(កណ្តាល)៖ រថយន្តដឹកកម្មករពីរគ្រឿង បើកជែងគ្នាបណ្តាលឲ្យក្រឡាប់រងរបួសកម្មករធ្ងន់ស្រាល ៧នាក់ នៅយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦នេះ ក្នុងតំបន់សេដ្ឋកិច្ច ៧NG ស្ថិតក្នុងភូមិវិហារសួគ៍ជើង ឃុំវិហារសួគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
មន្ដ្រីនគរបាលចរាចរណ៍ស្រុកខ្សាច់កណ្តាល បានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តដឹកកម្មករពីរគ្រឿង បើកជែងគ្នាទៅវិញទៅមក ហើយបានបួងចង្កូតខ្លាំង បណ្តាលឲ្យក្រឡាប់តែម្តងបណ្តាលឲ្យកម្មករ៧នាក់របួស ក្នុងនោះរបួសធ្ងន់ម្នាក់។
ក្រោយពេលកើតហេតុជនរងគ្រោះ គេឃើញមានមន្ដ្រីបេឡាជាតិរបបសន្ដិសុខសង្គមរួមជាមួយសមត្ថកិច្ចមូលដ្ឋាន បានចុះជួយអន្ដរាគមន៍ ហើយដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្តាល និងបានបញ្ជូនបន្តទៅមន្ទីរពេទ្យកាល់ម៉ែត។
សូមបញ្ជាក់ថា នៅថ្ងៃទី២៧ ខែតុលា ម្សិលមិញនេះ រថយន្តដឹកកម្មករមួយគ្រឿងបានក្រឡាប់លើផ្លូវជាតិលេខ៦អា ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ បណ្តាលឲ្យកម្មករ កម្មការិនីរហូតដល់ទៅ ៣០នាក់របួសធ្ងន់ស្រាល ហើយថ្ងៃទី២៦ ខែតុលា រថយន្តដឹកកម្មករមួយគ្រឿងទៀតនៅឯខេត្តកំពង់ឆ្នាំង ក៏បានក្រឡាប់បណ្តាលឲ្យកម្មករ កម្មការិនីប្រមាណ ៣០នាក់បានរងរបួសធ្ងន់ស្រាលផងដែរ៕