(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ព្រមទាំងសហការី នៅរសៀលថ្ងៃសុក្រ ទី១៩ខែមីនា ឆ្នាំ២០២៥ បានអញ្ចើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សប្បុរសជនតាមរយៈសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះចំនួន ៩៧គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ (រលំទាំងស្រុងចំនួន១៥ខ្នងផ្ទះ និងប៉ះពាល់ធ្ងន់ធ្ងរចំនួន ៨៥ខ្នងផ្ទះ) មកពី១១ភូមិ ក្នុងឃុំចំនួន៣ នៃស្រុកបវេល និងស្រុកថ្មគោល ខេត្តបាត់ដំបង ដែលរងគ្រោះកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥កន្លងទៅ។
ក្នុងនោះស្រុកបវេលចំនួន ៥១គ្រួសារ គ្រួសាររំលំទាំងស្រុងចំនួន១១គ្រួសារ ប៉ើងដំបូលធ្ងន់ធ្ងរចំនួន៤០គ្រួសារ មកពីភូមិចំនួន៦នៃឃុំអំពិលប្រាំដើម និងឃុំល្វា ស្រុកថ្មគោលចំនួន៤៦គ្រួសារ រលំទាំងស្រុងចំនួនគ្រួសារ ប៉ើងដំបូលធ្ងន់ធ្ងរចំនួន៤២គ្រួសារ មកពីភូមិចំនួន៥ នៃឃុំអូតាគី។ ពិធីនេះប្រារព្វធ្វើនៅពីទីតាំង២ផ្សេងៗគ្នា ទីតាំងទី១៖ស្ថិតនៅភូមិបឹងអារក្ស ឃុំអំពិលប្រាំដើម ចំនួន ៥១គ្រួសា និងទីតាំងទី២ ស្ថិតនៅភូមិត្រស់២ ឃុំអូតាគី ស្រុកថ្មគោល។
ថ្លែងក្នុងឱកាសសំណេះសំណាលនេះដែរក្នុងនាមថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា លោក សុខ លូ ប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានសម្ដែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ ជាពិសេសបងប្អូនរស់នៅក្នុងស្រុកបវេល និងស្រុលថ្មគោល ដែលនេះជាគ្រោះមហន្តរាយបង្កដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។
លោក សុខ លូ បន្តថា ជាមួយនឹងការចុះសួរសុខទុក្ខនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានបង្ហាញនូវការសោកស្ដាយ និងបន្តយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ ប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះគ្រប់រូប ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
លោក បានបន្តថា ត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនមិនសមល្មមនឹងការខូចខាតរបស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ជាពិសេសគឺកាកបាទក្រហមកម្ពុជា ដូចដែលបានលើកឡើងថា «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។
ទន្ទឹមនោះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាននេះ សូមស្វែងយល់បន្ថែមពីភាពរឹងមាំ នៃលំនៅឋាន ដើម្បីបង្ការ និងការពារហានិភ័យ ដែលបង្កដោយគ្រោះធម្មជាតិព្រោះថា ឆ្នាំនេះរដូវប្រាំងមានរយៈពេលយូរ អាកាសធាតុក្តៅហួតហែង ពេលមានភ្លៀងធ្លាក់មកជាមួយនឹងខ្យល់កន្រ្តាក់ លាយឡំនឹងផ្គររន្ទះ អាចបង្កជាគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សសត្វគ្រប់ៗគ្នា ដែលតម្រូវឲ្យ ប្រជាពលរដ្ឋគ្រប់រូបមានការប្រុងប្រយ័ត្នឲ្យបានគ្រប់ៗគ្នា ជាពិសេសបងប្អូន ប្រជាពលរដ្ឋទាំងអស់ និងសូមមេត្តាថែទាំសុខភាពឱ្យបានល្អ ពិសេសកូនចៅតូចៗត្រូវប្រុងប្រយ័ត្ន ខ្លាចក្រែងជួបវិបត្តិផ្សេងៗ ព្រោះដើមរដូវវស្សាជិត មកដល់ហើយ ម្យ៉ាងវិញទៀត បើឃើញភាពមិនស្រួលចំពោះសុខភាព ត្រូវប្រញាប់ទៅមណ្ឌល សុខភាព ឬមន្ទីរពេលដែលនៅជិតបំផុត ដើម្បីអាចពិគ្រោះ ឬព្យាបាលបានទាន់ពេលវេលា ។
លោកប្រធានគណៈកម្មាធិការសាខា បានគូបញ្ជាក់ផងដែរថា៖ យោងតាមរបាការណ៍របស់មន្រ្តីប្រតិបត្តិសាខា បានអោយដឹងថារយៈពេល៣ខែ ដើមឆ្នាំ២០២៥នេះ ខេត្តបាត់ដំបង បានរងផលប៉ះពាល់ដោយខ្យល់កន្រ្តាក់ចំនួន១៦លើក ស្មើ ៤៤១ខ្នងផ្ទះ(ស្មើ៤៤០គ្រួសារ) លើកស្រុកចំនួន ១១ក្នុងឃុំចំនួន២២ លើក,ភូមិចំនួន ៣៩ភូមិ, ក្នុងនោះ ក្នុងនោះរលំទាំងស្រុងចំនួន៤០ខ្នងផ្ទះ ប៉ើដំបូលធ្ងនធ្ងរ ចំនួន ១៨៦ខ្នងផ្ទះ និងប៉ះពាល់ដោយអន្លើរៗចំនួន២១១ខ្នងផ្ទះក្នុងនោះដែល ដើមឈើរលំសង្កត់របួសមនុស្សចំនួន ៤នាក់ រន្ទះបាញ់សម្លាប់មនុស្ស ១នាក់ និងរបួស៤នាក់និងខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរ។
សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបានអំណោយរួមមាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី១យួ ទឹកស៊ីអ៉ីវ១យួរ ទឹក បរិសុទ្ធ ១កេស និងត្រីខ១០កំប៉ុង ឃីត១កញ្ចប់ (មុង ក្រមា)ថវិកាចំនួនមួយដោយដោយឡែកគ្រួសារងគ្រោះរលំទាំងស្រុងបន្ថែម សំពត់តង១ផងដែរ៕