទ្រដល់សកម្មភាពអភិវឌ្ឍសហគមន៍ខ្មែរឥស្លាម ​ដើម្បីចៀសវាងការយកសាសនាសម្រាប់ធ្វើអាជីវកម្ម, បង្កើតបញ្ហាមិនល្អ, បែកបាក់សាមគ្គី និង ភាពជ្រុលនិយមក្នុងសហគមន៍​៕