(ភ្នំពេញ)៖ អាកាសយានដ្ឋានអន្តជាតិតេជោ នឹងរៀបចំដំឡើងបដិមាព្រះពុទ្ធដ៏ធំមួយ ចំកណ្ដាលបរិវេណខាងក្នុងកន្លែងច្រកចេញ-ចូលបោះត្រាលិខិតឆ្លងដែន។ នេះបើតាមការបញ្ជាក់របស់ លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC)។

ការបញ្ជាក់នេះធ្វើឡើងអំឡុងពេល លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ដឹកនាំអ្នកសារព័ត៌មានជាង៩០នាក់ មកពី ៥៦ស្ថាប័នធ្វើដំណើរទស្សនកិច្ចទៅកាន់ព្រលានយន្តហោះអន្តរជាតិតេជោ នៅក្រុងតាខ្មៅ ខេត្តកណ្តាល នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ។

លោកឧកញ៉ា ឆារស៍ វ៉ាន់ គូសបញ្ជាក់ថា ក្រៅពីចម្លាក់បដិមាចំនួន ២០០ នៅបរិវេណ អាកាសយានដ្ឋាន អន្តរជាតិតេជោ បច្ចុប្បន្នក្រុមហ៊ុនកំពុងរៀបចំដាក់បដិមាព្រះពុទ្ធដ៏ធំមួយផងដែរ បន្ទាប់ពីនិមន្ត សម្ដេចសង្ឃរាជ អំ លឹមហេង យាងទតទីតាំងដាក់បដិមាព្រះពុទ្ធ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃអាទិត្យទី២៣ ខែមីនា ឆ្នាំ២០២៥ខាងមុខនេះ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន លោកឧកញ៉ា ឆារស៍ វ៉ាន់ បញ្ជាក់ថា ខុសប្លែកពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ព្រលានចាស់) អ្នកជូនដំណេីរអាចចូលក្នុងបរិវេណ អាកាសយានដ្ឋាន អន្តជាតិតេជោ រហូតដល់កន្លែង Check In ត្រង់ចំណុចនោះអ្នកមកចាំទទួលក៏អាចទស្សនាពេលអ្នកដំណេីរ ចុះពីយន្តហោះផងដែរ។

ការរៀបចំយ៉ាងដូច្នេះ បានបង្កើតទំនាក់ទំនងយ៉ាងជិតស្និតទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលអាកាសយានដ្ឋានផ្សេងៗមិនងាយមាននោះទេ។ នេះបើតាមការលើកឡើងរបស់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC)។

សូមទស្សនាការបញ្ជាក់របស់ លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC)៖