(ហ៊ឺណាន, ចិន)៖ នាព្រឹកថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញ​ដឹក​​នាំគណៈប្រតិភូនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសមាគមឧកញ៉ាកម្ពុជា ចូលជួបសម្តែងការគួសម និងពិភាក្សាការងារជាមួយលោក Liu Ning លេខា​ធិការនៃគណៈកម្មាធិការគណៈបក្សកុម្មុយនីសចិនខេត្តហ៊ឺណាន និងជា​ប្រ​ធាន​​គណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជន ខេត្តហ៊ឺណាន ក្នុង​គោល​បំណង​ពិភាក្សាអំពីលទ្ធភាពនៃការពង្រឹង និងពង្រីកកិច្ចសហ​ប្រតិបត្តិ​ការ​លើវិស័យសេដ្ឋកិច្ច និងវិនិយោគរវាងប្រទេសទាំងពីរ។

ក្នុងជំនួបនោះលោកលេខាបក្សបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូដែលបានអញ្ជើញមកកាន់ខេត្តហ៊ឺណាននាឱកាសនេះ។ លោកក៏បានជម្រាប​គណៈ​ប្រតិភូឱ្យ​បានជ្រាបអំពីវឌ្ឍនភាពថ្មីៗនៃការអភិ​វឌ្ឍសង្គម-សេដ្ឋកិច្ច នៃ​ខេត្តហ៊ឺណាន ដែលជាមជ្ឈមណ្ឌលនយោបាយ, សេដ្ឋកិច្ច, និងវប្បធម៌រយៈពេ​ល​ជាង២សហស្សវតរ៍មកហើយ។

លោក Liu Ning ក៏បានបង្ហាញការកត់សម្គាល់អំពីកិច្ចខិតខំប្រឹងប្រែងរ​វាង​ថ្នាក់​ដឹកនាំកម្ពុជា និងចិន ក្នុងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន, ពង្រឹង​ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ, និងបង្កើតឱ្យមានវឌ្ឍនភាព​វិជ្ជ​មាន​ក្នុងការកសាងរបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ក៏ដូចជារបៀងមច្ឆា និងអង្ករជាដើម។ ជាមួយគ្នានេះ លោក បានបង្ហាញសុទិដ្ឋិនិយមថា​ដំណើរ​បេសកកម្មនាពេលនេះនឹងអាចទាក់ទាញបានគម្រោងវិនិយោគិនជាច្រើនពីខេត្តហ៊ឺណាន ពិនិត្យលទ្ធភាព និងឱកាសទៅបណ្តាក់ទុនវិនិយោគនៅកម្ពុជា សំដៅចូលរួមចំណែកលើកកម្ពស់វិបុលភាពសហគមន៍វាសនារួមកម្ពុជា-ចិន។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណ​ចំពោះការបដិ​សណ្ឋារ​កិច្ចយ៉ាងកក់ក្តៅជូនគណៈប្រតិភូកម្ពុជា​នាឱកាសនៃដំណើរបេសក​កម្ម​ជំរុញ និងទាក់ទាញវិនិយោគមកកាន់ខេត្តហ៊ឺណាន ដែលជាបេសក​កម្ម​ទាក់​ទាញ និងជំរុញវិនិយោគនៅក្រៅប្រទេសដំបូងគេបង្អស់ប្រចាំឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ​សម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋ​កិច្ចយ៉ាងឆាប់រហ័សរបស់ខេត្តហ៊ឺណាន ដែលជាខេត្តដ៏រស់រវើកមួយរបស់​ចិន​។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានយកឱកាសនេះជម្រាបជូនភាគីមិត្តអំពី​បច្ចុ​ប្បន្ន​ភាពថ្មីៗនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងបរិយាកាសវិនិយោគនៅ​កម្ពុជា។

ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញគណៈ​ប្រតិភូ​រដ្ឋបាលខេត្តហ៊ឺណាន និងតំណាងសហគ្រាសប្រចាំខេត្ត បំពេញ​ទស្សនកិច្ចការងារនៅកម្ពុជាដើម្បីសិក្សាស្វែងយល់បន្ថែមអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគដ៏សម្បូរបែប ជាពិសេសពិនិត្យលទ្ធភាពរៀប​ចំតំបន់សេដ្ឋកិច្ចពិសេសលើវិស័យកសិ-ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ច​ពិសេស​លើអនុវិស័យយានយន្ត និងអេឡិចត្រូនិកដើម្បីផលិតវត្ថុធាតុដើម និងផលិតផលពាក់កណ្តាលសម្រេចសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងក្នុង​តំបន់ផងដែរ៕