(ស្វាយរៀង)៖ លោកនាយឧត្តសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកចន្ទ្រា និងក្រុងបាវិត និងលោកស្រីព្រមទាំងក្រុមការងារ បានអញ្ជើញចូលរួមក្នុងកម្មវិធី ដកឫសសីមារុះរើព្រះវិហារចាស់កសាងព្រះវិហាថ្មី នៅវត្តបទុមរង្សី ហៅវត្តចេក ស្ថិតក្នុងឃុំសំរោង ស្រុកចន្ទ្រា កាលពីព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ ដែលមានប្រជាពលរដ្ឋ និងក្រុមសមាគមន៍អ្នករត់ម៉ូតូឌុប ប្រមាណជាង១ពាន់នាក់ផងដែរ។
ថ្លែងនៅក្នុងពិធីនោះលោកនាយឧត្តមសេនី ម៉ឹង សំផន បានធ្វើការកោតសរសើរដល់អាជ្ញាធរដែនដី កងកំលាំងប្រដាប់អាវុធ គ្រប់ប្រភេទដែលបានខិតខំ ការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋបានល្អប្រសើរ។
លោកនាយឧត្តមសេនីយ៍បានបន្តទៀតថា ប្រជាពលរដ្ឋខ្មែរយើងសព្វថ្ងៃនេះ កំពុងគោរពប្រតិបត្តិ កាន់សាសនាព្រះពុទ្ធ៩៥ភាគរយដូច្នេះ ទីវត្តអារាមគឺជាទីកន្លែង ដែលពុទ្ធបរិស័ទ នាំគ្នាទៅធ្វើបុណ្យ ធ្វើទានហើយនៅវត្តបទុមរង្សីនេះ ក៏មានសមិទ្ធផលជាច្រើនក្នុងនោះព្រះវិហារចាស់ មានសភាពទ្រឌទ្រោម ទើបរូបលោក
នាយឧត្តមសេនីយ៍ និងលោកស្រីព្រមទាំងក្រុមការងារ បានគៀងគរគ្នាកសាងព្រះវិហារថ្មីទ្បើងវិញ ដើម្បីជាប្រយោជន៍ បំរើឱ្យវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។
លោកនាយឧត្តមសេនីយ៍ម៉ឹង សំផន ក៏បានជំរុញនិងធ្វើការក្រើនរំលឹកដល់ក្រុមអ្នករត់ម៉ូតូឌុបទាំងអស់ នៅស្រុកចន្ទ្រា ត្រូវចេះសាមគ្គីគ្នា និងគោរពច្បាប់ចរាចរណ៍ ពិសេសពាក់មួកសុវិត្ថភាពជាប្រចាំក្នុងពេលបើកបរ។
នៅក្នុងឱកាសនោះដែរ លោកនាយឧត្តមសេនីយ៍ ក៏បានចែកមួកសុវត្ថិភាពដល់ក្រុមអ្នករត់ម៉ូតូឌុប និងប្រជាពលរដ្ឋក្រុមយុវជនដែលបានចូលរួមនៅក្នុងពិធីនោះផងដែរ៕