(ក្រចេះ)៖ លោកសាស្ដ្រចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខដល់មន្ដ្រី-បុគ្គលិក ដែលប្រចាំដើម្បីបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ នៅមណ្ឌលសុខភាព មនោរម្យ ស្ថិតនៅសង្កាត់ក្រគរ ក្រុងក្រចេះ ខេត្ដក្រចេះ។
ក្នុងដំណើរចុះសួរសុខទុក្ខខាងលើនេះ បានធ្វើឱ្យក្រុមគ្រូពេទ្យដែលមន្ដ្រីបុគ្គលិកនៅក្នុងមណ្ឌលមនោរម្យ រំភើបរហូតដល់ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ដោយសារតែលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី អញ្ជើញចុះមកដោយមិនដឹងដំណឹងជាមុន និងប្រកបដោយទឹកមុខញញឹម និងកាយវិកាយដ៏កក់ក្ដៅជូនដល់មន្ដ្រីបុគ្គលិក។
បន្ទាប់ពីសំណេះសំណាលជាមួយក្រុមគ្រូពេទ្យមួយសន្ទុះក្រោយមក លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានអញ្ជើញពិនិត្យតាមបន្ទប់ការងារសម្រាប់បម្រើសេវាសុខាភិបាលជូនប្រជាជន រួមមានបន្ទប់ពីគ្រោះជំងឺ បន្ទប់ពិនិត្យផ្ទៃពោះ និងពន្យាកំណើត បន្ទប់សម្រាលកូន និងថែទាំក្រោយសម្រាល, ឃ្លាំងឱសថ និងសម្ភារៈឧបករណ៍ពេទ្យ រួមទាំងទីតាំងផ្សេងៗទៀត។
ក្នុងឱកាសនោះលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានណែនាំឱ្យក្រុមគ្រូពេទ្យ បន្ដខិតខំបំពេញការងារឱ្យកាន់តែល្អ និងយកចិត្ដទុកដាក់ខ្ពស់ ក្នុងការបម្រើសេវាសុខាភិបា ជូនប្រជាជននៅក្នុងភូមិឃុំរបស់ខ្លួន ក៏ដូចជាប្រជាពលរដ្ឋពីចម្ងាយផងដែរ ។លើសពីនោះត្រូវបន្ដអភិវឌ្ឍជំនាញរបស់ខ្លួនឱ្យកាន់តែមានភាពបុរេសកម្មលើគ្រប់សេវាថែទាំ និងព្យាបាលជំងឺជូនប្រជាជន។
ជាមួយគ្នានោះលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក៏បានផ្ដល់អនុសាសន៍គន្លឹះដល់មន្ដ្រីបុគ្គលិកនៃមណ្ឌលសុខភាព មនោរម្យ ជាពិសេសលើកទឹកចិត្ដដល់មន្ដ្រីទាំងអស់ បន្ដសាមគ្គីគ្នា ចេះជួយគ្នាទៅវិញទៅមក ដើម្បីសហការគ្នាបម្រើសេវាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព ស័ក្កសិទ្ធភាព និងភាពកក់ក្ដៅ។
ជាការឆ្លើយតបក្រុមគ្រូពេទ្យប្រចាំការនៅមណ្ឌលសុខភាពខាងលើនេះ បានសម្ដែងការសប្បាយចិត្ដជាខ្លាំង ដែលឃើញវត្ដមានរបស់លោករដ្ឋមន្ដ្រីសុខាភិបាល មិនត្រឹមតែបង្រៀនជារៀងរាល់សប្ដាហ៍តាមប្រព័ន្ធ Zoom ហើយនៅថ្ងៃនេះគឺបានចុះមកមើលការខុសត្រូវដោយផ្ទាល់ ដោយភ្ជាប់ជាមួយការលើកទឹកចិត្ដ ក្ដីស្រលាញ់ ដែលជំរុញឱ្យមន្ដ្រីបុគ្គលិកនៃមណ្ឌលសុខភាព កាន់តែមានការប្ដេជ្ញាខ្ពស់ក្នុងការបំពេញភារកិច្ច ជួយលើកកម្ពស់សុខភាពជូនប្រជាជន។
សូមជម្រាបថា ក្នុងដំណើរចុះមកពិនិត្យមណ្ឌលសុខភាពមនោរម្យ គឺក្នុងឱកាសដែលលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ចុះបេសកកម្មចំនួន ២ថ្ងៃទី១៩-២០ ខែមីនា ឆ្នាំ២០២៥ ចុះមកពិនិត្យវឌ្ឍនការងារនៅមន្ទីរពេទ្យបង្អែកខេត្ដចំនួន ២ គឺមន្ទីរពេទ្យបង្អែកបាធាយ ខេត្ដកំពង់ចាម និងមន្ទីរពេទ្យបង្អែកឆ្លូង ខេត្ដក្រចេះ ពិសេសក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារផ្នែកជំងឺកុមារចំនួន ១ខ្នង កម្ពស់ ២ជាន់ នៃមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ដែលចំណាយថវិកាសាងសង់ជិត ១លានដុល្លារ៕