(ខេត្តកណ្តាល)៖ នៅព្រឹកថ្ងៃទី២៨ខែតុលាឆ្នាំ២០១៦នេះ មុននឹងឈានចូលដល់រដូវបើកនេសាទ លោក លឹម សុគន្ថា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកណ្តាល និងមានការចូលរួមពីលោក សេង រិទ្ធី ព្រះរាជអាជ្ញារងផងដែរ បានដឹកនាំកម្លាំងមន្ត្រីនគរបាល និងអាវុធហត្ថស្រុកកោះធំ ចុះទៅបង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រទឹកដីស្រុកកោះធំជាប់ព្រំប្រទល់ជាមួយស្រុកលើកដែក ស្ថិតនៅក្នុងបឹងតូច និងបឹងធំ ហើយបានរកឃើញថា បទល្មើសនេសាទបានកើតមានឡើងនៅចំណុចខាងលើច្រើនស្អេកស្កះពាសពេញផ្ទៃបឹង ដែលជាប្រភេទស្បៃមុងសៃយឺនយក្សទាំងខ្សែៗរាប់ពាន់ រាប់មុឺនម៉ែត្រ ដែលបង្កើតឡើងដោយសហគមន៍នេសាទសណ្ដារការពារមច្ឆានៅស្រុកលើកដែក និងអ្នកនេសាទជាជនជាតិវៀតណាមមួយចំនួនទៀត។
ខណៈចុះទៅបង្ក្រាបបទល្មើសខាងលើ ដោយសារតែទីតាំងបទល្មើសនៅឆ្ងាយត្រូវការជិះកាណូតយូរទម្រាំទៅដល់ ធ្វើឲ្យជនល្មើសភាគច្រើន ដែលមានបណ្ដាញរាយការណ៍ឲ្យដឹងមុនបានរត់គេចខ្លួន ខ្លះរុះរើវត្ថុតាងបទល្មើសចេញ ខ្លះរុះពន្លិចទឹកជាដើម។ ប៉ុន្តែនៅមានវត្ថុតាងបទល្មើសមួយចំនួនទៀតដែលរុះរើមិនទាន់នៅបន្សល់ពេញផ្ទៃទឹកស្ថិតត្រង់អតីតឡូតិ៍នេសាទលេខ១១ត្រង់ចំណុចព្រំប្រទល់ស្រុកកោះធំ និងស្រុកលើកដែក។ លោកមេឃុំក្អមសំណ និងមេឃុំសណ្ដារ ដែលមានវត្តមាននៅចំណុចទីតាំងបទល្មើសដោយចៃដន្យក្រោមហេតុផលការពារឲ្យសហគមន៍នេសាទសន្ដាមច្ឆានៅស្រុកលើកដែកបានអះអាងប្រាប់ក្រុមចំរុះថាការដាក់ដាយ ដាក់របាំងប្រួល ស្បៃមុងចាប់ត្រីខាងលើបើកម្លាំងរបស់លោកមិនចាប់ទេ គង់តែត្រីវាហូរទៅប្រទេសវៀតណាមអស់ដដែល។ ប៉ុន្តែការឆ្លើយដោះសារខាងលើនេះត្រូវបានលោកព្រះរាជអាជ្ញាដែលបានដឹកនាំសមត្ថកិច្ចចុះបង្ក្រាបបទល្មើសឃើញជាក់ស្ដែងបានចាត់ទុកការលើកឡើងនេះជារឿងមិនសមហេតុផល ព្រោះបើនេសាទត្រឹមត្រូវតាមច្បាប់អនុញាត ប្រើឧបករណ៍ច្បាប់មិនហាមឃាត់វាមិនបញ្ហានោះទេ តែនេះពួកគាត់ប្រើឧបករណ៏ល្មើសច្បាប់ដូចជាយកស្បៃមុងធ្វើរបាំងមួយកន្លែងៗរាប់រយរាប់ពាន់ម៉ែត្រ ប្រើលូស្បៃមុងដាក់ចាប់យកកូនត្រីជាដើម។ ចុងក្រោយលោកព្រះរាជអាជ្ញាបានបញ្ជាឲ្យប្រធានសហគមន៍ ធ្វើកិច្ចសន្យាស្ម័គ្រចិត្តរុះរើស្បៃមុងនោះចេញដោយខ្លួនឯងក្នុងរយៈពេល៥ថ្ងៃឲ្យអស់ពីផ្ទៃបឹង ព្រោះជាឧបករណ៍នេសាទខុសច្បាប់។
លោក លឹម សុគន្ថា បានមានប្រ សាសន៍ទៅកាន់ប្រធានសហគមន៍រូបនោះថា ឧបករណ៍នេសាទកំពុងតែដាក់នេសាទនេះ គឺច្បាប់ហាមឃាត់ជាដាច់ខាតមិនឲ្យប្រើសម្រាប់ចាប់ត្រីនោះទេ ទោះបីរដូវបិទនេសាទ ឬបើកនេសាទក៏ដោយព្រោះវាជាឧបករណ៍ម្យ៉ាងបំផ្លាញធនធានមច្ឆជាតិឲ្យវិនាសគ្មានសល់ទោះបីត្រីប្រភេទណាក៏ជាប់ ដូច្នេះ បងប្អូនមិនត្រូវនេសាទដោយឧបករណ៍នេសាទបែបនេះទេ បងប្អូនគួរងាកមកប្រើប្រាស់ឧបករណ៍នេសាទត្រឹមត្រូវតាមច្បាប់អនុញ្ញាតវិញ។
ដោយឡែកនៅស្រុកកោះធំ លោកបានបញ្ជាឲ្យឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ ដែលដាក់ធ្នោះដាយស្បៃមុង យកមកធ្វើការសាកសួរផងដែរ ពាក់ព័ន្ធនិងការដាក់ដាយគ្មានច្បាប់នៅចំណុចព្រែកដើមគរ ភូមិខ្នាតាំងយូ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល អតីតឡូតិ៍នេសាទលេខ១០។
លោកបានបន្តថា នេះជាលើកដំបូង ហើយដែលលោកបានចុះបង្ក្រាបបទល្មើសនេសាទដោយផ្ទាល់ ហើយចំពោះសហគមន៍គឺត្រូវបានរាជរដ្ឋាភិបាលឲ្យបង្កើតឡើងដើម្បីការពារធនធានមច្ឆជាតិ តែបើប្រធានសហគមន៍ទាំងនោះប្រព្រឹត្តខុសច្បាប់ ឃុបឃិតជាមួយក្រុមអ្នកនេសាទខិលខូល គឺយើងត្រូវតែឃាត់និងណែនាំតែបើណែនាំរួច មិនអនុវត្តតាមការណែនាំគឺលោក ត្រូវតែអនុវត្តច្បាប់ដើម្បីឲ្យរៀងចាល់ និងដើម្បីជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ទប់ស្កាត់បទល្មើសនេសាទ ការពារធនធានធម្មជាតិដែលច្បាប់ការពារ និងដើម្បីការពារពូជត្រីឲ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ ។
គួរបញ្ជាក់ថា នៅក្នុងយុទ្ធនាការនោះលោកក៏បានឲ្យប្រធានសហគមន៍រើសៃយឺនស្បៃមុង នៅចំណុចបឹងតូចនៅចំនុចព្រំប្រទល់ស្រុកលើកដែកដែលមានរាប់មុឺនម៉ែត្រ ចោល និងចាក់លែងកូនត្រីល្អិត ដែលជាប់នៅក្នុងស្បៃលូមានទម្ងន់ប្រមាណជិតមួយតោនចូលទៅក្នុងបឹងធម្មជាតិវិញផងដែរ៕