(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ។ ពិធីនេះរៀបចំឡើងនៅមជ្ឈមណ្ឌល ដឹ ព្រេមៀ សែនសុខ។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញក្តីរីករាយ បានមកចូលរួម ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកអង្គសន្និបាតនេះ គឺជាវេទិកាដ៏មានសារៈសំខាន់ សម្រាប់ភាគីពាក់ព័ន្ធដែលបានជួបជុំគ្នា ដើម្បីពិនិត្យ​ឡើងវិញនូវលទ្ធផលការងារ, ចំណុចខ្វះខាត និងបញ្ហាប្រឈមជាឧបសគ្គ ក្នុងការអនុវត្តការងារកន្លងមក។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារដែលក្រសួងមុខងារសាធារណៈសម្រេច បានរយៈពេល១ឆ្នាំកន្លងមកនេះ ក្នុងការដឹកនាំគ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ, ជាពិសេសការជំរុញអនុវត្ត វិធានការគន្លឹះទាំង ៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលក្រសួងបានដឹកនាំ សម្របសម្រួល និងជំរុញអនុវត្តប្រកប​ដោយ​ការទទួលខុសត្រូវ, មានវិជ្ជាជីវៈ និងប្រសិទ្ធភាព។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ ដែលបាន​ចូល​រួម​យ៉ាងសកម្ម និងប្រកបដោយស្មារតីទទួលខុសត្រូវ ក្នុងការគ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ, ទាំងក្នុងក្របខ័ណ្ឌការងារ ១). លេខាធិការដ្ឋាន នៃគណៈកម្មាធិការ​ជាតិ​ជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា, ២) គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ, ៣) គណៈកម្មការវាយតម្លៃអង្គភាព ផ្តល់សេវាសាធារណៈគំរូថ្នាក់ជាតិ, ៤) ក្រុមការងារកែទម្រង់ប្រព័ន្ធបៀវត្សរ៍របស់រាជរដ្ឋាភិបាល និង៥) អនុគណៈកម្មាធិការបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រំលឹកថា ដំណើការនៃវិស័យមុខងារសាធារណៈ ដែលជាចំណែកដ៏សំខាន់នៃរដ្ឋបាលសាធារណៈរបស់កម្ពុជា ហើយមានការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយដំណើរការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងរបត់នយោបាយរបស់កម្ពុជា ក្នុងដំណាក់កាលផ្សេងៗ, ជាពិសេសដំណាក់កាល នៃការអនុវត្តគោលនយោបាយផ្សះផ្សា និងបង្រួបបង្រួមជាតិ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្តើមចេញពីបាតដៃទទេ​ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩, រដ្ឋបាលសាធារណៈកម្ពុជា ប្រឈមនូវបញ្ហាជាច្រើនរាប់មិនអស់។ ជាបន្តបន្ទាប់ ប្រព័ន្ធរដ្ឋបាលសាធារណៈ​ត្រូវបានរៀបចំពង្រឹង និងកែលម្អជាលំដាប់, ជាពិសេសបន្ទាប់ពីកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញ ក្រោមនយោបាយឈ្នះ-ឈ្នះ ក្រោមមគ្គុទ្ទេសក៍ប្រកបដោយគតិបណ្ឌិត ដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈយុទ្ធសាស្ត្រត្រីកោណ និងចតុកោណទាំង៤ ដំណាក់កាលកន្លងមក, ការកែទម្រង់រដ្ឋបាល សាធារណៈត្រូវបានដាក់ឱ្យអនុវត្ត និងជំរុញជាប្រចាំ ដើម្បីពង្រឹងអភិបាលកិច្ចក្នុងវិស័យសាធារណៈ ឈរលើអភិក្រម «កែទម្រង់រស់ មិនកែ ទម្រង់ស្លាប់»។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សុខសន្តិភាព និង ការអភិវឌ្ឍ គឺជាមរតកដ៏ថ្លៃថ្លារបស់បុព្វការី ហើយបានផ្តល់ជាមូលដ្ឋានដ៏រឹងមាំ សម្រាប់ដំណើរបន្តនៃការកសាងសង្គមជាតិ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឈរលើមូលដ្ឋាននេះ, រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា, បាន និង កំពុងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងក្លា ក្នុងការជំរុញអភិវឌ្ឍប្រទេសជាតិ និង ការកែទម្រង់សំខាន់ៗ ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ និង ឆ្លើយតបឱ្យបាន ទាន់ពេលទៅនឹងសេចក្តីត្រូវការជាក់ស្ដែង របស់ប្រជាជននិងសង្គមជាតិ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការគន្លឹះសំខាន់ៗ ទៅតាម វិស័យអាទិភាព និងបានបង្កើតនូវយន្តការស្ថាប័ន ដើម្បីដឹកនាំ សម្របសម្រួល និងជំរុញ ការអនុវត្តវិធានការគន្លឹះ ដើម្បីដោះស្រាយបញ្ហាប្រឈម និងធានាប្រសិទ្ធភាព ឱ្យឆ្លើយតប ទាន់ពេលទៅនឹងគោលដៅអាទិភាព រួមមាន៖

១) គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាល សាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ដើម្បីលើកកម្ពស់សមត្ថភាព ប្រសិទ្ធភាព និងសមិទ្ធកម្ម ក្នុងរដ្ឋបាលសាធារណៈ

២) គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងវិស័យអប់រំ ដើម្បីលើក កម្ពស់គុណភាពអប់រំ, តាមរយៈ ការពង្រឹងគុណភាពសាលារៀន ចាប់ពីមត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សា សម្រាប់ផលិតមូលធនមនុស្សប្រកបដោយចំណេះដឹង, ជំនាញ, សីលធម៌, ឥរិយាបថល្អ និងសមត្ថភាពបំពេញការងារខ្ពស់ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវ ការជាក់ស្ដែងរបស់សង្គម-សេដ្ឋកិច្ច និងទីផ្សារការងារ និង

៣) គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ​ក្នុងវិស័យសុខាភិបាល ដើម្បី លើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន តាមរយៈ ការពង្រឹងសមត្ថភាព ផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កំណែទម្រង់ក្នុងការប្រលងជ្រើសរើសមន្ត្រី ទទួលបានការសាទរយ៉ាងខ្លាំងពីបេក្ខជនប្រលង និងអាណាព្យាបាល។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប្រលងជ្រើសរើសមន្ត្រីនាពេលកន្លងទៅ បើគ្មានភាពយុត្តិធម៌ទេ នោះបេក្ខជនចូលរួមប្រលងប្រមាណជា១២ម៉ឺននាក់ នឹងផ្ទុះការប្រតិកម្ម។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញក្តីសង្ឃឹមថា ផ្នត់គំនិតនៃភាពត្រឹមត្រូវក្នុងការប្រលងជ្រើសរើសមន្ត្រី នឹងត្រូវបានពង្រឹងគ្រប់ក្រសួងស្ថាប័ន បូករួមទាំងការប្រលងជ្រើសរើសនគរបាល និងកងទ័ព។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យចុះស្រង់មន្ត្រីក្របខណ្ឌ និងកិច្ចសន្យាធ្វើការចាប់ពី១០ឆ្នាំឡើង ដើម្បីផ្តល់មេដាយជូនគាត់។ តែត្រូវធានាភាពសុក្រឹត្យ ត្រឹមត្រូវ និងតម្លាភាព ប្រយ័ត្នមន្ត្រីអត់ដែលធ្វើការក៏ស្រង់ឈ្មោះមកផ្តល់មេដាយដែរ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងស្ថាប័នរបស់រដ្ឋ រៀបចំផ្តល់បណ្ណសរសើរជូនមន្ត្រីរាជការ ដែលបំពេញការងារបានល្អ និងសកម្ម។ * សម្តេចបញ្ជាក់ថា ការផ្តល់បណ្ណសរសើរនេះ គឺជាការទទួលស្គាល់ស្នាដៃរបស់មន្ត្រីរាជការ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានប្រទេសចំនួន ៦ប្រទេស​ បានធ្វើកំណែទម្រង់អភិបាលកិច្ច។ ប្រទេសទាំង៦នោះ រួមមានអាមេរិក អង់គ្លេស ប៉ាគីស្ថាន ម៉ាឡេស៊ី វៀតណាម និងអាហ្សង់ទីន។ នេះជាការប្រើអភិក្រម «បង្រួម ដើម្បីពង្រឹង»។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កំណែទម្រង់អភិបាលកិច្ចតាមក្រសួងស្ថាប័នរដ្ឋ កម្ពុជាប្រើអភិក្រម «ពង្រឹង ជាជាងពង្រីក»។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមក្រសួង ស្ថាប័នរបស់រដ្ឋដាក់សំណើច្រើនណាស់ សុំពង្រីក និងដំឡើងតួនាទីភារកិច្ច។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មាននាយកដ្ឋានច្រើនណាស់ ស្នើសុំដំឡើងទៅជាអគ្គនាយកដ្ឋាន តែត្រូវបានបដិសេធ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កំណែទម្រង់អភិបាលកិច្ចរបស់កម្ពុជា មិនប្រើអភិក្រម «បង្រួម ដើម្បីពង្រឹង» ទេ តែ «ពង្រឹង ជាជាងពង្រីក»។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គាំទ្រក្នុងការពង្រឹងគុណភាពនិស្សិតពេទ្យ ដោយនៅតែតម្រូវឲ្យរៀនរយៈពេល៦ឆ្នាំដដែល (មិនបាច់សិក្សាដូចពីមុនរយៈពេល៨ឆ្នាំទេ) តែត្រូវប្រើប្រាស់យុទ្ធសាស្រ្តឈ្នះឈ្នះ ដោយយកមេរៀន (ដែលសិក្សា២ឆ្នាំ) មកបញ្ចូលក្នុងការសិក្សា ដើម្បីចំណេញពេលវេលាឲ្យពួកកាត់ដដែល ពោលពួកគាត់រៀនរយៈពេល៦ឆ្នាំដដែល។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កំណែទម្រង់អភិបាលកិច្ចរបស់កម្ពុជា គឺត្រូវធ្វើឱ្យមន្ត្រីមានឱកាស និងមានការងារធ្វើស្មើគ្នា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យពិនិត្យបង្រួមមន្ទីរពិសោធន៍ដែលនៅរាយប៉ាយតាមក្រសួងនានា គួរពិនិត្យច្របាច់បញ្ចូលគ្នា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បដិសេធសំណើរបស់ក្រសួងមួយចំនួន ស្នើដំឡើងសាលាបណ្តុះបណ្តាលរបស់ក្រសួង ទៅជាគ្រឹះស្ថានសាធារណៈ ដើម្បីបើកបង្រៀនយកថ្លៃសិក្សា។ សម្តេចមហាបវរធិបតី ណែនាំឱ្យសាលាផ្តោតការយកចិត្តទុកដាក់បណ្តុះបណ្តាលមន្ត្រី តាមរយៈរៀបចំវគ្គបំប៉ននានា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យបន្ថយនីតិវិធីសេវា ដែលនាំឱ្យស្មុគស្មាញ និងលំបាក ដើម្បីពន្លឿនសេវា។ សម្តេចមហាបវរធិបតី បង្ហើបថា សេវារបស់រដ្ឋមានជាង ៣ពាន់សេវា។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងពាណិជ្ជកម្ម កុំបង្កើនតម្លៃលើសេវា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងនីមួយៗធ្វើស្ថិតិមន្ត្រីរបស់ខ្លួនឱ្យបានច្បាស់។ ថ្ងៃមុខរាជរដ្ឋាភិបាល នឹងធ្វើប្រព័ន្ធគ្រប់គ្រងមន្ត្រីឱ្យច្បាស់លាស់។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តើឱ្យវិស័យឯកជនរបស់កម្ពុជា ប្រកួតប្រជែងជាមួយគេយ៉ាងម៉េច? បើរដ្ឋយើងផ្តល់សេវាស្មុគស្មាញ និងអស់ថ្លៃច្រើន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងមុខងារសាធារណៈ ខិតខំអនុវត្តតួនាទី មុខងារ និងភារកិច្ចរបស់ខ្លួន ឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់ ដោយគោរពយ៉ាងខ្ជាប់ខ្ជួននូវច្បាប់លិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍របស់រាជរដ្ឋាភិបាល។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងមុខងារសាធារណៈ ត្រូវបន្តអនុវត្តការប្រឡងជ្រើសរើសមន្ត្រី ផ្អែកលើ គោលការណ៍អនុញ្ញាតរបស់រាជរដ្ឋាភិបាល ដោយអនុលោមតាមនិយាមនីតិ វិធីប្រតិបត្តិ ស្ដីពីការប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិល និងធានាដល់បេក្ខជន «ជាប់ដោយមោទនភាព ធ្លាក់ដោយអស់ចិត្ត» ព្រមទាំងបន្តជំរុញការ រៀបចំ និងការដាក់ឱ្យអនុវត្តនូវលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការជ្រើស រើស និងគ្រប់គ្រងមន្ត្រីបច្ចេកទេស/ជំនាញ ផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យឆ្លើយតបនឹងគោលការណ៍ការបំពេញឱ្យត្រូវ ថែរក្សាឱ្យនៅ និង «ប្រសិទ្ធភាព នៃការអនុវត្តការងារ»។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងមុខងារសាធារណៈ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តសហការក្នុងការជំរុញដំណើរការនៃការ​ពិនិត្យឡើងវិញ និងវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន ដោយផ្តោត លើមុខងារ, រចនាសម្ព័ន្ធ, សេវា, អភិក្រមការងារ, ធនធានមនុស្ស និងថវិកា ឱ្យសម្រេចបាននូវលទ្ធផលកែលម្អជាក់ស្ដែងជា បណ្ដើរៗ ក្នុងការលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពការងារ​ដោយ​គោរពយ៉ាងម៉ឺងម៉ាត់នូវអភិក្រម «រៀបចំផ្ទះឱ្យរៀបរយ» និង «ពង្រឹង ជាជាងពង្រីក» ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងមុខងារសាធារណៈ ត្រូវ​បន្តជំរុញការរៀបចំ និងការដាក់ឱ្យអនុវត្ត ប្រព័ន្ធលើកទឹកចិត្តគាំទ្រ​សមិទ្ធ​កម្ម​រដ្ឋបាលសាធារណៈ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងសមិទ្ធ​ផលការងារនៅតាមក្រសួង-ស្ថាប័ន។

* សម្តេចមហាបវរធិបតី ហ៊ុន ម​៉ាណែត ណែនាំក្រសួងមុខងារមុខងារសា​ធា​រណៈ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ នៅក្នុងក្របខណ្ឌនៃគណៈកម្មការវាយ​តម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ជាតិ ត្រូវបន្តគាំទ្រ និងជំរុញ​ចលនាប្រឡងប្រណាំងអង្គភាពផ្តល់សេវាសាធារណៈ គំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ព្រមទាំងផ្សព្វផ្សាយនូវឧត្តមានុវត្តន៍ និងនវានុវត្តន៍ នៃការដឹកនាំ និងគ្រប់គ្រងអង្គភាព ឱ្យកាន់តែទូលំទូលាយ ដើម្បីរួម​ចំណែកក្នុងការលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃដំណើរការ របស់អង្គភាព។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងមុខងារសាធារណៈ ត្រូវដឹកនាំសម្របសម្រួលជាមួយក្រសួង-ស្ថាប័ន ពាក់ព័ន្ធនៅថ្នាក់ជាតិ ដើម្បីអនុវត្តយុទ្ធនាការបច្ចុប្បន្នភាពរចនាសម្ព័ន្ធជាក់ស្ដែង របស់ក្រសួង​-ស្ថា​ប័ន និងការជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន ដើម្បីកំណត់ឱ្យបានជាក់លាក់នូវព័ត៌មាន និងទិន្នន័យគ្រប់ជ្រុងជ្រោយ និង​ប្រកបដោយគុណភាព ដើម្បីគាំទ្រដល់ការអនុវត្តវិធានការកែលម្អក្រសួង​-ស្ថា​ប័ន ការគ្រប់គ្រង និងប្រើប្រាស់ធនធានមនុស្ស និងហរិញ្ញវត្ថុ និងការ​បំពេញមុខងារកាន់តែមានប្រសិទ្ធភាពខ្ពស់។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងមុខងារសាធារណៈ ត្រូវដឹកនាំសម្របសម្រួលជាមួយក្រសួងអប់រំ យុវជន និងកីឡា​ក្រសួង​-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីអនុវត្តយុទ្ធនាការ បច្ចុប្បន្នភាពគ្រឹះស្ថានអប់រំសាធារណៈ នៅមូលដ្ឋាន រួមមាន៖ វិទ្យាល័យ, អនុវិទ្យាល័យ, សាលាបឋមសិក្សា, និងសាលាមត្តេយ្យសិក្សា និងការ​ជំរឿន​មន្ត្រីជាក់ស្ដែងនៅតាមគ្រឹះស្ថានទាំងនេះ ដើម្បីកំណត់ឱ្យបានជាក់​លាក់នូវព័ត៌មាន និងទិន្នន័យគ្រប់ជ្រុងជ្រោយ និងប្រកបដោយគុណភាព ដើម្បីគាំទ្រដល់ការអនុវត្តវិធានការកែលម្អស្ថាប័ន ការគ្រប់គ្រង និងប្រើ​ប្រាស់ ធនធានមនុស្ស និងថវិកា និងការផ្តល់សេវាអប់រំមូលដ្ឋាន កាន់តែមានប្រសិទ្ធភាព។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងមុខងារសាធារណៈ ត្រូវដឹកនាំសម្របសម្រួលជាមួយក្រសួងសុខាភិបាល ក្រសួង-ស្ថាប័ន និង​រដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ ដើម្បីអនុវត្តយុទ្ធនាការបច្ចុប្បន្ន​ភាពអង្គ​ភាព​សុខាភិបាលនៅមូលដ្ឋាន រួមមាន៖ មន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំ​សកម្មភាពបង្គ្រប់កម្រិត១, កម្រិត២, កម្រិត៣, មណ្ឌលសុខភាព និង​ការ​ជំរឿនមន្ត្រីជាក់ស្ដែងនៅតាមអង្គភាពទាំងនេះ ដើម្បីកំណត់ឱ្យបាននូវ​ព័ត៌​មាន និងទិន្នន័យគ្រប់ជ្រុងជ្រោយ និងប្រកបដោយគុណភាព។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងមុខងារសាធារណៈ ត្រូវបន្តផ្តល់ការគាំទ្រដឹកនាំ សម្របសម្រួល និងជំរុញការអភិវឌ្ឍធនធាន​មនុស្ស ក្នុងរដ្ឋបាលសាធារណៈ, ជាពិសេសការពង្រឹងសមត្ថភាពដឹកនាំ និង​គ្រប់គ្រងអង្គភាពសាធារណៈ នៅតាមក្រសួង-ស្ថាប័ន និងថ្នាក់ក្រោម​ជាតិ ឱ្យឆ្លើយតបនឹងតម្រូវការនៃការងារជាក់ស្តែង និង ទស្សនវិស័យនៃ​ការ​​កែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងមុខងារសាធារណៈ ក្នុងនាមជាស្ថាប័នទទួលបន្ទុកលើការងារកែទម្រង់រដ្ឋ​បាលសាធារណៈ​របស់​រាជរដ្ឋាភិបាល ត្រូវបន្តពង្រឹងកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ផ្ដល់ការ​គាំទ្រ និងដឹកនាំសម្របសម្រួល ឱ្យកាន់តែប្រសើរជាមួយគ្រប់ការ​ដ្ឋានកែ​ទម្រង់របស់រាជរដ្ឋាភិបាល ដើម្បីធានានូវសង្គតិភាព, សុខដុមនីយកម្ម និងប្រសិទ្ធភាពខ្ពស់ នៃការអនុវត្តគោលនយោបាយ និង ផែនការយុទ្ធ​សាស្ត្រ​នានារបស់រាជរដ្ឋាភិបាល។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំលោក ឃួង ស្រេង ឱ្យបញ្ចេញរថយន្តក្រុងដឹកប្រជាពលរដ្ឋទៅស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលវេលាម៉ោង ១១៖០៩នាទីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕