(ភ្នំពេញ)៖ ជនសង្ស័យដែលបានសម្លាប់ស្ដ្រីម្នាក់ ក្នុងផ្ទះសំណាក់ «អូយេស» ត្រូវកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ បង្ក្រាបបានហើយ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦នេះ ក្នុងប្លុកបឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលឃាតកជាសង្សានឹងស្ដ្រីរងគ្រោះតែម្តង។
មន្ដ្រីនគរបាល បានបញ្ជាក់ថា ឃាតកឈ្មោះ ចាន់ សុភ័ក្រ ហើយត្រូវជាសង្សាជាមួយ នារីរងគ្រោះតាំងពីឆ្នាំ២០១៤មកម្ល៉េះ។ បើឆ្លើយសារភាព របស់ជនសង្ស័យ ឲ្យដឹងថា មូលហេតុដែលនាំឲ្យខ្លួនសម្លាប់ស្ដ្រីខាងលើ ក៏ព្រោះតែមានទំនាស់នឹងគ្នា ហើយជនសង្ស័យក៏បានច្របាច់កសម្លាប់ចោលតែម្ដង។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងនគរបាលជំនាញ បញ្ជូនខ្លួនទៅសួរនាំបន្ថែម ដើម្បីកសាងសំណុំរឿងចាត់ការបន្ដ។
សូមបញ្ជាក់ថា ករណីឃាតកម្មនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅម៉ោង១១៖៣០នាទី នៅចំណុចផ្ទះសំណាក់យីហោ «អូយេស» នៅមុខវត្តនាគវ័ន្ត បន្ទប់C20 ជាន់ទី៣ ផ្ទះលេខ១៧ ផ្លូវ១៣២ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
សន្តិសុខយាមនៅផ្ទះសំណាក់ខាងលើលោក កុសល បានប្រាប់សមត្ថកិច្ចថា នៅវេលាម៉ោង៤៖៤០នាទីរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ មានបុរសវ័យប្រហែលជាង៣០ឆ្នាំម្នាក់ ស្លៀកពាក់ស៊ីវិល ពាក់អាវសាច់ក្រណាត់ដៃវែង ពណ៌ក្រហមក្រឡាការ៉ូ ខោពណ៌ខ្មៅជើងវែង បានមកជួលបន្ទុប់ផ្ទះសំណាក់ពីឈ្មោះ ហ៊ីប សៅហ៊ី ដែលជាអ្នកគ្រប់គ្រង រួចក៏ឡើងទៅបន្ទុប់កើតហេតុបាត់ទៅ។ លោកបន្តថា លុះដល់វេលាម៉ោង៥ល្ងាច ស្រាប់តែឃើញនារីរងគ្រោះអាយុប្រហែល២៨ឆ្នាំ ជិះម៉ូតូឌុបមិនចាំម៉ាកមកឈប់មុខផ្ទះសំណាក់ រួចក៏ដើរឡើងទៅជាន់ទី៣បាត់រហូត។
សន្តិសុខរូបនោះបានបន្តទៀតថា នៅវេលាម៉ោង១១ព្រឹកថ្ងៃនេះ នារីម្នាក់ឈ្មោះ ស្រី នាង ដែលជាអ្នកបោសសំអាតបន្ទុប់បានទៅគោះទ្វារហៅភ្ញៀវ តែមិនការឆ្លើយតប ក៏នាំគ្នាទៅយកសោបន្ទប់ចាក់មើល ស្រាប់តែឃើញនារីរងគ្រោះ បានដេកស្លាប់បាត់ទៅហើយទាំងខ្លួនអាក្រាតកាយ និងមានឈាមប្រឡាក់លើពូកទៀតផង រួចក៏រាយការណ៍ប្រាប់សមត្តកិច្ចតែម្ដង។