(ភ្នំពេញ)៖ លោកស្រី ដូនីកា ផតទី ឯកអគ្គរដ្ឋទូតថ្មីរបស់កាណាដា ប្រចាំនៅកម្ពុជា ថៃ និងឡាវ បានថ្លែងថា មានវិនិយោគិនកាណាជា ច្រើនរូប បាននិងកំពុងសម្លឹងមើលឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា និងប្រទេសសមាជិកអាស៊ានដទៃទៀត។
លោកស្រីឯកអគ្គរដ្ឋទូត បានដូច្នេះក្នុងពេលចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ នាពេលថ្មីៗនេះ។
លោកស្រី ដូនីកា ផតទី បានជម្រាបលោក ប៉ាន សូរស័ក្តិ ថា វិនិយោគិនកាណាដា ចាប់អារម្មណ៍ទៅលើផ្នែកកែច្នៃម្ហូបអាហារ ដំណាំកសិឧស្សាហកម្ម និងការបណ្តុះបណ្តាលវិជ្ជាជីវៈផ្សេងៗ ដើម្បីរួមចំណែកធ្វើពិពិធកម្មវិស័យសេដ្ឋកិច្ចកម្ពុជា។
លោកស្រី ក៏បានបង្ហាញពីបំណងជួយក្រសួងពាណិជ្ជកម្មកម្ពុជា ក្នុងការរៀបចំរបៀបវារៈពាណិជ្ជកម្ម ដើម្បីឲ្យកម្ពុជាអាចដឹកនាំ និងសម្របសម្រួលក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងការចរចារទាញយកអត្ថប្រយោជន៍ពីអង្គការពាណិជ្ជកម្មពិភពលោក (WTO) ព្រមទាំងបានសន្យាជួយទាក់ទាញវិនិយោគិន ពីប្រទេសកាណាដា ឲ្យចូលមកបណ្តាក់ទុនកាន់តែច្រើននៅកម្ពុជា ក្នុងពេលឆាប់ៗខាងមុខ។
ក្នុងជំនួបនោះ លោក ប៉ាន សូរស័ក្តិ បានជម្រាបលោកស្រី ឯកអគ្គរដ្ឋទូតពីស្ថានភាពរីកចម្រើន នៃសេដ្ឋកិច្ច និងលក្ខណៈអំណោយផល នៃទីតាំងភូមិសាស្ត្ររបស់កម្ពុជា ព្រមទាំងសមិទ្ធផលធំៗ របស់ក្រសួងពាណិជ្ជកម្ម ដូចជាការដាក់ឲ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មសំខាន់ៗ និងការរៀបចំសេចក្តីព្រាងច្បាប់ពាក់ព័ន្ធ ដើម្បីជំរុញកិច្ចសម្រួលពាណិជ្ជកម្ម និងលើកកម្ពស់បរិយាសកាសធុរកិច្ច។
លោករដ្ឋមន្ត្រីបានលើកឡើងទៀតថា រាជរដ្ឋាភិបាលបានជ្រើសយកខេត្តព្រះសីហនុ ដើម្បីអភិវឌ្ឍន៍ទៅជាទីក្រុងចិន នៃប្រទេសកម្ពុជា ដែលនឹងមានការសាងសង់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបង្ហាត់បង្រៀនជំនាញជូនប្រជាពលរដ្ឋខ្មែរ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធធំៗ ស្របតាមក្របខ័ណ្ឌយុទ្ធសាស្ត្រ «ខ្សែក្រវាត់មួយ-ផ្លូវមួយ» ដើម្បីធ្វើជាគំរូនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន។
លោករដ្ឋមន្ត្រីបានបន្តថា រាជរដ្ឋាភិបាលបានកំពុងកសាងទំនប់វារីអគ្គីសនីសេសានក្រោម២ ស្ថិតនៅក្នុងខេត្តស្ទឹងត្រែង ដែលអាចផលិតថាមពលសរុប ៤០០មេហ្គាវ៉ាត់ម៉ោង ដើម្បីឆ្លើយតបតម្រូវការវិនិយោគិន និងការប្រើប្រាស់ក្នុងស្រុក ហើយក្រសួងពាណិជ្ជកម្ម ក៏បានកំពុងធ្វើការជាមួយក្រុមហ៊ុនម៉ៃក្រូសូហ្វលើគម្រោង Translator Hub Khmer ដើម្បីលុបបំបាត់ឧបសគ្គ នៃការប្រើប្រាស់ភាសាសម្រាប់វិនិយោគិន។
លោកស្រី ដូនីកា ផតទី បានអបអរសាទរចំពោះប្រទេសកម្ពុជា និងសមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបាន។
សូមបញ្ជាក់ថា កាលពីឆ្នាំ ២០១៥ ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និងកាណាដាមានទំហំ ៨០០លានដុល្លារ ហើយក្នុងពេលជាមួយគ្នា កម្ពុជាបានទាក់ទាញភ្ញៀវទេសចរពីកាណាដាចំនួន ៥ម៉ឹន ៧ពាន់នាក់៕