(កណ្តាល)៖ លោកម៉ក់ ពេជ្ជរិទ្ធ អនុប្រធានក្រុមការងារ ចុះជួយស្រុកកៀនស្វាយ និងជាប្រធានក្រុមការងារចុះជួយឃុំដីឥដ្ឋ និងឃុំ ភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានប្រាប់ប្រជាពលរដ្ឋ ឲ្យដឹងថា ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ គឺជាទុក្ខលំបាក របស់ថ្នាក់ដឹកនាំ និងក្រុមការងារ គណបក្សប្រជាជនកម្ពុជា។ លោកម៉ក់ ពេជ្ជរិទ្ធ បញ្ជាក់ប្រាប់ប្រជាពលរដ្ឋខណៈ ជួបសំណេះសំណាលជា ប្រជាពលរដ្ឋ នៅភូមិកោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ដើម្បីដឹងពីសុខទុក្ខរបស់ពួកគាត់ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦នេះ។
លោក ម៉ក់ ពេជ្ជរិទ្ធ បានបន្ថែមថា ក្រុមការងារ របស់លោក មិនមែនមកតែប្រជុំ ហើយទះដៃ ចប់នោះទេ គឺក្រុមការងាររបស់លោក ចង់ដឹងពីទុក្ខលំបាក បងប្អូន ដោយមិនប្រកាន់និន្នាការនយោបាយឡើយ ប្រសិនបើបងប្អូនប្រជាពលរដ្ឋណាម្នាក់ ជួបការលំបាក ហើយបានសំណូមពរមកក្រុមការងារ គឺក្រុមការងារ និងជួយដោះស្រាយ។
ក្រោយពីសំណេះសំណាល ក៏មានប្រជាពលរដ្ឋ ដែលពួកគាត់ជួបការលំបាក ដូចជា ផ្ទះរបស់ពួកគាត់ដំបូលទ្រុឌទ្រោម និងមានបងប្អូនខ្លះ សុំកង់ជិះជាដើម ។រាល់ទុក្ខលំបាកទាំងនេះ ត្រូវបានប្រធានក្រុម ការងារចុះជួយឃុំដីឥដ្ឋនិងឃុំភូមិធំ ទទួលយកសំណើរទាំងនេះនិងឲ្យ ក្រុមការងាររបស់ចុះពិនិត្យ ដើម្បីរកវិធីដោះស្រាយជូនពួកគាត់។ លោកបានបន្តទៀតថា អ្វីដែលលំបាក គឺត្រូវដោះស្រាយភ្លាមៗដោយ មិនទុកយូរទេ ។
លោក ម៉ក់ ពេជ្ជរិទ្ធ ក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ ទៅចុះឈ្មោះបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា តាមកាលកំណត់ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺចាប់ពីថ្ងៃទី ១ កញ្ញា ដល់ថ្ងៃទី ២៩ វិច្ឆិកា ឆ្នាំ ២០១៦ខាងមុខនេះ ។
ជាមួយគ្នានោះ លោកប្រធានក្រុមការងារចុះជួយឃុំទាំងពីរ ក៏បានកោតសរសើរ ចំពោះបងប្អូន ប្រជាពលរដ្ឋភូមិលោះផុស៣ដែលបាន នាំចុះឈ្មោះបោះឆ្នោតគ្រប់ៗគ្នា ហើយសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋ លោកនឹងមើលថា តើអ្នកណាខ្លះបានជួយយើង។ ក្រោយបញ្ចប់ពិធី សំណេះសំណាល ក្រុមការងារចុះជួយឃុំដីឥដ្ឋ និងឃុំភូមិធំ ក៏បានផ្តល់អំណោយជាអង្ករដល់ប្រជាពលរដ្ឋជាង២០០គ្រួសារផងដែរហើយ ក្រុមការងាររបស់លោក បន្តជួយដល់ស្រ្តីឆ្លងទន្លេ ដោយស្ត្រីឆ្លងទន្លេ ម្នាក់ចំនួន ២០ម៉ឺនរៀល ចំណែកជនរងគ្រោះ ស្លាប់ម្នាក់ ២០ម៉ឺនរៀល ៕