(ភ្នំពេញ)៖ នៅថ្ងៃទី១៨-១៩ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារ «ប្រសិទ្ធភាពសុក្រឹត្យកម្មបរិស្ថានកិច្ចលើភាពស្អាត» នៃក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តប៉ៃលិន មន្ទីរបរិស្ថាន មន្ទីរធនធានទឹក និងឧតុនិយម មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ អាជ្ញាធរស្រុកសាលាក្រៅ និងមន្ត្រីមូលដ្ឋានពាក់ព័ន្ធ ក្នុងការចុះត្រួតពិនិត្យករណីបង្ហូរសំណល់រាវចូលប្រភពទឹកសាធារណៈបង្កការបំពុល បង្កឡើងដោយក្រុមហ៊ុន Cangxinlong Food (Cambodia) Co., Ltd. ដែលមានទីតាំងនៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងចាត់វិធានច្បាប់ចំពោះក្រុមហ៊ុននេះ។
ក្រុមការងារបានពិនិត្យឃើញថាអូររអិល ត្រូវបានទទួលរងការបំពុលទាំងស្រុង ពីចំណុចក្បាលឡាន រហូតដល់ស្ទឹងកុយ ដោយការពិនិត្យជាក់ស្តែងឃើញថា ទឹកមានការប្រែប្រួលលក្ខណៈរូប មានក្លិនស្អុយ និងកម្រិតរលាយអុកស៊ីសែនក្នុងទឹក (Dissolved Oxygen ឬ DO) ថយចុះខ្លាំង (តូចជាង 3mg/L) មិនអនុលោមកម្រិតកំណត់ស្តង់ដារ (ធំជាង 4mg/L)។
ករណីបំពុលនេះបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ធនធានធម្មជាតិ ជីវៈចម្រុះក្នុងទឹក និងការប្រើប្រស់ទឹករបស់ប្រជាពលរដ្ឋមូលដ្ឋាន ដោយផ្ទាល់និងដោយប្រយោល។
លោក ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិន បានបញ្ជាក់ថាការបំពុលនេះ បានបង្កផលប៉ះពាល់ដល់ទីតាំងអភិរក្សពូជត្រីរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផងដែរ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុននេះធ្លាប់បានបង្កការបំពុលរួចមកហើយកាលពីឆ្នាំ២០២៤ ដោយពេលនោះក្រសួងបរិស្ថានបានចាត់វិធានការច្បាប់ រួមទាំងការពិន័យអន្តរការចំនួន ៣០លានរៀលផងដែរ។
ក្នុងការចុះត្រួតពិនិត្យនេះ ក្រុមការងារក្រសួងបរិស្ថានបានប្រមូលយកសំណាកចំនួន៦បន្ថែម មកវិភាគ ដើម្បីវាយតម្លៃគុណភាពធៀបកម្រិតកំណត់ស្តង់ដារដែលបានកំណត់ដោយអនុក្រឹត្យលេខ២៧ និងអនុក្រឹត្យលេខ១០៣ ស្តីពីការត្រួតពិនិត្យការបំពុលទឹក។
នេះជាករណីបំពុលលើកទី២ បង្កឡើងដោយក្រុមហ៊ុន Cangxinlong Food (Cambodia) Co., Ltd. នេះ ក្រសួងបរិស្ថានបានចាត់វិធានការបន្ទាន់ លើករណីមិនរាងចាល ស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិ ដូចខាងក្រោម៖
១-ក្រុមហ៊ុនត្រូវបញ្ឈប់ការបង្ហូរសំណល់រាវ ចេញពីទីតាំងក្រុមហ៊ុន ចូលទៅប្រភពទឹកសាធារណៈ (អូររអិល និងស្ទឹងកុយ) ជាបណ្តោះអាសន្ន រហូតទទួលបានការអនុញ្ញាតពីក្រសួងបរិស្ថាន។
២-ត្រូវបានពិន័យអន្តរការណ៍ករណីមិនរាងចាល លើករណី៖
* ការបញ្ចេញសំណល់រាវពុំបានធ្វើការសម្អាតត្រឹមត្រូវ និងលើសកម្រិតកំណត់ស្តង់ដារបញ្ចេញ ល្មើសទៅនឹង មាត្រា១៥៦ មាត្រា១៦០ មាត្រា២៨៧ មាត្រា២៨៩ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ និងត្រូវរៀបចំប្រព័ន្ធប្រព្រឹត្តិកម្មសំណល់រាវ ដាក់ឱ្យដំណើរការតាមលក្ខណៈបច្ចេកទេស មានសមត្ថភាពសម្អាតឆ្លើយតបតាមស្តង់ដារបញ្ចេញសំណល់រាវ ដោយប្រើប្រាស់ក្រុមហ៊ុន ផ្តល់សេវាវិស្វកម្មបរិស្ថាន ដែលទទួលបានការអនុញ្ញាតពីក្រសួងបរិស្ថាន
* បង្កឱ្យមានការបំពុលទឹកអូររអិល និងស្ទឹងកុយ ល្មើសទៅនឹង មាត្រា១៥៦ មាត្រា១៦០ មាត្រា២៨៧ មាត្រា២៩០ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ
* បញ្ចេញសំណល់រាវ សំណល់រឹង សារធាតុបំពុលខ្យល់ ពុំមានលិខិតអនុញ្ញាតពីក្រសួងបរិស្ថាន ល្មើសទៅនឹង មាត្រា១៧៣ នៃក្រមបរិស្ថាននិងធនធាន ធម្មជាតិ
* ដំណើរការអាជីវកម្ម ដោយពុំបានរៀបចំរបាយការណ៍វាយតម្លៃ ហេតុប៉ះពាល់បរិស្ថាន និងកិច្ចសន្យាការពារបរិស្ថាន ល្មើសនឹងមាត្រា៦៦៨ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ និងត្រូវរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានឱ្យរួចរាល់ក្នុងរយ:ពេល៦០ថ្ងៃ។
៣-ក្រុមហ៊ុនត្រូវត្រូស្ដារសម្អាតបរិស្ថាន នៅទីតាំងដែលទទួលរងការបំពុល ឱ្យមានភាពល្អប្រសើរឡើងវិញ
៤-ក្រុមហ៊ុនត្រូត្រូវផ្តល់សំណងការខូចខាតលើផលប៉ះពាល់បរិស្ថាន និងសុខភាពសាធារណៈ ទៅតាមការគណនាជាក់ស្តែងរបស់មន្ត្រីជំនាញ និងអនុលោមតាមក្រមបរិស្ថាន និងធនធានធម្មជាតិ
៥-ក្រុមហ៊ុន ត្រូវធ្វើការស្ដារ សម្អាត ប្រព័ន្ធអូររអិល និងស្ទឹងកុយ ដែលទទួលរងការបំពុល ឱ្យ មាន ភាព ល្អប្រសើរឡើងវិញ
៦-ក្នុងករណីក្រុមហ៊ុនមិនអនុវត្តតាមការសម្រេចខាងលើ ក្រសួងបរិស្ថាននឹងចាត់វិធានការច្បាប់ ជាធរមានបន្ថែមទៀត៕