(កំពង់ចាម)៖ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវសមទ្ធិផលនានា ក្នុងវត្តរស្មីសង្កែ ស្ថិតនៅក្នុងឃុំព្រៃឈរ ស្រុកព្រៃឈរ ដែលចំណាយថវិកាសាងសង់អស់ប្រមាណជាជិត១០ម៉ឺនដុល្លារអាមេរិក។
ស្ថិតក្នុងឱកាសសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ លោក អ៊ុន ចាន់ដា បានពាំនាំនូវប្រសាសន៍ប្រាំផ្ញើសួរសុខទុក្ខ ដល់បងប្អូនប្រជាពលរដ្ឋ ពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។
លោកអភិបាលខេត្ត បានឲ្យដឹងទៀតថា សមិទ្ធផលក្នុងវត្តរស្មីសង្កែដែលបានសម្ពោធនាពេលនេះ មានដូចជាដំបូលព្រះវិហារ កុដមួយខ្នង និងស្រះទឹក ដែលចំណាយថវិការសរុបប្រមាណជាជិត ១០ម៉ឺនដុល្លារអាមេរិក។
លោកអភិបាលខេត្ត ក៏បានយកឱកាសនោះអបអរសាទរដែលវត្តរស្មីសង្កែទទួលបាននូវសមិទ្ធផលថ្មីៗ និងថ្លែងអំណរគុណដល់សប្បុរសជនទាំងឡាយ ដែលបានចូលរួមជាកុសល ចូលជាបច្ច័យក្នុងការសាងសង់បង្ហើយនូវសមិទ្ធផលជាប្រវត្តិសាស្ត្រទាំងនេះ នៅក្នុងស្រុកព្រៃឈររបស់យើង ។
លោកអភិបាលខេត្ត ក៏បានបញ្ជាក់ផងដែរថា កត្តាដែលនាំឲ្យមានការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រមកដល់ពេលនេះ គឺដោយសារប្រទេសជាតិ យើងមានសុខសន្តិភាព នាំឲ្យប្រជាពលរដ្ឋយើងមានការងារធ្វើប្រកបមុខរបរទទួលទាន មានជីវភាពធូរធារ ហើយអាចមានលទ្ធភាពក្នុងការចូលរួមជាបច្ច័យ ដើម្បីកសាងអភិវឌ្ឍន៍ឲ្យកើតមានសមិទ្ធផលថ្មីៗជាបន្តបន្ទាប់៕