(ភ្នំពេញ)៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងទីស្តីការគណៈរដ្ឋមន្រ្តី ដោយមានការចូលរួមពីសំណាក់លោកទេសរដ្ឋមន្ត្រី ឆែម គាតរិទ្ធី ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ លោក លោកស្រី រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រុមប្រឹក្សា និងគណៈកម្មាធិការ ព្រមទាំងអគ្គនាយកនៃអគ្គនាយកដ្ឋានជំនាញនៃទីស្តីការគណៈរដ្ឋមន្រ្តី។
កិច្ចប្រជុំនេះក៏បានពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តីក្នុងរយៈពេលកន្លងមក និងដើម្បីបន្តផ្តល់នូវដំណោះស្រាយដ៏សមស្រប ចំពោះសំណូមពរ និងបញ្ហាប្រឈមផ្សេងៗរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្នុងការបំពេញការងារ ព្រមទាំងដើម្បីតម្រង់ទិសអាទិភាពការងារ សំដៅពង្រឹង និងលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងសមិទ្ធកម្មការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តីឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ក្នុងនាមជាសេនាធិការរបស់នាយករដ្ឋមន្រ្តី និងគណៈរដ្ឋមន្រ្តី។
នាឱកាសនោះលោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំយ៉ាងសកម្ម បំពេញការងារ ប្រកបដោយសាមគ្គីភាពផ្ទៃក្នុងរឹងមាំ ជាអង្គតែមួយនិងប្រកបដោយសហថាមពល ដែលបានបង្ហាញថាទីស្ដីការគណៈរដ្ឋមន្ត្រីកំពុងរីកលូតលាស់ រីកចម្រើន មានថាមពល និងចីរភាពក្នុងការបំពេញបេសកកម្មបម្រើរាជរដ្ឋាភិបាល និងប្រទេសជាតិ ជាពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខនៃរាជរដ្ឋាភិបាល។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបញ្ជាក់ថា ជារួមអង្គភាពចំណុះទីស្ដីការគណៈរដ្ឋមន្ត្រីផ្ទាល់ ទាំងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលជាស្លាបឆ្វេង ក្រុមប្រឹក្សាអ្នកច្បាប់ជាស្លាបស្ដាំ អគ្គនាយកដ្ឋានជំនាញទាំង១០ជាឆ្អឹងខ្នង គណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលជាកន្ទុយ ព្រមទាំងគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងថ្នាក់ដឹកនាំទាំងអស់ដែលជាក្បាល គឺបាននិងកំពុងស្ថិតក្នុងចលនការនៃការបំពេញការងារដោយឈរលើអភិក្រមជវភាពប្រព័ន្ធតួអង្គតែមួយ និងឈរលើគុណតម្លៃស្នូលទាំង៤ គឺ ទី១៖ នីតិរដ្ឋនិងការពារផលប្រយោជន៍សាធារណៈ ទី២៖ គុណាធិបតេយ្យ ទី៣៖ បរិយាបន្ន និង ទី៤៖ វិជ្ជាជីវៈនិងក្រមសីលធម៌ ដើម្បីឈានឆ្ពោះទៅប្រសិទ្ធភាព គុណភាព សមិទ្ធកម្ម និងនិរន្តរភាពការងារ ស្របតាមស្មារតីកំណែទម្រង់របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា។
ជាមួយគ្នានេះលោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានផ្តល់ការណែនាំមួយចំនួនបន្ថែមជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃទីស្តីការគណៈរដ្ឋមន្រ្តី និងបានលើកទឹកចិត្តឱ្យអង្គភាពចំណុះទីស្ដីការគណៈរដ្ឋមន្ត្រីបន្តរៀបចំផែនការអភិវឌ្ឍស្ថាប័ន (IDP) ដោយគិតគូរបន្ថែមអំពីក្របខ័ណ្ឌនវានុវត្តន៍(Innovation) ស្របតាមផែនការយុទ្ធសាស្ត្រទីស្ដីការគណៈរដ្ឋមន្ត្រី ២០២៤-២០២៨ ព្រមទាំងការកសាង និងអភិវឌ្ឍសមត្ថភាពថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់លំដាប់។
ក្នុងកិច្ចប្រជុំនេះផងដែរលោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានផ្ដល់ការណែនាំតម្រង់ទិសសម្រាប់ ការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ និងលើកទិសដៅការងាររបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ដែលជាការរៀបចំដំបូងបង្អស់ និងជាប្រវត្តិសាស្ត្រមួយរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ក្នុងបរិការណ៍ថ្មីនៃរាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្នុងអំឡុងដើមខែមេសា ឆ្នាំ២០២៥ខាងមុខនេះ៕