(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែតុលានេះព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មន្រ្តីជាន់ខ្ពស់ដ៏សំខាន់មួយរូបរបស់គណបក្សសង្រ្គោះជាតិ បានបន្តបើកការវាយប្រហារចំៗតែម្តង ចំពោះមេដឹកនាំកំពូល២រូប របស់គណបក្សប្រឆាំងគឺលោក សម រង្ស៊ី និង កឹម សុខា ថា ជាមេភូតភរបោកបញ្ឆោតប្រជាពលរដ្ឋ នឹងការម្សិលមិញព្រមានចាកចេញពី ព្រោះគណបក្សនេះពោរពេញដោយបក្ខពួកនិយម និងធ្វើការគ្មានប្រព័ន្ធត្រឹមត្រូវ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានបញ្ជាក់នៅលើ Facebook នៅថ្ងៃសៅរ៍នេះយ៉ាងដូច្នេះថា «សម រង្សី និង កឹម សុខា ជាមនុស្សតែមួយ។ យើងរួបរួមគ្នា កសាងសាមគ្គី ឯកភាពជាតិ។ ពាក្យទាំងអស់នោះហើយ ដែលជាការភូតភរបោកបញ្ឆោត ប្រជាពលរដ្ឋព្រោះការជាក់ស្តែង គឺរៀបចំវាយប្រហារគ្នា ជាប្រព័ន្ធ» សំនួរសួថា..១.នរណានៅក្រោយខ្នង? ២.តើគួកែទម្រង់ឬអត់?»។
ការមានបន្ទូលវាយប្រហារចំៗដោយគ្មានញញើត ដល់មេដឹកនាំកំពូលទាំងពីរនេះ ធ្វើឡើងបន្ទាប់ពីមានម្សិលមិញ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ក៏បានប្រកាស ព្រមានចាកចេញពីគណបក្សសង្រ្គោះជាតិ ព្រោះតែគណបក្សនេះពោរពេញដោយបក្ខពួកនិយម និងកុហកភូតភរ បោកបញ្ឆោតប្រជារាស្រ្ត ព្រមទាំងធ្វើការគ្មាន ប្រព័ន្ធត្រឹមត្រូវ។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មានព្រះបន្ទូលយ៉ាងដូច្នេះថា៖ «ខ្ញុំមិនទាន់សម្រេចចិត្ត (ដើរចេញ)ទេ ប៉ុន្តែភាគច្រើនគឺនឹងទៅអញ្ចឹងហើយ ព្រោះអីខ្ញុំមិនអាចយកព្រះកិត្តិនាម ព្រះកិត្តិយសរបស់រាជវង្សដែលបានបាត់បង់ជីវិត ដើម្បីបុព្វហេតុជាតិ យកមកកំដរការភូតភរ និងបោកបញ្ឆោតប្រជារាស្រ្ត តទៅទៀតបានទេ»។
ព្រះអង្គម្ចាស់ បានមានព្រះបន្ទូលបន្ថែមយ៉ាងដូច្នេះថា «សព្វថ្ងៃនេះ គណបក្សសង្រ្គោះជាតិ មិនបានធ្វើការជាប្រព័ន្ធទេ តែជាការធ្វើការជាក្រុម ជាបក្ខពួក អត់មានដើរទៅមុខរួចទេ ម្នាក់នេះថាអញ្ចេះ ម្នាក់នោះថាអញ្ចុះ អត់មានដើរទៅមុខរួចទេ។ ខ្លួនប្រកាសថាខ្លួនឯងបង្រួបបង្រួមជំហរទាំងអស់ ប៉ុន្តែជំហររបៀបម៉េចបើមានតែបក្សពួកមានក្រុម ដូច្នេះវាផ្ទុយគ្នា អាហ្នឹងហើយដែលខ្ញុំថា កុហកភូតភរបោកបញ្ឆោតប្រជារាស្រ្ត»។
ទន្ទឹមគ្នានឹងការព្រមានដើរចេញពីគណបក្សសង្រ្គោះជាតិ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែលជាមន្រ្តីជាន់ខ្ពស់មួយរូបនៅក្នុងគណបក្សប្រឆាំងនេះ បានអះអាងថា រឿងកញ្ញា កឹម មនោវិទ្យា កូនស្រីរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ រិះគន់លោក សម រង្ស៉ី នាថ្មីៗនេះ គឺជានិម្មិតរូបនៃបញ្ហាផ្ទៃក្នុង របស់គណបក្សសង្រ្គោះជាតិ។ នេះបើយោងតាមកិច្ចសម្ភាសន៍រវាង Fresh News ជាមួយព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ នៅល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦នេះ៕