សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចុះដកហូត បារី៥៥៥ ខុសច្បាប់ចំនួន៣៦សុង
28-10-2016 12:07
(កំពង់ស្ពឺ)៖ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដឹកនាំដោយលោកវរសេនីយ៍ទោ ម៉ាត់ ធុច នាយការិល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានចុះធ្វើការឆែកឆេរ ត្រួតពិនិត្យជាក់ស្តែង លើទីតាំងផ្ទះយីហោ លី ទូច ដែលមានម្ចាស់ឈ្មោះ លី ទូច អាយុ 55ឆ្នាំ ស្ថិតក្នុងភូមិ ពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីចែកចាយបារី ៥៥៥ខុសច្បាប់។
ប្រតិបត្តិការនៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង៤រសៀល មានការសម្របសម្រួលពីលោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ និងមានការដឹកនាំបញ្ជាផ្ទាល់ដោយលោក អ៊ូ ផាត ព្រះរាជអាជ្ញារង ហើយសមត្ថកិច្ចបានរកឃើញនិងដកហូត នូវបារី៥៥៥ ខុសច្បាប់ចំនួន៣៦សុង និងបានបង្គាប់អោយម្ចាស់ចូលខ្លួនទៅបំភ្លឺនៅពេលក្រោយ ។
ចំពោះបារីដែលខុសច្បាប់នេះ ងាយស្រួលក្នុងការសម្គាល់ គឺពុំមានសារ ព្រមានសុខភាពជាភាសាខ្មែរស្របតាមច្បាប់កំណត់ និងពុំមានតែមពន្ធបិទ នៅលើកញ្ចប់ដែរ ហើយនេះគឺជាសារដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ សូមឈប់លក់ចែកចាយ នូវបារីខុសច្បាប់នេះតទៅទៀត ព្រោះវានាំអោយប្រឈមខ្លាំងជាមួយផ្លូវច្បាប់ ដែលអាចដល់មានទោសទណ្ឌទៅទៀត៕