Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយកប្រតិបត្តិក្រុមហ៊ុន HIGHGATE៖ កម្ពុជាមានបដិសណ្ឋារកិច្ចរួសរាយ និងស្នាមញញឹមដ៏កក់ក្តៅ, ជាចំណុចពិសេសដែលក្រុមហ៊ុនកំពុងស្វែងរក

20-03-2025 11:20

(ភ្នំពេញ)៖ បន្ទាប់ពីបានទស្សនកិច្ចនៅប្រទេសកម្ពុជា លោក ARASH AZRBARZIN នាយកប្រតិបត្តិក្រុមហ៊ុន HIGHGATE បានកោតសរសើរថា កម្ពុជាមានបដិសណ្ឋារកិច្ចដ៏រួសរាយ និងទទួលបានភាពកក់ក្តៅពីប្រជាជនកម្ពុជា (ស្នាមញញឹម) ដែលជាចំណុចពិសេសដែលក្រុមហ៊ុនកំពុងស្វែងរក។

លោកនាយកប្រតិបត្តិក្រុមហ៊ុន HIGHGATE លើកឡើងបន្តថា កម្ពុជាពិតជាមានការរីកចំរើនយ៉ាងឆាប់រហ័ស និងមានកត្តាសន្តិសុខ ស្ថិរភាពនយោបាយ និងសុវត្ថិភាពដ៏ល្អទៅកាន់ភ្ញៀវទេសចរ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល​ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតឲ្យ លោក ARASH AZRBARZIN នាយកប្រតិបត្តិក្រុមហ៊ុន HIGHGATE ចូលជួបសំដែងការគួរសម និងជម្រាបអំពី លទ្ធផលទស្សនកិច្ចសិក្សាពី សក្តានុពលវិនិយោគ និងទេសចរណ៍របស់ក្រុមហ៊ុននៅកម្ពុជា នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងទេសចរណ៍។

សូមជម្រាបថា លោក ARASH AZRBARZIN គឺជានាយកប្រតិបត្តិក្រុមហ៊ុន HIGHGATE ដែលជាក្រុមហ៊ុនដ៏ធំផ្នែកបដិសណ្ឋារកិច្ច គ្រប់គ្រងសណ្ឋាគារ និងអចលនទ្រព្យជាច្រើននៅសហរដ្ឋអាមេរិក។ ក្រុមហ៊ុននេះបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៨៨ មានការិយាល័យកណ្ដាលនៅទៅក្រុង New York សហរដ្ឋអាមេរិក។ ក្រុមហ៊ុននេះផ្ដោតសំខាន់ទៅលើ ការវិនិយោគអចលនទ្រព្យ និង ការគ្រប់គ្រងសណ្ឋាគារ ដែលមានដៃគូរសហការដ៏ធំៗរួមមាន៖ Marriott, Hilton, Hyatt, IHG, Accorជាដើម៕