(ព្រះវិហារ)៖ លោកស្រី សុខា គងពិសី ភរិយាលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានកត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារអញ្ជើញចុះសួរសុខទុក្ខ និងនាំយកសំភារៈសិក្សា និងសម្ភារបរិក្ខាមួយចំនួន ជូនដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សាកោះកេរ ស្ថិតក្នុងឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។

នៅក្នុងឱកាសនោះដែរ លោកស្រី សុខា គងពិសី ភរិយាលោក គីម រិទ្ធី ក្នុងនាមក្រុមការងារសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ បានថ្លែងនូវក្តីរំភើបរីករាយដែលបានមកជួបសំណេះសំណាលសួរសុខទុក្ខដោយផ្ទាល់ ជាមួយលោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្ស នៃសាលាបឋមសិក្សាកោះកេរនា ពេលនេះ។

លោកស្រី សុខា គងពិសី ក៏បានថ្លែងលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ត្រូវខិតខំរៀនសូត្រ ដើម្បីអនាគតខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។

លោកស្រីលើកឡើងបញ្ជាក់បន្ថែមថា មានតែចំណេះវិជ្ជាទេ ដែលអាចកែប្រែជោគវាសនា អនាគតរបស់យើងបាន បើសិនជាយើងគ្មានចំណេះវិជ្ជានៅក្នុងខ្លួន ទោះយើងមានទ្រព្យធនយ៉ាងណា ក៏មិនអាចដឹកនាំយើងទៅរកភាពជោគជ័យបានដែរ។

លោកស្រីក៏អំពាវនាវដល់សិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រ ស្តាប់ការពន្យល់របស់លោកគ្រូ អ្នកគ្រូ ស្តាប់ដំបូលន្មានឪពុកម្តាយ ដើម្បីក្លាយខ្លួនជាកូនល្អ សិស្សល្អ ជាទំពាំងស្នងឫស្សីដែលសង្គមជាតិត្រូវការ ពិសេសត្រូវចេះស្រឡាញ់រាប់អានគ្នា និងចៀសវាងឱ្យឆ្ងាយនូវអំពើអបាយមុខផ្សេងៗ។

សម្ភារដែលនាំយកទៅចែកជូននាពេលនេះរួមមាន៖កាតាប សៀវភៅ ប៊ិច ខ្មៅដៃ បន្ទាត់ ជ័រលុប នំ សំលៀកបំពាក់ ជូនដល់ក្មួយៗសិស្សានុសិស្សចំនួន១៩៧នាក់ និងឧបត្ថម្ភសាលាបឋមសិក្សាកោះកេរ មាន អំពូលសូឡា បន្លាលួស និងស៊ីទែនទឹកផងដែរ៕