(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ បានណែនាំឱ្យបើកប្រាក់បៀវត្សសម្រាប់ខែមេសា និងប្រាក់ឧបត្ថម្ភសម្រាប់បុណ្យចូលឆ្នាំថ្មី៥ម៉ឺនរៀល ជូនមន្ត្រីរាជការយ៉ាងយូរបំផុតត្រឹមថ្ងៃទី១១ ខែមេសា។ សម្រាប់ខែឧសភាវិញ គឺត្រូវបើកក្នុងសប្តាហ៍ទី១ សម្រាប់ការបើកប្រាក់បៀវត្សលើកទី១ ហើយលើកទី២ ត្រូវធ្វើក្នុងសប្តាហ៍ទី៣។
ដោយឡែកការបើកផ្ដល់បៀវត្សសម្រាប់ខែមិថុនា ឆ្នាំ២០២៥ គឺត្រូវអនុវត្តតាមនីតិវិធីដែលបានកំណត់ជាធរមាន។
សូមបញ្ជាក់ថា ការកំណត់ឱ្យបើកប្រាក់បៀវត្សជូនមន្ត្រីរាជការក្នុងខែមេសា និងឧសភា ពិសេសជាងខែដទៃ ត្រូវបានអនុវត្តតាមស្មារតីនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ពេលសម្តេចនៅជានាយករដ្ឋមន្ត្រី។
ការអនុវត្តបែបនេះត្រូវបានធ្វើឡើងតាំងពីឆ្នាំ២០១៩មកម្ល៉េះ។ ការអនុវត្តបែបនេះ ព្រោះសម្តេចតេជោ ហ៊ុន សែន គិតបារម្ភដល់មន្ត្រីរាជការខ្វះខាតថវិកាដែលត្រូវចំណាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ មិនត្រឹមបារម្ភរឿងខ្វះថវិកាចាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប៉ុណ្ណោះទេ សម្តេចតេជោ ក៏បារម្ភដល់មន្ត្រីខ្វះថវិកាចាយក្រោយបុណ្យចូលឆ្នាំថ្មីថែមទៀតផង។ អ៊ីចឹងហើយ ទើបសម្តេចណែនាំឱ្យបើកប្រាក់បៀវត្សក្នុងខែឧសភា លឿនជាងខែដទៃ៕