(ភ្នំពេញ)៖ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ព្រមានចាកចេញពីគណបក្សសង្រ្គោះជាតិ ព្រោះតែគណបក្សនេះពោរពេញដោយបក្ខពួកនិយម និងកុហកភូតភរ បោកបញ្ឆោតប្រជារាស្រ្ត ព្រមទាំងធ្វើការគ្មានប្រព័ន្ធត្រឹមត្រូវ នេះបើយោងតាមព្រះបន្ទូលរបស់ព្រះអង្គ ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅមុននេះបន្តិច នាល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦នេះ។
ការប្រកាសព្រមានដើរចេញនៅពេលនេះរបស់ព្រះអង្គ ធ្វើឡើងស្របពេលកំពុងផ្ទុះឡើងនៅរឿងរិះគន់ធ្ងន់ៗចំពោះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ពីសំណាក់កូនស្រីលោក កឹម សុខា, កញ្ញា កឹម មនោវិទ្យា ហើយបាននឹងកំពុងក្លាយទៅជាប្រធានបទវាយប្រហារគ្នាយ៉ាងក្តៅគគុក រវាងមន្រ្តីគណបក្សសង្គ្រោះជាតិ និងសកម្មជនគណបក្សសង្គ្រោះជាតិ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែលតាំងខ្លួនធ្វើកំណែទម្រង់ផ្ទៃក្នុងរបស់គណបក្សសង្រ្គោះជាតិ រយៈពេល១ឆ្នាំមកនេះ បានមានព្រះបន្ទូលថា គណបក្សសង្រ្គោះជាតិ បានបោកបញ្ឆោតប្រជារាស្រ្តអំពីការរួបរួមរបស់ខ្លួន ប៉ុន្តែធាតុពិតគណបក្សនេះនៅប្រកាន់បក្ខពួកនៅឡើយ។ ព្រះអង្គបានបញ្ជាក់ថា ព្រះអង្គមិនអាចយកព្រះកិត្តិយស របស់រាជវង្សដែលបានបាត់បង់ជីវិតដើម្បីបុព្វហេតុជាតិ យកមកកំដរការភូតភរ និងបោកបញ្ឆោតប្រជារាស្រ្ត តាមគណបក្សសង្រ្គោះជាតិ តទៅទៀតបានទេ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មានព្រះបន្ទូលយ៉ាងដូច្នេះថា៖ «ខ្ញុំមិនទាន់សម្រេចចិត្ត (ដើរចេញ)ទេ ប៉ុន្តែភាគច្រើនគឺនឹងទៅអញ្ចឹងហើយ ព្រោះអីខ្ញុំមិនអាចយកព្រះកិត្តិនាម ព្រះកិត្តិយសរបស់រាជវង្សដែលបានបាត់បង់ជីវិត ដើម្បីបុព្វហេតុជាតិ យកមកកំដរការភូតភរ និងបោកបញ្ឆោតប្រជារាស្រ្ត តទៅទៀតបានទេ»។
ព្រះអង្គម្ចាស់ បានមានព្រះបន្ទូលបន្ថែមយ៉ាងដូច្នេះថា «សព្វថ្ងៃនេះ គណបក្សសង្រ្គោះជាតិ មិនបានធ្វើការជាប្រព័ន្ធទេ តែជាការធ្វើការជាក្រុម ជាបក្ខពួក អត់មានដើរទៅមុខរួចទេ ម្នាក់នេះថាអញ្ចេះ ម្នាក់នោះថាអញ្ចុះ អត់មានដើរទៅមុខរួចទេ។ ខ្លួនប្រកាសថាខ្លួនឯងបង្រួបបង្រួមជំហរទាំងអស់ ប៉ុន្តែជំហររបៀបម៉េចបើមានតែបក្សពួកមានក្រុម ដូច្នេះវាផ្ទុយគ្នា អាហ្នឹងហើយដែលខ្ញុំថា កុហកភូតភរបោកបញ្ឆោតប្រជារាស្រ្ត»។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ក៏បានបញ្ជាក់ដែរថា ការរិះគន់របស់កញ្ញា កឹម មនោវិទ្យា ទៅលើលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ក៏ជាដើមចមមួយ នៃការធ្វើឱ្យមានបញ្ហាផ្ទៃក្នុងរបស់គណបក្សសង្រ្គោះជាតិ និងការប្រកាន់បក្ខពួកនេះដែរ។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បញ្ជាក់យ៉ាងដូច្នេះថា៖ «រឿងដែលកើតឡើងចំពោះកញ្ញា កឹម មនោវិទ្យា និងលោកប្រធាន សម រង្ស៊ី គឺជានិម្មិតរូបនៃបញ្ហានៅក្នុងគណបក្សសង្រ្គោះជាតិ វាមិនមានអ្វីពាក់ព័ន្ធខ្លាំងទេ ប៉ុន្តែវាជានិម្មិតរូបមួយ...ជាភស្តុតាងមួយ ជាឧទាហរណ៍មួយ នៃបញ្ហាកើតឡើងនៅក្នុងគណបក្សសង្រ្គោះជាតិ»។
សូមជំរាបថា នៅប៉ុន្មានថ្ងៃនេះប្រធានបទក្តៅៗ និងជាទីចាប់អារម្មណ៍របស់អ្នកកាសែតនោះ គឺការរិះគន់បើកចំហររបស់កូនស្រីសំណព្វចិត្ត លោក កឹម សុខា ចំពោះ លោក សម រង្ស៊ី នៅលើបណ្តាញទំនាក់ទំនងសង្គម។ តួយ៉ាងក្រុមសកម្មជនរបស់គណបក្សសង្រ្គោះជាតិ បានធ្វើលិខិតមួយច្បាប់ផ្ញើជូនគណៈកម្មាធិការអចិន្រ្តៃយ៍ និងគណៈកម្មាធិការវិន័យគណបក្សសង្គ្រោះជាតិ ដោយស្នើឲ្យ កញ្ញា កឹម មនោវិទ្យា ដែលជាមន្រ្តីជាន់ខ្ពស់មួយរូបនៅក្នុងគណបក្ស ធ្វើការកែតម្រូវនូវកំហុសរបស់ខ្លួន។
ស្របពេលកូនស្រីរបស់សំណព្វចិត្តរបស់ លោក កឹម សុខា បាននឹងកំពុងទទួលរងនូវការវាយប្រហារតបត ពីក្រុមសកម្មជនគណបក្សសង្គ្រោះជាតិ ទាំងនៅក្នុង និងក្រៅប្រទេស ក្រោយពេលកញ្ញាបានរិះគន់ធ្ងន់ៗចំពោះលោក សម រង្ស៊ី នោះ។ នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦នេះ លោក កឹម សុខា បានបង្ហាញសារ ហាក់មានកំហឹងនៅក្នុងចិត្ត ដោយលើកឡើងថា យើងត្រូវតែធ្វើ! យើងត្រូវតែហ៊ានប្រឈម! យើងមិនត្រូវគេចវេះ ឬខ្លាចរអាឡើយ ទីបំផុតគេនឹងទទួលស្គាល់ និងឲ្យតម្លៃយើង ថាយើងបានធ្វើនោះត្រឹមត្រូវ។ ជុំវិញរឿងរិះគន់លោក សម រង្ស៊ី ពីសំណាក់កូនស្រី កឹម សុខា នេះផងដែរ ក៏បានធ្វើឲ្យចៅសង្កាត់រងមួយរូប ទប់ចិត្តមិនបាន បង្ហាញវិដេអូចេញមុខព្រលះកញ្ញា គឹម មនោវិទ្យា ពេញទំហឹង៕