(ភ្នំពេញ)៖ វេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិនលើកទី៤ ស្តីពី កិច្ចសហប្រតិបត្តិការត្បូងពេជ្រ : ទំព័រថ្មីនៃសហគមន៍កម្ពុជា-ចិន ដែលមានអនាគតរួមគ្នាក្នុងយុគសម័យថ្មី នឹងចាប់ផ្តើមនៅថ្ងៃទី២៣-២៧ ខែមីនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ និងសៀមរាប។ ខណៈនៅរាជធានីភ្នំពេញ នឹងប្រព្រឹត្តទៅនៅសាលទន្លេសាប អគារខេមរវិទូ រាជបណ្ឌិត្យសភាកម្ពុជា។

វេទិកានេះរៀបចំដោយវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា, របសក, លេខាធិការដ្ឋានជាតិនៃធនាគារខួរក្បាលជាន់ខ្ពស់, បសវសច, វិទ្យាស្ថានអភិវឌ្ឍន៍ជនបទ, ប.ស.វ.ស.ច, បណ្ឌិតសភាយុទ្ធសាស្ត្រសេដ្ឋកិច្ចជាតិ, ប.ស.វ.ស.ច។

នៅខែកុម្ភៈ ឆ្នាំ២០២៣ ប្រទេសកម្ពុជា និងចិនបានព្រមព្រៀងគ្នាបង្កើត «ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ« ដែលមានវិស័យអាទិភាពចំនួនប្រាំមួយ រួមមាន កិច្ចសហប្រតិបត្តិការនយោបាយ សមត្ថភាពផលិតកម្ម និងគុណភាពកសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការនេះ កម្ពុជា និងចិន គ្រោងនឹងពិនិត្យមើលការអភិវឌ្ឍ «របៀងឧស្សាហកម្ម និងបច្ចេកវិជ្ជា» ដើម្បីគាំទ្រការប្រែក្លាយឆ្នេរសមុទ្រខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុគោលបំណងគំរូដែលដូចគ្នាទៅនឹង «ទីក្រុង Shenzhen ទីពីរ»។

ទន្ទឹមនឹងនោះ កម្ពុជា និងចិនបានព្រមព្រៀងគ្នាក្នុងការស្វែងយល់ពីការបង្កើត «របៀងត្រី និងស្រូវ» ដែលផ្តោតលើភាគពាយ័ព្យនៃប្រទេសកម្ពុជា និងតំបន់បឹងទន្លេសាប និងដើម្បីអភិវឌ្ឍកសិកម្មបែបអេកូឡូស៊ីទំនើបនៅជិតបឹង ដើម្បីពន្លឿនការធ្វើផែនការអភិវឌ្ឍន៍កសិកម្មទំនើបរបស់កម្ពុជា និងស្វែងយល់កិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មឌីជីថល។ និងគាំទ្រដល់ការធ្វើឱ្យប្រសើរឡើងនូវវារីវប្បកម្ម ការដាំដំណាំត្រូពិក និងវិស័យប្រកួតប្រជែងផ្សេងទៀត។

កម្ពុជា និងចិនបានព្រមព្រៀងគ្នាក្នុងការពង្រឹងសហថាមពលរវាងគំនិតផ្តួចផ្តើមក្រវាត់និងផ្លូវ និងយុទ្ធ-សាស្ត្របញ្ចកោណដំណាក់កាលទី១ ពន្លឿនការបង្កើតផែនការសហប្រតិបត្តិការសម្រាប់របៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ជំរុញការរៀបចំផែនការបឋម និងការរចនាផ្លូវដែកកម្ពុជា-ចិន និងបង្កើតឱ្យចេញជារូបរាងនូវមជ្ឈមណ្ឌលបង្ហាញកសិកម្មចិន និងគម្រោងការប្រមូលផលដំបូងផ្សេងទៀតនៃរបៀងត្រី និងស្រូវ លើកកម្ពស់កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា។ ប្រទេសទាំងពីរនឹងធានានូវការអនុវត្តប្រកបដោយគុណភាពខ្ពស់នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ជំរុញការនាំចូលកសិផលកម្ពុជាទៅកាន់ប្រទេសចិន និងលើកទឹកចិត្តឱ្យធុរកិច្ចចិនកាន់តែច្រើនមកបណ្តាក់ទុននៅកម្ពុជា។

ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់ការយោគយល់គ្នាទៅវិញទៅមកតាមរយៈការយល់ឃើញត្រឹមត្រូវ ដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរយៈពេលយូរអង្វែងរវាងកម្ពុជា និងចិន ព្រមទាំងចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលទាំងពីរក្នុងការពង្រឹង និងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជននិងរវាងប្រទេសទាំងពីរ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា (វទអក) នៃ រ.ប.ស.ក និងវិទ្យាស្ថានជាតិសម្រាប់យុទ្ធសាស្ត្រសាកលនៃ ប.ស.វ.ស.ច ដែលបច្ចុប្បន្នជាលេខាធិការដ្ឋានជាតិនៃធនាគារខួរក្បាលជាន់ខ្ពស់នៃ ប.ស.វ.ស.ច បានផ្តួចផ្តើមគំនិតរៀបចំវេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិននេះឡើង នាឆ្នាំ២០១៩ ដែលជាវេទិកាបណ្ឌិតសភាដ៏មានកិត្យានុភាពសម្រាប់អ្នកជំនាញ និងអ្នកប្រាជ្ញមកពីកម្ពុជា និងចិន ដើម្បីចែករំលែកគំនិត និងការយល់ដឹងរបស់ពួកគេ។

វេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិននេះ ត្រូវបានប្រារព្ធឡើងដោយជោគជ័យចំនួនបីដងរួចមកហើយ រួមមាន លើកទី១នៅឆ្នាំ២០១៩ លើកទី២ នៅឆ្នាំ២០២១ និងលើកទី៣នៅឆ្នាំ២០២៣។ ក្រោមក្របខណ្ឌសហគមន៍កម្ពុជា-ចិន ដែលមានអនាគតរួមគ្នាក្នុងយុគសម័យថ្មី ដើម្បីលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ចិនបន្ថែមទៀត និងពង្រឹងយន្តការផ្លាស់ប្តូរការសិក្សា និងកិច្ចសហប្រតិបត្តិការរវាងរាជបណ្ឌិត្យសភាកម្ពុជា និងបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមចិន ស្ថាប័នទាំងពីរសហការរៀបចំវេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិនលើកទី៤ ស្តីពី កិច្ចសហប្រតិបត្តិការត្បូងពេជ្រ ទំព័រថ្មីនៃសហគមន៍កម្ពុជា-ចិនដែលមានអនាគតរួមគ្នាក្នុងយុគសម័យថ្មី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣-២៧ ខែមីនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ និងសៀមរាប ព្រះរាជាណាចក្រកម្ពុជា៕