(កំពង់ឆ្នាំង)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា (CMDF) នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ បានបន្តអញ្ជើញសំណេះសំណាល និងចែកកញ្ចប់អាហារស្រាយបួសជូនប្រជាពលរដ្ឋ ចំនួន២០០គ្រួសារ នៅភូមិប្រវឹកពង ឃុំសែប ស្រុកកំពង់ត្រទ្បាច ខេត្តកំពង់ឆ្នាំង ដែលជាអំណោយរបស់អង្គការសម្ព័ន្ធពិភពឥស្លាម (MWL) ផ្តល់ជូនតាមរយៈអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា។
ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានថ្លែងថា អង្គការសម្ព័ន្ធពិភពឥស្លាម នៃប្រទេសអារ៉ាប៊ីសាអូឌីត តែងតែផ្តល់ជំនួយកញ្ចប់អាហារស្រាយបួសជូនសមាគមន៍ឥស្លាមកម្ពុជា តាមរយៈអង្គការមូលនិធិអភិវឌ្ឍមុស្លិមកម្ពុជា (CMDF) ចំនួនរាប់ពាន់កញ្ចប់ ជារៀងរាល់ឆ្នាំ ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋក្នុងខែបួសរ៉ម៉ាឌន ហើយក៏មានអង្គការឥស្លាមផ្សេងៗទៀតផងដែរ ដូចជាមកពីប្រទេសអាឡឺម៉ង់ តួកគីយេ កាតា និងអង្គការផ្សេងៗទៀត ដែលបាននឹងកំពុងធ្វើសកម្មភាពមនុស្សធម៌ នៅកម្ពុជា។
លោកទេសរដ្ឋមន្ត្រី បានបន្តថា ជាទូទៅក្នុងមួយឆ្នាំៗ សហគមន៍ឥស្លាមកម្ពុជា បានទទួលអំណោយកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ពីអង្គការសមាគមផ្សេង សប្បុរសជនក្នុងស្រុក និងក្រៅស្រុក មានចំនួន មិនតិចជាង៥ម៉ឺន ទៅ៧ម៉ឺនកញ្ចប់នោះទេ សម្រាប់ទូទាំងប្រទេស។
ទេសរដ្ឋមន្ត្រី បានរំលឹកដែរថា ក្រោមដំបូលសុខសន្តិភាពនៃប្រទេសកម្ពុជា បងប្អូនប្រជាពលរដ្ឋទាំងអស់ មានឱកាសគោរពប្រតិបត្តិសាសនារបស់ខ្លួន អាចប្រកបមុខរបរអាជីវកម្មផ្សេងៗ ក៏ដូចជាមានភាពងាយស្រួលក្នុងការធ្វើកិច្ចការនានា ទាំងអស់ ហើយកត្តាសុខសន្តិភាពនេះហើយ បានធ្វើឲ្យអ្នកវិនិយោគបរទេស បានមកបណ្តាក់ទុនវិនិយោគលើវិស័យផ្សេងៗ នៅកម្ពុជា ដែលជាផ្នែកមួយជួយជំរុញសេដ្ឋកិច្ចជាតិ ឲ្យមានការកើនឡើងជាបន្តបន្ទាប់។
ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានបន្ថែមថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានខិតខំប្រែប្រែងដឹកនាំប្រទេសយ៉ាងខ្លាំងខ្លា ធ្វើយ៉ាងណា ដើម្បីឱ្យប្រជាពលរដ្ឋមានជីវភាពរស់នៅធូរធា សេដ្ឋកិច្ចមានការកើនឡើងបន្ថែមទៀត រក្សាបាននូវសុខសន្តិភាព ព្រមទាំងបានធ្វើឲ្យមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដោយមិនមានការរើសអើងពូជសាសន៍ និងជម្លោះសាសនាឡើយ។
ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមបន្តថែរក្សាសុខសន្តិភាព សុខដុមនីយកម្ម ជាតិសាសន៍ និងសាសនា ហើយមានជំនឿជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
នៅព្រឹកថ្ងៃទី១៩ មីនាដដែលនេះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ក៏បានអញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំឥស្លាមមកពីជាង៥០ភូមិ និងបានប្រគល់គម្ពីរអាល់គួរអានចំនួន៥០កេស ស្មើ២០០០ក្បាល និងផ្លែល្មើចំនួន៦០កេស ស្មើ១២០០ គីឡូក្រាមដល់គណៈអ៊ីមាំខេត្តកំពង់ឆ្នាំង ដើម្បីបែងចែកបន្តនៅតាមតំបន់នានា ក្នុងខេត្ត។ គម្ពីរអាល់គួរអាន និងផ្លែល្មើនេះ ជាព្រះរាជអំណោយ របស់ព្រះចៅ សាល់ម៉ាន ពិន អាប់ឌុលអាហ្ស៊ីស អាល់សាអ៊ូដ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត៕