(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ បានរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដើម្បីចូលរួមបំផុសនូវមនសិការស្រឡាញ់ សិល្បៈវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងកេរដំណែលដូនតាជាច្រើនទៀត ដែលជាដួងព្រលឹង និងអត្តសញ្ញាណជាតិ សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។

ពិធីនេះ ក្រោមវត្តមានរបស់លោក លី សារី អភិបាលរងខេត្តសៀមរាប និងលោកស្រី​ យូ សុភា សមាជិកក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីអគ្គកុងស៊ុលប្រចាំខេត្តសៀមរាប និងលោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម សិស្ស និស្សិត សិល្បករ សិល្បការិនី ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនចូលរួមផងដែរ។

ក្នុងឱកាសនោះ លោក លី សារី បានលើកឡើងថា ការរៀបចំទិវាវប្បធម៌ជាតិនេះឡើង ដើម្បីលើកតម្លៃចំពោះវប្បធម៌ អារ្យធម៌ជាតិដ៏ឧត្តុង្គឧត្តម និងដើម្បីរំលេចអំពីកាតព្វកិច្ចចាំបាច់របស់យុវជន ក្នុងការបន្តវេនអភិរក្ស និងអភិវឌ្ឍវប្បធម៌ប្រកបដោយចីរភាព និងបរិយាបន្ន ស្របតាមគោលនយោបាយជាតិ ស្ដីពីវិស័យវប្បធម៌ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧។

លោកបានបន្តថា រាជរដ្ឋាភិបាលសម្រេចរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥នេះ ដើម្បីលើកកម្ពស់មនសិការស្នេហាជាតិ ភាពជាម្ចាស់ នៃកេរដំណែលវប្បធម៌ និងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន សំដៅធានាបាននូវសុខដុមរមនាសង្គម សេចក្ដីថ្លៃថ្នូរ និងកិត្យានុភាពជាតិ ដើម្បីចូលរួមកសាងប្រទេស និងបំផុសឱ្យប្រជាពលរដ្ឋគ្រប់រូប ជាពិសេសយុវជន ត្រូវចូលរួមជាកម្លាំងចលករក្នុងកិច្ចអភិរក្ស លើកស្ទួយ និងអភិវឌ្ឍវប្បធម៌ជាតិ រួមទាំងវប្បធម៌ចម្រុះរបស់សហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជាឱ្យបានស្ថិតស្ថេរ គង់វង្ស និងរីកចម្រើន។

លោកបន្ថែមថា ដោយមិនប្រកាន់នូវនិន្នាការនយោបាយ ជំនឿ សាសនា ពណ៌សម្បុរ និងបង្កើនការយល់ដឹងអំពីតម្លៃដ៏មហាសាលនៃសម្បត្តិវប្បធម៌ជាតិដ៏សម្បូរបែប ដែលជាប្រភពមិនចេះរីងស្ងួត សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព តាមរយៈការបង្កើតសេវា និងផលិតផលវប្បធម៌ថ្មីៗ ប្រកបដោយភាពច្នៃប្រតិដ្ឋក្នុងគោលដៅពាណិជ្ជកម្ម និងទេសចរណ៍ ដែលរួមចំណែកដល់ការបង្កើតការងារឱ្យកាន់តែច្រើន សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ 

អភិបាលរងខេត្តសៀមរាប បានបញ្ជាក់ថា ព្រមទាំងលើកកម្ពស់ភាពច្នៃប្រឌិត និងនវានុវត្តន៍នៅក្នុងវិស័យសិល្បៈវប្បធម៌ ដោយប្រើបច្ចេកវិទ្យាឌីជីថល ព្រមជាមួយនឹងគំនិតផ្តួចផ្តើមថ្មីៗ ឈរលើមូលដ្ឋានអត្តសញ្ញាណជាតិ ដើម្បីបង្កើនភាពទាក់ទាញ និងផ្ដល់ភាពងាយស្រួលដល់ការចូលរួម ក្នុងសកម្មភាពវប្បធម៌សម្រាប់សាធារណជនទូទៅ ជាពិសេសកុមារ យុវជន ស្ត្រី មនុស្សចាស់ និងជនមានពិការភាព ក្រោមពាក្យស្លោក «សិល្បៈវប្បធម៌សម្រាប់យើងទាំងអស់គ្នា» ដោយលើកស្ទួយកិច្ចសហប្រតិបត្តិការវប្បធម៌ ក្នុងស្មារតីកសាងស្ពានភ្ជាប់ទំនាក់ទំនងពីសង្គមមួយទៅសង្គមមួយ ពីប្រជាជាតិមួយទៅប្រជាជាតិមួយ និងពីប្រទេសមួយទៅប្រទេសមួយក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងការគោរពគ្នាទៅវិញទៅមក ដែលនាំមកនូវសាមគ្គីភាព មិត្តភាព សុខដុមរមនា និងសន្តិភាព។

លោក លី សារី បានលើកឡើងថា ខេត្តសៀមរាប គឺជាជង្រុងនៃសម្បត្តិវប្បធម៌ដ៏សម្បូរបែប ទាំងរូបិយ និងអរូបិយ បានកំពុងទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យចូលមកទស្សនាកម្សាន្ត។ ម៉្យាងទៀតខេត្តសៀមរាប ក៏សម្បូរទៅដោយប្រាង្គប្រាសាទប្រណិតៗជាច្រើន ដែលជាមរតកដ៏មានតម្លៃដ៏មហាសាលមិនអាចកាត់ថ្លៃបាន ហើយ «ប្រាសាទ» ក៏ជាប្រភពចំណូលមួយមិនចេះរីងស្ងួតរបស់ជាតិផងដែរ៕