(ព្រៃវែង)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥នេះ បានអំពាវនាវដល់រោងម៉ាស៊ីនស្រូវទូទាំងប្រទេសឲ្យបង្កើនការប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គិភ័យ ដោយរៀបចំប្រព័ន្ធការពារសុវត្ថិភាព និងទិញធានារ៉ាប់រងអគ្គិភ័យ បន្ថែម ដើម្បីទ្រព្យសម្បត្តិទាំងមូលតែម្តង។

បណ្ឌិតប្រតិភូ បានអំពាវនាវដូច្នេះក្នុងឱកាសឆ្លៀតពេលថ្ងៃឈប់សម្រាក អញ្ជើញដឹកនាំសហការីចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវមួយកន្លែង ក្នុងខេត្តព្រៃវែង ដែលត្រូវអគ្គិភ័យឆាបឆេះ កាលពីល្ងាចម្សិលមិញ។

ក្រោយពីបានពិនិត្យមើលទំហំខូចខាតជាក់ស្តែង និងពិនិត្យមើលទីតាំងបង្កើតប្រព័ន្ធការពារសុវត្ថិភាពរួចមក លោកបណ្ឌិតប្រតិភូ បានគិតដល់ហានិភ័យជាយថាហេតុអាចកើតមាននៅក្នុងរដូវក្តៅបំផុតរបស់កម្ជុជា គឺនៅខែមេសាខាងមុខនេះ ដែលងាយស្រួលកើតមានគ្រោះអគ្គិភ័យ។ ដូច្នេះម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់ត្រូវបង្កើតការប្រុងប្រយ័ត្នខ្ពស់ ដោយរៀបចំប្រព័ន្ធទឹកសម្រាប់បាញ់ពន្លត់អគ្គិភ័យនៅក្នុងបរិវេណរោងម៉ាស៊ីន ជាពិសេសត្រូវលែលកទិញធានារ៉ាប់រងការពារទ្រព្យរបស់ខ្លួន។

រោងម៉ាស៊ីនកិនស្រូវ ដែលត្រូវអគ្គិភ័យឆាបឆេះនេះ ស្ថិតនៅភូមិក្រចាប់ ឃុំព្រៃខ្លាស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលជាកម្មសិទ្ធិរបស់លោក ឈិត ប៊ុនថន និងជាឃ្លាំងស្តុកស្រូវ និងជាឡសម្ងួតស្រូវដ៏ធំមួយ ក្នុងគម្រោងពិសេសរបស់រាជរដ្ឋាភិបាល នៅក្នុងខេត្តព្រៃវែង។

លោកបណ្ឌិតប្រតិភូ បានណែនាំឱ្យលោក ឈិត ប៊ុនថន ត្រូវរៀបចំប្រព័ន្ធបូមទឹកភ្ជាប់ទៅអាងស្តុកទឹកនៅ
ក្បែរនេះស្រាប់ សម្រាប់បាញ់ទឹកពន្លត់អគ្គិភ័យដោយខ្លួនឯង។ ជាពិសេស រោងម៉ាស៊ីនកិនស្រូវនេះ គួរទិញធានារ៉ាប់រងថែមទៀត ក្រៅតែពីធានារ៉ាប់សម្រាប់ការពារទំនិញក្នុងស្តុក គឺត្រូវទិញសម្រាប់ការពារទ្រព្យសម្បត្តិរបស់រោងម៉ាស៊ីនកិនស្រូវទាំងមូលតែម្តង។

លោកបណ្ឌិតប្រតិភូ បានសម្តែងការសោកស្តាយចំពោះការខូចខាតនេះ ហើយបានណែនាំដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ត្រូវបង្កើនការប្រុងប្រយ័ត្នថែមទៀត ជាពិសេសត្រូវរៀបចំប្រព័ន្ធសុវត្ថិភាព ស្វ័យប្រវត្តិ ដើម្បីការពារទ្រព្យសម្បត្តិរបស់ខ្លួន។

លោក ឈិត ប៊ុនថត បានជម្រាបជូនឯកឧត្តមបណ្ឌិតប្រតិភូ និងសហការី ឱ្យបានជ្រាបថា អគ្គិភ័យបង្កឡើងដោយទុស្សេចរន្តអគ្គីសនី នៅត្រង់ចំណុចទូបែងចែកភ្លើងនៅក្នុងរោងម៉ាស៊ីន ដែលផ្ទុះចេញជាផ្កាភ្លើងទៅប៉ះផ្ទាំងអ៊ីសូឡង់ការពារកម្តៅនៅជាប់ដំបូលស័ង្កសី បណ្តាលឱ្យឆាបឆេះយ៉ាងលឿនតែម្តង។

លោកបានរៀបរាប់ថា កម្ទេចភ្លើងឆេះបន្ទះអ៊ីសូឡង់ បានធ្លាក់ពីលើដំបូលមកឆេះបាវច្រកស្រូវ និងបាវច្រកអង្ករ នៅខាងក្រោមថែមទៀត ប៉ុន្តែមិនបានឆេះរាលដាលធ្ងន់ធ្ងរពេកឡើយ។ ម្យ៉ាងទៀត ដោយសារក្រុមរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋានស្រុកស្វាយអន្ទរ ដែលនៅក្បែរទីតាំងស្រាប់ បានចេញមកអន្តរាគមន៍ទាន់ពេលវេលា។

លោក ឈិត ប៊ុនថន បានបញ្ជាក់ថា រថយន្តពន្លត់អគ្គិភ័យ១៦គ្រឿងបានចេញមកអន្តរាគមន៍ ប៉ុន្តែអគ្គិភ័យបានរលត់ទាំងស្រុងក្រោយបាញ់ពន្លត់អស់ទឹកតែបួនឡានប៉ុណ្ណោះ។

ក្រៅពីសម្តែងសេចក្តីសោកស្តាយ និងក្តីខ្វាយខ្វល់ដោយសារគ្រោះអគ្គិភ័យនេះ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានណែនាំឱ្យលោក ឈិត ប៊ុនថន គួររៀបប្រព័ន្ធអគ្គីសនីឡើងវិញ និងដូរទីតាំងទូបែងចែកថាមពលឱ្យនៅខាងក្រៅរោងម៉ាស៊ីនកិនស្រូវ ដើម្បីចៀសវៀងគ្រោះថ្នាក់កើតឡើងជាយថាហេតុម្តងទៀត។

បន្ថែមលើការណែនាំដល់ម្ចាស់រោងម៉ាស៊ីន ឱ្យបង្កើនការប្រុងប្រយ័ត្នទុកជាមុន លោកបណ្ឌិតប្រតិភូ បានអំពាវដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវរៀបចំប្រព័ន្ធពន្លត់អគ្គិភ័យនៅក្នុងរោងម៉ាស៊ីន ដែលមានសមត្ថភាពពន្លត់ភ្លើងបានយ៉ាងឆាប់រហ័ស ព្រមទាំងទិញធានារ៉ាប់រងបន្ថែមទៀត ដើម្បីការពារទ្រព្យសម្បត្តិរោងម៉ាស៊ីន ឱ្យរួចផុតពីគោះថ្នាក់ផ្សេងៗ ជាពិសេសត្រូវរៀបចំប្រព័ន្ធការពារអគ្គិភ័យផ្ទាល់ខ្លួន៕