(កណ្តាល)៖ លោកទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ៧៦កន្លែង ដល់កូនអ្នកស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯង សម្រាប់ឆ្នាំសិក្សា ២០១៦-២០១៧។ អាហារូបករណ៍នេះត្រូវបានលោកបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសជូនលោកគ្រូ អ្នកគ្រូ ព្រមទាំងអាណាព្យាបាល សិស្សក្នុងស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯមនាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦នេះ។
ក្នុងឱកាសនោះលោកបណ្ឌិត ហ៊ាន សាហ៊ីប បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ចំពោះបងប្អូនប្រជាពលរដ្ឋ មន្រ្តីគ្រប់លំដាប់ថ្នាក់ ពិសេសលោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្សទាំងអស់ ដែលមានវត្តមានក្នុងអង្គពិធីទាំងមូល។
លោកបានថ្លែងគូសបញ្ជាក់ថា ជានិច្ចកាលលោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់លោកយាយ លោកតា និង ប្រជាពលរដ្ឋ នៅស្រុកខ្សាច់កណ្តាល និង ស្រុកល្វាឯម និង បានណែនាំជាប់ជាប្រចាំឱ្យថ្នាក់ដឹកនាំ និង មន្ត្រីក្រោមឱវាទយកចិត្តទុកដាក់ និង ផ្តល់អាទិភាពខ្ពស់ចំពោះការដោះស្រាយការលំបាក និង សំណូមពររបស់ប្រជាជន។
លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល បានឲ្យថា កម្មវិធីអាហារូបករណ៍របស់លោកទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានប្រព្រឹត្តធ្វើឡើងតាំងពីឆ្នាំ២០០៣ រហូតដល់ឆ្នាំ២០១៦នេះ មានរយៈពេល ១៣ឆ្នាំហើយ។ កម្មវិធីនេះបានផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិត នៅស្រុកខ្សាច់កណ្តាលចំនួន ៥៧១នាក់ (ស្រី ២៧២នាក់) ហើយចំនួនអាហារូបករណ៍មានការកើនឡើងជាបន្តបន្ទាប់។
សិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលចូលរួមក្នុងកម្មវិធីអាហារូបករណ៍ឆ្នាំនេះមានចំនួន ៣១០ នាក់ ក្នុងនោះសិស្សមកពីស្រុកខ្សាច់កណ្តាលមានចំនួន ២៤០នាក់ សិស្សមកពីស្រុកល្វាឯមមានចំនួន ៧១នាក់ តែអ្នកដែលប្រឡងជាប់មានចំនួន ៧៦នាក់។ ដោយឡែកសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០១៥-២០១៦ របស់ស្រុកខ្សាច់កណ្តាលមានអត្រា ៦២,៧៥% ទទួលបានចំណាត់ថ្នាក់លេខ១ នៅទូទាំងខេត្តកណ្តាល។
បន្ថែមពីលើនេះ លោកបណ្ឌិត ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរបស់សិស្សទាំងពីរស្រុកនេះ គឺជាផ្លែផ្កាដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់សិស្ស មាតា បិតា អាណាព្យាបាល និង លោកគ្រូ អ្នកគ្រូ ដោយពិតប្រាកដ រួមជាមួយនឹងកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងគុណភាពអប់រំរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។
លោក ហ៊ាន សាហ៊ីប បានបញ្ជាក់ថា «ប្រការនេះ ជាការផ្លាស់ប្តូរពីបរិមាណទៅគុណភាព ដែលកើតចេញពីសុខសន្តិភាពពេញលេញទូទាំងប្រទេស។ នេះគឺជា ការផ្លាស់ប្តូរដែលយើងចង់បាន ព្រោះវាបាននាំមកនូវការអភិវឌ្ឍ, ធ្វើឱ្យសិស្សានុសិស្ស និង យុវជនទទួលបានការសិក្សាអប់រំ និង បង្កើតបាននូវសមិទ្ធិផលជាច្រើន ដូចយើងបានឃើញជាក់ស្តែងថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់, សាលារៀន, មន្ទីរពេទ្យ និង ប្រព័ន្ធធារាសាស្រ្ត ជាដើម ត្រូវបានកសាងឡើង សម្រាប់បម្រើដល់ផលប្រយោជន៍សាធារណៈ និង ប្រជាជនទាំងអស់»។
លោកបណ្ឌិត ហ៊ាន សាហ៊ីប បានបន្ថែមថា ការផ្លាស់ប្តូរដូចមានជាអាទិ៍ ការផ្លាស់ប្តូរដូចមាននៅ មជ្ឈឹមបូព៌ា ដែលមានគោលដៅផ្លាស់ប្តូររបបដឹកនាំនយោបាយ បានធ្វើឱ្យប្រទេសជាតិជួបប្រទះនូវការបំផ្លិចបំផ្លាញ, ប្រទេសជាតិជួបការលំបាក និង ឈានទៅរកភាពអន់ថយជាលំដាប់។ នេះជាឧទាហរណ៍ជាក់ស្តែងដែលលោកបណ្ឌិតបានរំលឹកដល់អង្គពិធី និង អំពាវនាវដល់ប្រជាជន ពិសេសយុវជន ចូលរួមចំណែកក្នុងការកសាង និង ថែរក្សាសន្តិភាព និង សមិទ្ធិផលនានា ដែលរាជរដ្ឋាភិបាលកម្ពុជា និង ប្រជាជនទូទាំងប្រទេសសម្រេចបានជាច្រើនឆ្នាំកន្លងមក ។
លោកបណ្ឌិត ហ៊ាន សាហ៊ីប ក៏បានវាយតម្លៃខ្ពស់ និង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈ ចាត់តាំងកម្មវិធី ពិសេស លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ និង គណៈធិបតីគណៈពង្រឹងគ្រប់ឃុំ ដែលបានរៀបចំ និង ចូលរួមក្នុងកម្មវិធីផ្តល់អាហារូបករណ៍ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ថ្នាក់បរិញ្ញាបត្រឆ្នាំ ២០១៦ ។ ជាមួយនេះ លោកបណ្ឌិត ក៏បានសម្តែងអំណរសាទរចំពោះសិស្សានុសិស្សទាំង ៧៦នាក់ ដែលបានទទួលអាហារូបករណ៍ សម្រាប់ការបន្តការសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំសិក្សា ២០១៦-២០១៧ នៅតាមសកលវិទ្យាល័យ និងវិទ្យាស្ថាននានា និងបានផ្តាំផ្ញើឱ្យក្មួយៗខិតខំ ប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេស និង ចូលបម្រើការងារតាមក្រសួង ស្ថាប័ននានា ដូចមាន ជាក់ស្តែង កន្លងមកនេះ មានសិស្សអាហារូបករណ៍ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ជាច្រើនរូបទទួលបានជោគជ័យ និង កំពុង បម្រើការងារក្នុងក្រសួង ស្ថាប័ននានារបស់រាជរដ្ឋាភិបាល៕