(បន្ទាយមានជ័យ)៖ ក្នុងឱកាសចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានឧបត្ថម្ភថវិកា១ម៉ឺនដុល្លារ និងបានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ ឲ្យតម្លើងម៉ាស៊ីបូមទឹក២គ្រឿង នៅចំណុចឃុំកុយម៉ែង ស្រុកមង្គលបូរី ដើម្បីបូមទឹកចេញ ហើយបំផុសឲ្យបងប្អូនប្រជាកសិករនៅតំបន់នោះ ចាប់ផ្តើមបង្កបង្កើនផលស្រូវប្រាំង។
លោករដ្ឋមន្ដ្រី លឹម គាន់ហោ បានបំផុសប្រជាកសិករ ឲ្យចាប់ផ្តើមការងារស្រូវប្រាំងប្រដេញទឹក ជំនួសឲ្យការធ្វើតាមទម្លាប់ពីមុនមកវិញ ហើយការប្តូរពេលវេលាក្នុងការដាំដុះរបៀបនេះ ស្រូវបងប្អូនប្រជាកសិករនឹងមិនប្រឈម ការកង្វះខាតទឹកនាចុងរដូវ ដូចពេលកន្លងមកឡើយ។
បន្ថែមពីនេះ លោករដ្ឋមន្ដ្រី បានពិនិត្យឃើញថា ប្រជាកសិករដែលនៅម្ខាង នៃភ្លឺប្រឡាយជួបការលំបាក ក្នុងការដឹកជញ្ជូនកសិផល ព្រោះជាទូទៅភ្លឺប្រឡាយក្រាលគ្រួសក្រហមតែម្ខាង ទើបលោកឧបត្ថម្ភថវិកាផ្ទាល់ខ្លួន១ម៉ឺនដុល្លារ ដើម្បីយកទៅរៀបចំភ្លឺប្រឡាយម្ខាងទៀត ឲ្យក្លាយជាផ្លូវលំក្រាលគ្រួសក្រហម ងាយស្រួលដល់ការដឹកជញ្ជូនកសិផល របស់បងប្អូនប្រជាកសិករ។
សូមបញ្ជាក់ថា ដីស្រែនៅឃុំកុយម៉ែង ស្រុកមង្គលបូរី ជាតំបន់ទំនាប ប្រមូលទឹកពីតំបន់ផ្សេងៗ ហើយរហូតដល់ចុងខែវិច្ឆិកា ឬដើមខែធ្នូរ ទើបទឹកស្រកផុត និងអាចចាប់ផ្តើមធ្វើស្រែប្រាំងបាន ការធ្វើរបៀបនេះ នាំឲ្យស្រូវប្រឈមនឹងកង្វះខាតទឹករាល់ឆ្នាំ នៅពេលជិតប្រមូលផល៕