(កណ្តាល)៖ ថ្លែងនៅចំពោះមុខ ប្រជាពលរដ្ឋជាច្រើនរយនាក់ ក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៩ ខែតុលានេះ លោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ជាថ្មីថា រហូតមកដល់ម៉ោងនេះ នៅកម្ពុជាគ្មានអង្ករប្លាស្ទិកនោះទេ សូមបងប្អូនប្រជាពលរដ្ឋកុំព្រួយបារម្ភ និងភ័យខ្លាច ថាទិញប៉ះចំអង្ករប្លាស្ទិកនោះ។
លោក ម៉ក់ ពេជ្ជរិទ្ធ បានបញ្ជាក់ថា ចំពោះការបង្ហោះវីដេអូ និងរូបភាពស្តីពីអង្ករផ្លាស្ទិកនោះ មិនដឹងជាពួកគេមានបំណងអ្វីមួយ ឬដើម្បីឲ្យមានភាពចលាចលក្នុងសង្គម បានជាពិសោធន៍ដោយខ្លួនឯង ហើយអះអាងថា ជាអង្ករប្លាស្ទិកយ៉ាងដូច្នេះ តាមមិនមានអង្ករប្លាស្ទិកនោះទេ។
លោកបានអះអាងថា អង្កររបស់កម្ពុជា គឺជាអង្ករដែលមានគុណភាពល្អ សូមបងប្អូនកុំព្រួយបារម្ភ។
សូមជម្រាបថា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ ក្នុងឱកាសដែលលោកអញ្ជើញ បើកពិព័រណ៍ផលិតផលខ្មែរ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ នៅរសៀលថ្ងៃទី២៧ ខែតុលា លោកបានបញ្ជាក់ថា អង្ករប្លាស្ទិកគ្មានឡើយនៅកម្ពុជា ហើយចំពោះការផ្សព្វផ្សាយវិដេអូ និងរូបភាពស្តីពីអង្ករប្លាស្ទិក លើទំព័រ Facebook នោះ គឺជាការបំពុលបរិយាកាសសង្គមតែប៉ុណ្ណោះ។
លោករដ្ឋមន្ត្រីបានថ្លែងថា គ្មានអង្ករប្លាស្ទិកនៅកម្ពុជាឡើយ បើមានសូមបងប្អូនយក មកលក់ឲ្យមន្ត្រីកាំកុងត្រូល ដោយឲ្យតម្លៃ១គុណនឹង៤ឯណោះ។ ឧទាហរណ៍៖ ទិញអង្ករអស់១ពាន់ សង៤ពាន់ដុល្លារ៕