(តាកែវ)៖ នៅល្ងាចថ្ងៃសៅរ៍ ៩រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នឹងអញ្ជើញជាអធិបតីបើកពិធីបុណ្យទន្លេលើកទី៩ នៅក្នុងខេត្តតាកែវ។
ក្នុងពិធីបើកបុណ្យទន្លេល្ងាចថ្ងៃនេះ ក៏មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា សមាជិករាជរដ្ឋាភិបាល គណៈកម្មការអន្តរក្រសួង ឯកអគ្គរាជទូត-រដ្ឋទូតប្រទេសជាមិត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការក្រសួងទេសចរណ៍ និងខេត្តតាកែវ ភ្ញៀវជាតិ អន្តរជាតិរាប់ពាន់នាក់។
ពិធីបុណ្យទន្លេ បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ដ៏សំខាន់មួយសម្រាប់កម្ពុជា ដែលមិនត្រឹមតែចូលរួមចំណែកក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ នៃខេត្តជាប់ដងទន្លេរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមគាំទ្រនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់អភិវឌ្ឍតំបន់តាមដងទន្លេប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ។
ព្រឹត្តិការណ៍បុណ្យទន្លេ ក៏ជាឱកាសមួយដើម្បីពង្រឹងគុណភាពសេវាកម្ម និងការបង្កើត និងអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ ប្រកបដោយការច្នៃប្រឌិតខ្ពស់ ជាពិសេសទេសចរណ៍តាមនាវា (River-Cruise) និងសហគមន៍ទេសចរណ៍តាមដងទន្លេជាដើម។
ពិធីបុណ្យទន្លេ ត្រូវបានប្រារព្ធឡើងលើកទី១ ឆ្នាំ២០១៥ នៅខេត្តក្រចេះ, លើកទី២ ឆ្នាំ២០១៦ នៅខេត្តកំពង់ចាម-ត្បូងឃ្មុំ, លើកទី៣ ឆ្នាំ២០១៧ នៅខេត្តស្ទឹងត្រែង, លើកទី៤ ឆ្នាំ២០១៨ នៅខេត្តកណ្ដាល, លើកទី៥ ឆ្នាំ២០១៩ នៅខេត្តកំពង់ឆ្នាំង និងលើកទី៦ ឆ្នាំ២០២០ នៅខេត្តបាត់ដំបង, លើកទី៧ ឆ្នាំ២០២៣ នៅខេត្តកំពង់ធំ លើកទី៨ ឆ្នាំ២០២៤ នៅខេត្តសៀមរាប និងលើកទី៩ នៅលើទឹកដីខេត្តតាកែវ។
ពិធីបុណ្យទន្លេលើកទី៩ ក្នុងខេត្តតាកែវ រៀបចំឡើងក្រោមប្រធានបទ « គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» ដែលប្រារព្ធធ្វើឡើងរយៈពេល៣ថ្ងៃ គឺថ្ងៃទី២១ ២២ និង២៣ ខែមីនា ឆ្នាំ២០២៥។
ពិធីបុណ្យទន្លេ ដែលប្រារព្ធនៅខេត្តតាកែវ ជាបុណ្យលើកទី៩ សម្រាប់កម្ពុជា និងជាបុណ្យលើកទី១ ជាប្រវត្តិសាស្ត្រសម្រាប់ខេត្តតាកែវ។ ក្នុងនាមជាម្ចាស់ផ្ទះ រៀបចំពិធីបុណ្យទន្លេនេះ រដ្ឋបាលខេត្តតាកែវ បានសហការជាមួយក្រសួងពាក់ព័ន្ធ មន្ទីរ អង្គភាព រួមនឹង មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រជាពលរដ្ឋទាំងអស់ បានចូលរួមសហការរៀបចំឱ្យមានព្រឹត្តិការណ៍នានា ដូចជា ការជិះកង់ចម្ងាយ ៧៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញមកទីរួមខេត្តតាកែវ ក្រោមប្រធានបទ «សេរីភាពនៃការជិះកង់» កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥កន្លងទៅថ្មីៗនេះ ការរត់កម្សាន្តមហាជនចម្ងាយ ៥គីឡូម៉ែត្រ ការដាំដើមឈើរួមគ្នា កីឡាប៉េតង់មហាជន កីឡាអុកចត្រង្គ កីឡារែក លោតមឹក កីឡាបាល់ទះមហាជន បាល់ទាត់មិត្តភាព កីឡាប៉ារ៉ាម៉ូទ័រ ប្រដាល់គុនខ្មែរ និងការជិះទូកកាយ៉ាកជាដើម ដែលបានបើកឱកាសឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានបាន ចូលរួមលេងកម្សាន្តរីករាយក្រោមម្លប់ នៃ
សុខសន្តិភាព។
ជាមួយគ្នានេះ ក៏មានរៀបចំពិព័រណ៌ផលិតផលពាណិជ្ជកម្មគ្រប់ប្រភេទ ក្នុងគោលបំណងជំរុញសកម្មភាពពាណិជ្ជកម្ម ផលិតផលក្នុងស្រុក ក្នុងតំបន់ និងតំបន់ទន្លេនៅតាមមូលដ្ឋានឱ្យបានទូលំទូលាយ ដើម្បីជាការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧។
សូមបញ្ជាក់ថា ខេត្តតាកែវ ជាខេត្តវ័យចំណាស់ដែលបានកកើតទឹកដី និងអារ្យធម៌ខ្មែរដំបូងបង្អស់ តាំងពីសម័យអាណាចក្រហ្វូណន ឬ នគរភ្នំ ដែលបានបន្សល់ទុកនូវធនធានប្រវត្តិសាស្ត្រជាប្រាសាទបុរាណជាច្រើន រួមមាន ប្រាសាទភ្នំដាសតវត្សទី៦ ស្ថិតនៅស្រុកអង្គរបុរី ប្រាសាទភ្នំ បាយ៉ង់សតវត្សទី៧ ស្ថិតនៅលើកំពូលភ្នំបាយ៉ង់ ស្រុកគិរីវង់ ប្រាសាទនាងខ្មៅសតវត្សទី១០ ស្ថិតក្នុងស្រុកសំរោង ប្រាសាទភ្នំជីសូរ្យសតវត្សទី១១ ស្ថិតក្នុងស្រុកសំរោង ប្រាសាទភ្នំតាម៉ៅ សតវត្សទី១១ ស្ថិតក្នុងស្រុកបាទី ប្រាសាទតាព្រហ្មសតវត្សទី១២ និង ដើមសតវត្សទី១៣ ស្ថិតក្នុងស្រុកបាទី ហើយទីតាំងប្រាសាទទាំងនោះ បានប្រែក្លាយជាតំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រដ៏ទាក់ទាញសម្រាប់ភ្ញៀវជាតិ អន្តរជាតិទស្សនា និងសិក្សាស្វែងយល់។
ជាមួយគ្នានេះ ខេត្តតាកែវ ក៏មានតំបន់ទេសចរណ៍ធម្មជាតិ និង ទេសចរណ៍កែច្នៃ សម្រាប់ភ្ញៀវទេសចរណ៍ មកលេងកម្សាន្តផងដែរ ដូចជា រមណីយដ្ឋានទន្លេបាទី រមណីយដ្ឋានទឹកជ្រោះផ្អោក រមណីយដ្ឋានភ្នំខ្លែង រមណីយដ្ឋានភ្នំជីតាពេជ្រ រមណីយដ្ឋានកំពូលពេជ្រ រមណីយដ្ឋានត្រីមាស និង វត្តពុទ្ធគិរីកម្ពុជា។ ក្រៅពីរមណីយដ្ឋានទេសចរណ៍ ខេត្តតាកែវ ក៏មានមូលដ្ឋានអាជីវកម្ម សម្រាប់បម្រើសេវាកម្មម្ហូបអាហារដ៏មានសក្តានុពល ដែលជាប្រភេទបង្កងធម្មជាតិ និងត្រូវបានចុះបញ្ជីសម្គាល់ភូមិសាស្ត្រ (GI) ដោយក្រសួងពាណិជ្ជកម្ម។ ក្នុងឆ្នាំ២០២៤ កន្លងទៅ ទទួលបានទិន្នផលចំនួន ៥០តោនសម្រាប់ផ្គត់ផ្គង់ក្នុងខេត្ត និង ក្រៅខេត្ត។ ទន្ទឹមនេះ ពងទា ស្រែរនោង ក៏ត្រូវបានទទួលស្គាល់ថា ជាប្រភេទពងទាមានរស់ជាតិឆ្ងាញ់ ដែលអាចទទួលបានទិន្នផលជាមធ្យម ១១៤.០០០គ្រាប់ក្នុងមួយថ្ងៃ និងជាង ១០០លានគ្រាប់ក្នុងមួយឆ្នាំ សម្រាប់នាំចេញលើទីផ្សារទាំងក្នុងខេត្ត និងក្រៅខេត្តផងដែរ។
ក្រោមមនុញ្ញផលនៃសុខសន្តិភាព និងគោលនយោបាយអភិវឌ្ឍជាតិប្រកបដោយឆន្ទៈមុះមុតក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីក្នុងនីតិកាលចាស់ និងបន្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ខេត្តតាកែវ ទទួលបាននូវសមិទ្ធផលយ៉ាងច្រើនផងដែរ។ ខេត្តតាកែវ ជាខេត្តប្រកបដោយសក្តានុពលកសិកម្មដែលមាន តុល្យភាពស្បៀងសម្រាប់ឆ្នាំ២០២៤កន្លងទៅ បរិមាណផលសរុបចំនួន ១,៣៦៤,៤៨៩តោន និងតុល្យភាពស្បៀងគិតជាអង្ករចំនួន ៧៥៩,៧៤៧តោន តុល្យភាពស្បៀងគិតជាស្រូវចំនួន ៩៥៩,៥៩០តោន។ បរិមាណស្រូវនាំចេញ និង ឆ្លងកាត់ក្នុងឆ្នាំ២០២៤ ប្រមាណ ៩៨៨,៩១០តោន។ ជាតំបន់សេដ្ឋកិច្ចឧស្សាហកម្ម ដែលមានរោងចក្រ សហគ្រាសធំៗជាច្រើន បាននឹងកំពុងប្រកបអាជីវកម្ម និងបន្តមកបណ្តាក់ទុនវិនិយោគជាបន្តបន្ទាប់ ដែលបច្ចុប្បន្នទូទាំងខេត្ត មានរោងចក្រ សហគ្រាស គ្រឹះស្ថាន ចំនួន ៧៦៩កន្លែង កម្មករនិយោជិត ១០៧,៤១១នាក់ ស្រី ៧៤,៤៥១នាក់។ ក្នុងនោះ ទី១៖ ផ្នែករោងចក្រវាយនភ័ណ្ឌកាត់ដេរចំនួន ១២៨កន្លែង កម្មករនិយោជិត ៩៣,៤៧០នាក់ ស្រី ៦៨,៧៨១នាក់, ទី២៖រោងចក្រ សហគ្រាសក្រៅពី វាយនភ័ណ្ឌកាត់ដេរមាន ៤៤២កន្លែង កម្មករនិយោជិត ៩,៨៩១នាក់ ស្រី ៤.៦៦០នាក់, ទី៣៖ ផ្នែកសេវាកម្ម មាន១៩៥កន្លែង កម្មករនិយោជិត ៣,៩៨១នាក់ ស្រី ១,២៨៤នាក់ និង ទី៤៖ សិប្បកម្មផលិតឥដ្ឋមានចំនួន ៤កន្លែង កម្មករនិយោជិត ៦៩នាក់ ស្រី ២៦នាក់។
ប្រាក់ចំណូលជាមធ្យមសម្រាប់កម្មករនិយោជិតក្នុងមួយឆ្នាំប្រមាណ ៣០២,៧៣០,០០០ដុល្លារអាមេរិក។ ក្រៅពីរោងចក្រ សហគ្រាសខាងលើ ក៏មានសិប្បកម្មខ្នាតតូចជាលក្ខណៈគ្រួសារ ដូចជា តម្បាញ ផាមួង ហូល ក្រមារសូត្រ ដែលមាននៅស្រុកសំរោង ស្រុកបាទី និងស្រុកព្រៃកប្បាស ខេត្តតាកែវ។ ចំណូលសម្រាប់មនុស្សម្នាក់ៗស្មើនឹង ៧,០៤៥,០៣០រៀល ឬស្មើ ១,៧១៨,៣ដុល្លារ ក្នុងឆ្នាំ ២០២៣៕