(ភ្នំពេញ)៖ សមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ កាលពីវេលាថ្ងៃត្រង់ទី២៩ ខែតុលា បានបញ្ជូនយុវជនម្នាក់មកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរពីដំណើររឿងបង្ហោះវីដេអូតាមហ្វេសប៊ុកដាក់បណ្តាសាប្រមាថអាយុជីវិតសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ។ បច្ចុប្បន្នយុវជនរូបនេះ កំពុងស្ថិតក្រោមការសាកសួររបស់លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
យុវជនរូបនេះ ត្រូវបាននគរបាលខេត្តព្រៃវែង ឃាត់ខ្លួនរួចបញ្ជូនមកក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២៧ ខែតុលា តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
យោងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឲ្យឈ្មោះ សាម ភាព អាយុ២៧ឆ្នាំ មានទីលំនៅភូមិបឹងជ័រ ឃុំព្រៃទទឹង ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ឲ្យចូលបង្ហាញខ្លួននៅ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ ឲ្យបានមុនថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ដើម្បីសាកសួរបំភ្លឺ ពាក់ព័ន្ធនឹងករណី ប្រើទំព័រហ្វេសប៊ុកបង្ហោះវីដេអូឃ្លីបដាក់បណ្តាសាប្រមាថអាយុជីវិតសម្តេចតេជោនាយករដ្ឋមន្ត្រី ។
នគរបាលខេត្តព្រៃវែង បញ្ជាក់ថា សមត្ថកិច្ចបានឃាត់ខ្លួនយុវជន សាម ភាព នៅចំណុចផ្ទះយុវជននេះតែម្ដង ។
នៅដំណាក់កាលសមត្ថកិច្ច យុវជនរូបនេះ និយាយថា «ចាប់ខ្ញុំនេះ ខ្ញុំដឹងតើ ខ្ញុំមិនមែនរកសីុគ្រឿងញៀនទេ គឺចាប់ជេររដ្ឋាភិបាល»៕