(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសតែងតាំង លោក ជីញ គួង ជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពត ដើម្បីជំនួសតំណែង លោក លឹម សំបូរ ដែលជាប្រធានចាស់ ដែលត្រូវទៅបម្រើការជាមន្ដ្រី នៅនាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន។
តាមសេចក្ដីប្រកាសរបស់ក្រសួងសាធារណការ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា «តែងតាំងលោក ជីញ គួង ពីអនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ ជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពត ជំនួសលោក លឹម សំបូរ។ ផ្ទេរភារកិច្ចលោក លឹម សំបូរ ពីប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពត ឲ្យទៅបម្រើការងារជា មន្ត្រីនៅនាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ»។
ក្រសួងសាធារណ និងដឹកជញ្ជូន បញ្ជាក់ដែរថា បៀវត្សមូលដ្ឋាន និងប្រាក់បន្ទាប់បន្សំនៃបៀវត្សរបស់សាម៉ីខ្លួន ត្រូវផ្ទេរទៅអង្គភាពថ្មី បន្ទាប់ពីអង្គភាពដើមបានចេញ វិញ្ញាបនប័ត្រផ្ដាច់ប្រាក់បៀវត្សរួច៕