Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ សាលាភូមិន្ទរដ្ឋបាល សម្រេចបន្ថែមមុខវិជ្ជា «ឧត្តមភាពមន្ត្រី» ដើម្បីផ្សាភ្ជាប់មនសិកាមន្ត្រីរាជការ វិជ្ជាជីវៈ ឱ្យកាន់មានចំណេះដឹង ចំណេះធ្វើបម្រើប្រជាជន (Video inside)

20-03-2025 14:54

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ បានបញ្ជាក់ឲ្យដឹងថា សាលាភូមិន្ទរដ្ឋបាល បានសម្រេចបន្ថែមមុខវិជ្ជា «ឧត្តមភាពមន្ត្រី» ដើម្បីផ្សាភ្ជាប់មនសិកាមន្ត្រីរាជការ វិជ្ជាជីវៈ ឱ្យកាន់មានចំណេះដឹង ចំណេះធ្វើដើម្បីបម្រើប្រទេសជាតិ និងប្រជាជន។

ការបញ្ជាក់ឲ្យដឹងបែបនេះ របស់ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ធ្វើឡើងក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ ក្រោមអធិបតីភាព សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមគោរពជម្រាប ជូនសម្តេចមហាបវធិបតី និងអង្គសន្និបាតជ្រាបថា ក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានសម្រេចដាក់បន្ថែមមុខវិជ្ជា «ឧត្ដមភាពមន្ត្រី» ក្នុងការបណ្ដុះបណ្ដាលរបស់ខ្លួន។ ការសម្រេចដាក់បន្ថែមមុខវិជ្ជានេះ ក្នុងគោលបំណងផ្សារភ្ជាប់មនសិការ ស្មារតីវិជ្ជាជីវៈ ជាមន្ត្រីរាជការ ឲ្យសិស្សមន្ត្រី នឹងធ្វើឲ្យក្របខណ្ឌ បណ្ដុះបណ្ដាល នៅសាលាភូមិន្ទរដ្ឋបាល កាន់តែមានភាពពេញលេញ ទាំងការបណ្ដុះបណ្ដាល នូវជំនាញចំណេះដឹង ចំណេះធ្វើដើម្បីបម្រើប្រទេសជាតិ និងប្រជាជន។

សាលាភូមិន្ទរដ្ឋបាល ជាគ្រឹះស្ថានបណ្តុះបណ្តាលសាធារណៈមួយ ដែលមានបេសក​កម្មពិសេសសំខាន់ៗចំនួន៣ ក្នុងការគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស ឱ្យឆ្លើយតប​តម្រូវ​ការអភិវឌ្ឍជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ បេសកកម្មទាំង៣នោះ រួមមាន៖

១៖ ជ្រើសរើស និងបណ្តុះបណ្តាលសិស្សមន្ត្រីជាន់ខ្ពស់ និងសិស្សមន្ត្រីក្រមការ ក៏ដូចជាផ្តល់ការបណ្តុះបណ្តាលដំបូង ដល់មន្ត្រីដែលទើបបានជ្រើសរើសថ្មីក្នុងក្របខណ្ឌនៃវិស័យរដ្ឋបាល,

២៖ រៀបចំផ្តល់ការបណ្តុះបណ្តាលបន្ត តាមរយៈវគ្គវិក្រឹតការ ការបណ្តុះបណ្តាលជំនាញរយៈពេលខ្លី សន្និសីទ សិក្ខាសាលា និងការរៀបចំកម្មវិធីចែករំលែកចំណេះដឹង បទពិសោធពាក់ព័ន្ធវិស័យសាធារណៈដល់សិស្ស និស្សិត មន្ត្រីរាជការ មន្ត្រីសាធារណៈ ក៏ដូចជាមន្ត្រីដទៃទៀត

និងទី៣៖ ធ្វើការសិក្សាស្រាវជ្រាវ ចងក្រង និងផ្សព្វផ្សាយនវានុវត្តន៍ និងឧត្តមានុវត្តលើផ្នែកគោលនយោបាយសាធារណៈ ការគ្រប់គ្រងសាធារណៈ រដ្ឋបាល សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងទំនាក់ទំនងអន្តរជាតិ៕