(កំពង់ធំ)៖ ស្របពេលដែលបុណ្យចូលឆ្នាំថ្មី ខិតជិតមកដល់ខេត្តកំពង់ធំ បានរៀបចំសង្ក្រាន្តកំពង់ធំ និងបានរៀបចំតុបតែងតាមទីកន្លែងមួយចំនួន ដើម្បីកម្សាន្តអារម្មណ៍របស់បងប្អូនក៏ដូចជាការទាក់ទាញភ្ញៀវទេសចរមកទស្សនា ក៏ដូចជាថតរូបទុកជាអនុស្សាវរីយ៍ ក្នុងនោះដែររដ្ឋបាលស្រុកតាំងគោក ក៏បានរៀបចំនូវកន្លែងសម្រាប់ថតរូប ទុកជាអនុស្សាវរីយ៍របស់ស្រុកតាំងគោកដែលមានឈ្មោះថា «តាំងគោកជំរកស្នេហ៍» ដែលផ្ដួចផ្ដើមដោយរដ្ឋបាលស្រុក។
លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានបញ្ជាក់ថា រដ្ឋបាលស្រុកពិតជាមានសំណាង ដែលរដ្ឋបាលបាលខេត្តបានផ្តល់ឱកាសបានរួមចំណែកជាមួយរដ្ឋបាលខេត្ត និងការរៀបចំនៅព្រឹត្តិការណ៍នេះឡើង ដើម្បីរួមចំណែកក្នុងការលើកស្ទួយវិស័យទេសចរណ៍ ក្នុងការផ្ដល់ឱកាសឲ្យបងប្អូនបានចូលរួមសប្បាយរីករាយពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងបរិបទដែលប្រទេសជាតិមានសុខសន្តិភាពនិងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងអស់នេះគឺជាសកម្មភាពរបស់បងប្អូនក្នុងស្រុកដែលបានចូលរួមរៀបចំការតុបតែងឲ្យក្លាយជាសមិទ្ធផលដែលមានការចូលរួម ពីព្រះសង្ឃ ប្រជាពលរដ្ឋនិង មន្ត្រី នេះបានបញ្ជាក់ឲ្យឃើញថាកត្តាសាមគ្គីភាពគ្នាល្អធ្វើឲ្យមានការរីកចម្រើនអភិវឌ្ឍន៍។
លោកបន្តថា «តាំងគោកជម្រកស្នេហ៍» គឺជាការផ្ដល់នូវសេចក្តីស្រឡាញ់មិននត្រឹមតែមនោសញ្ចេតនាប៉ុណ្ណោះទេ ថែមទាំងផ្ដល់នូវថវិកា សម្ភារៈ និងកម្លាំង ក្នុងការចូលរួមគ្រប់សកម្មភាព ពិសេសការចូលរួមគ្រប់មជ្ឈដ្ឋានមានព្រះសង្ឃ ប្រជាពលរដ្ឋ និងមន្ត្រីរាជការបានសហការគ្នាល្អ នេះគឺបញ្ជាក់ថាស្រុកតាំងគោកគឺជាបណ្ដុំនៃសេចក្តីស្រឡាញ់ ស្រឡាញ់គ្រប់និន្នាការ ស្រឡាញ់គ្រប់ភេទជាគ្រហស្ថក្តី ជាព្រះសង្ឃក្តី ដូច្នេះស្រុកតាំងគោកគឺជាសេចក្តីស្រឡាញ់ទាំងជាតិ និង សាសនា។
លោក ហាក់ ម៉ុងហួត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមលេងកម្សាន្ត នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅក្នុងខេត្តកំពង់ធំ ដោយសប្បាយរីករាយនិងទទួលខុសត្រូវខ្ពស់ពិសេសក្នុងព្រឹត្តិការណ៍សង្ក្រាន្តកំពង់ធំ ។
លោក ពុត ប៉យ មកពីភូមិឈូក ឃុំទ្រៀលស្រុកតាំងគោកបានបញ្ជាក់ថា លោកបានមកជួយរៀបចំកន្លែងថតរូបទុកអនុស្សាវរីយ៍មានភាពសប្បាយរីករាយយ៉ាងខ្លាំងដោយបានមករួមចំណែកជួយរដ្ឋបាលស្រុកក៏ដូចជារដ្ឋបាលខេត្តដើម្បីបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តនិងក្រៅខេត្តមានភាពសប្បាយរីករាយ ក្នុងប្រទេសដែលមានសុខសន្តិភាពក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ហើយសម្ភារៈទាំងអស់នេះគឺមានការជួយគាំទ្រពីប្រជាពលរដ្ឋនៅក្នុងស្រុកតែម្ដង៕