(តាកែវ)៖ នៅល្ងាចថ្ងៃសៅរ៍ ៩រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង​ថ្ងៃ​ទី២២ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង​លោក​ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នឹងអញ្ជើញជាអធិបតីបើកពិធីបុណ្យទន្លេលើក​ទី៩ នៅក្នុងខេត្តតាកែវ។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបើកពិធីបុណ្យទន្លេលើកទី៩ នៅខេត្តតាកែវ៖

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងទេសចរណ៍, គណៈកម្មការអន្តរក្រសួង, ក្រសួង-ស្ថាប័ន​ពាក់​ព័ន្ធ, រដ្ឋបាលខេត្តតាកែវ, សហភាពសហព័ន្ធយុវជនកម្ពុជា និងវិស័យ​ឯកជន ដែលបានរួមសហការគ្នារៀបចំពិធីបុណ្យទន្លេលើកទី៩ ក្រោម​ប្រធានបទដ៏មានសារៈសំខាន់ គឺ «គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» ប្រកបដោយភាពអធិកអធម។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រធានបទនៃពិធីបុណ្យទន្លេ​លើកទី៩ នៅឆ្នាំនេះ មានអត្ថន័យយ៉ាងជ្រាលជ្រៅ ដែលឆ្លុះបញ្ចាំងអំពី​អត្ថប្រយោជន៍ និងសក្តានុពលរបស់ទន្លេ ដោយផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ ជាមួយនឹងការអបអរសាទរចំពោះចំណងដ៏ជ្រាលជ្រៅ​រវាងទន្លេ និងប្រជាជន ដែលអាស្រ័យផលនឹងទន្លេ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពីបរមបុរាណ រហូតមកដល់បច្ចុប្បន្ន, ទន្លេ គឺជាចំណុចកណ្តាលនៃទំនៀមទម្លាប់, ជីវភាព និងជា​របៀង​វប្បធម៌ ដែលបង្រួបបង្រួមសហគមន៍ចម្រុះ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កត្តាសុខសន្តិភាព​កម្ពុជា​បានក្លាយជាគោលដៅទេសចរណ៍, វិនិយោគ និងពាណិជ្ជកម្ម ដ៏គួរឱ្យទាក់​ទាញមួយក្នុងតំបន់អាស៊ី ជាពិសេសបានធ្វើឱ្យវិស័យទេសចរណ៍ក្លាយ​ជា​កម្លាំងចលករដ៏សំខាន់ ក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ ក្នុងការចូល​រួមជំរុញវឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជាឱ្យកើនឡើងប្រមាណ១៣ដង ធៀបនឹងឆ្នាំ១៩៩៣។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សន្តិភាពបានជំរុញការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា ដោយសម្រេចបាន សមិទ្ធផលយ៉ាងធំធេង សម្រាប់ប្រជាជន និងប្រទេសជាតិយើង ដែលធ្លាប់បានឆ្លងកាត់ សង្គ្រាមរ៉ាំរ៉ៃ, ការបង្ហូរឈាមអស់រយៈពេលរាប់ទសវត្សរ៍ និងរបបប្រល័យពូជសាសន៍។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទោះបីជាមាននិន្នាការ​កំណើនភ្ញៀវទេសចរក៏ដោយ, ក៏រាជរដ្ឋាភិបាលមិននៅស្ងៀម
នោះដែរ។ រាជរដ្ឋាភិបាល នៅតែខិតខំរិះរកមធ្យោបាយ ដើម្បីបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា, ជាពិសេស នៅពេលដែលរដូវកាលបៃតង នឹងខិតចូលមកដល់ នាពេលដ៏ឆាប់ខាងមុខនេះ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល ខិតខំបង្កើតព្រឹត្តិការណ៍ និងផលិតផលទេសចរណ៍ជាច្រើនថ្មីៗ ដែលមាន​ភាពទាក់ទាញ ព្រមទាំងជួយលើកស្ទួយគុណតម្លៃនៃវប្បធម៌ និងអត្ត​សញ្ញាណ​ជាតិខ្មែរថែមទៀត។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រឹត្តិការណ៍បុណ្យទន្លេ, អង្គរសង្ក្រាន្ត និងផ្លូវថ្មើរជើងជាដើម គឺសុទ្ធសឹងតែជាកិច្ចខិតខំ ប្រឹងប្រែង​ជា​ប្រចាំពីសំណាក់រាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ក្នុងការប្រឡងប្រជែង ទាក់ទាញភ្ញៀវទេសចរ ដើម្បីបង្កើនចំណូលដល់ប្រជាជន និងអាជីវករ នៅមូលដ្ឋានផ្ទាល់។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួង និងអាជ្ញាធរពាក់ព័ន្ធ រួមគ្នាអភិវឌ្ឍន៍តំបន់ទេសចរណ៍ធម្មជាតិផ្សារភ្ជាប់ជាមួយប្រជាសហគមន៍។ ពោលការអភិវឌ្ឍតំបន់ទេសចរណ៍ធម្មជាតិ ត្រូវគិតពីការផ្តល់ផលជូនប្រជាសហគមន៍ជាអាទិភាព មុនហៅអ្នកពីខាងក្រៅមកវិនិយោគ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជម្រើសនៃការអភិវឌ្ឍបែបនេះ គឺធានាបានការផ្តល់ប្រយោជន៍ដល់ប្រជាសហគមន៍។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពាក្យថា «បរិយាប័ន្ន» មិនអាចមើលតែ GDP នោះទេ គឺត្រូវមើលគ្រប់វិស័យ និងគ្រប់កន្លែង ដើម្បីធានាថា ពលរដ្ឋទទួលបានផលគ្រប់គ្នា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងពាក់ព័ន្ធរួមគ្នាបង្រៀនប្រជាសហគមន៍ឱ្យយល់ពីបដិសណ្ឋារកិច្ច និងផ្តល់សេវាគាំទ្រនានា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទោះបីផ្តល់អាទិភាពជូនប្រជាសហគមន៍ តែមិនបិទការវិនិយោគនោះទេ។ ប៉ុន្តែត្រូវពិនិត្យការវិនិយោគ ដែលជួយបំពេញបន្ថែមដល់សហគមន៍។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខេត្តតាកែវ ជាអតីតរាជធានី មានសក្តានុពលធម្មជាតិ និងទីតាំងភូមិសាស្ត្រជិតរាជធានី មានតម្បាញ មានបង្កង មានពងទា ដែលជាសក្តានុពលសម្រាប់វិស័យទេសចរណ៍។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងទេសចរណ៍ និងខេត្តនីមួយៗ រួមគ្នារៀបចំតម្រាយទេសចរណ៍ដោយផ្សារភ្ជាប់ជាមួយសហគមន៍។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អ្នកទេសចរក្នុងស្រុក ជាអ្នកនាំមុខទេសចរបរទេស។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អ្នកភ្នំពេញ គ្រាន់តែស្ទះចរាចរណ៍ក៏ស្ត្រេសដែរ។ ដូច្នេះគាត់រកតែកន្លែងកម្សាន្តចុងសប្តាហ៍។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សេវាគាប់ចិត្ត គឺជាកត្តាជួយទាក់ទាញអ្នកទេសចរ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រជាសហគមន៍​ជួយគ្នាការពារសេវាទេសចរណ៍ «ជួយគ្នារស់ ជួយគ្នារឹងមាំ»។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុជួយផ្តល់កម្ចីជាមួយការប្រាក់សមរម្យ ដើម្បីជួយដល់សហគមន៍ទេសចរណ៍។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការលាចាកសិក្ខា​របស់​ព្រះតេជគុណ ជួន កក្កដា មិនមានសម្ពាធណាមួយនោះឡើយ។ សម្តេចបានទម្លាយថា ព័ត៌មានលាចាកសិក្ខានេះ ត្រូវបានព្រះអង្គបង្ហើបតាំងពីពេលលោកជំទាវបណ្ឌិត ទៅថ្វាយបង្គំព្រះអង្គម្ល៉េះ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យលោក ជួន កក្កដា បន្តជួយដល់វិស័យព្រះពុទ្ធសាសនាជាបន្តទៀត។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខេត្តតាកែវ ជាខេត្តដែលសម្តេចបានជួយកសាងសមិទ្ធផលក្នុងព្រះពុទ្ធសាសនាច្រើនជាងគេ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំសុំកុំឱ្យមានបុរីនៅលើភ្នំបន្ថែមទៀត។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអភិវឌ្ឍនៅតំបន់ទេសចរណ៍ មិនមែនត្រូវតែធ្វើផ្លូវបេតុងនោះទេ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មិនហាមលេងបាញ់ទឹកទេ តែត្រូវលេងដោយប្រយ័ត្នប្រយែងកុំឱ្យមានគ្រោះថ្នាក់ តែត្រូវបំផុសការលេងល្បែងប្រជាប្រិយខ្មែរឱ្យបានច្រើន៕