(កណ្តាល)៖ ប្រធានគណៈពង្រឹងការងារស្រុកកោះធំ នៃគណបក្សប្រជាជនកម្ពុជា លោក ស៊ុន ចាន់ថុល បានបន្តក្រើនរំលឹកទៅដល់សមាជិក សមាជិកា គណបក្សប្រជាជនក្នុងស្រុកកោះធំទាំងអស់ យកចិត្តទុកដាក់ឲ្យបានខ្ពស់ទៅលើសុខទុក្ខ និងជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកកោះធំ ជាពិសេសត្រូវចុះដោះស្រាយឲ្យបានទាន់ពេលវេលារាល់បញ្ហា ដែលប្រជាពលរដ្ឋជួបប្រទះ។
ការក្រើនរំលឹករបស់លោក ស៊ុន ចាន់ថុល ដែលជាមន្រ្តីជាន់ខ្ពស់មួយរូប នៃរាជរដ្ឋាភិបាលកម្ពុជាគ្រប់គ្រង ដោយគណបក្សប្រជាជនកម្ពុជានេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦នេះ នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជាក្នុងស្រុកកោះធំ ក្នុងពេលរូបលោកអញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ របស់បក្សប្រចាំខែ។
លោក ស៊ុន ចាន់ថុល បានក្រើនរំលឹកដល់សមាជិកគណបក្សប្រជាជនក្នុងស្រុកកោះធំថា «តួនាទី និងភារកិច្ចជាអភិបាលស្រុក ជាមេឃុំ ក៏ដូចជាក្រុមប្រឹក្សាស្រុក ឃុំ នាពេលបច្ចុប្បន្ននេះ គឺបានដោយសារតែពេញចិត្ត និងទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ បើពលរដ្ឋមិនពេញចិត្ត មិនទុកចិត្ត គាត់នឹងមិនបោះឆ្នោតគាំទ្រនោះឡើយ។ ដូច្នេះបើយើងទទួលបានតួនាទី និងការពេញចិត្តពីប្រជាពលរដ្ឋហើយ យើងមិនគួរធ្វើឲ្យពួកគាត់ខកបំណង ខកចិត្តនោះឡើយ យើងត្រូវប្រឹងប្រែងឲ្យពីកម្លាំងកាយចិត្ត ដើម្បីបម្រើពួកគាត់ ដោះស្រាយបញ្ហាជូនពួកគាត់ ក៏ដូចជាយើងប្រឹងប្រែងដើម្បីរបស់ជាតិយើងផងដែរ»។
លោក ស៊ុន ចាន់ថុល ថែមទាំងបានរំលឹកទៅដល់សមាជិក សមាជិកបក្សប្រជាជនក្នុងស្រុកកោះធំទៀតថា ការគាំទ្ររបស់ប្រជាពលរដ្ឋ គឺកើតចេញពីសកម្មភាព ដែលស្តែងឲ្យពួកគាត់បានឃើញដូចជាការកសាងសមិទ្ធផលបម្រើប្រយោជន៍ក្នុងមូលដ្ឋាន និងការដោះស្រាយទុក្ខលំបាកប្រជាពលរដ្ឋប្រកបដោយភាពឆ្លាតវៃ និងទំនួលខុសត្រូវខ្ពស់ និងដោយភាពស្មោះត្រង់។ លោកបន្តថា ការគ្រាន់តែដើរនិយាយធ្វើប្រជាភិថុតិ និងការបម្រើប្រជាជនដោយភាពមិនស្មោះត្រង់ មិនចេញពីក្រអៅបេះដូង នឹងមិនអាចទទួលបានការគាំទ្រ និងស្រឡាញ់ពីប្រជាពលរដ្ឋនោះឡើយ។
ប្រធានគណៈពង្រឹងការងារក្នុងស្រុកកោះធំ លោក ស៊ុន ចាន់ ដែលមានមានកំណើតជាអ្នកស្រុកកោះធំដែរនោះ បានសម្តែងក្តីរំពឹងថា សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាក្នុងស្រុកកោះធំ ដែលកំពុងកាន់តំណែងជាអភិបាលស្រុក ជាមេឃុំ ជាក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ នឹងរួមគ្នាប្រឹងប្រែងអស់កម្លាំងចិត្ត ដើម្បីបម្រើប្រជាជនដោយកក្តីពេញចិត្ត ដើម្បីដោះស្រាយបញ្ហាជូនប្រជាជន និងប្រែងប្រែងរួមគ្នាអភិវឌ្ឍន៍នៅមូលដ្ឋានឲ្យកាន់តែរីកចម្រើន ជាពិសេសជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ។
ជាចុងក្រោយលោក ស៊ុន ចាន់ថុល ក៏បានស្នើទៅដល់សមាជិក សមាជិកាបក្សនៅក្នុងស្រុកកោះធំ ជួយពន្យល់ណែនាំប្រជាពលរដ្ឋពីសារៈសំខាន់ នៃការចុះឈ្មោះបោះឆ្នោត និងជំរុញពួកគាត់ទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ដើម្បីមានសិទ្ធិក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំដែលពួកគេស្រឡាញ់នៅឆ្នាំ២០១៧ និងឆ្នាំ២០១៨។
សូមបញ្ជាក់ថា ស្រុកកោះធំ ដែលមានលោក ស៊ុន ចាន់ថុល ជាប្រធានគណៈពង្រឹងការងារគណបក្សប្រជាជន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយក្នុងស្រុកនេះផងដែរនោះ គេសង្កេតឃើញថា មានសមិទ្ធផលថ្មីៗជាច្រើនដូចជាប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធ ផ្លូវ ស្ពាន សាលារៀន និងទីអារាមជាដើម បានកើតមានឡើង ដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ៕