(កំពង់ចាម)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះពិនិត្យការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ និងវឌ្ឍនភាពនៃមន្ទីរពេទ្យបង្អែកបាធាយ។
ក្នុងដំណើរចុះពិនិត្យនេះ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកសុខាភិបាល ដែលកំពុងបម្រើការងារ នៅក្នុងមន្ទីរពេទ្យបង្អែកបាធាយ និងជាពិសេសបន្តពិនិត្យទៅលើផែនការរៀបចំកែលម្អរចនាសម្ព័ន្ធ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកប្រពោធនកម្ម និងបន្ទប់វះកាត់ នៃមន្ទីរពេទ្យ ដែលជាគម្រោងកែលម្អមន្ទីរពេទ្យទាំង៦១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា។
ក្នុងឳកាសនោះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានពិនិត្យទៅលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងដំណើរការងារបម្រើប្រជាពលរដ្ឋ របស់មន្ទីរពេទ្យបង្អែកបាធាយ ។
មន្ទីរពេទ្យបង្អែកខាងលើនេះ ទោះបីជាបច្ចុប្បន្នភាពមានហេដ្ឋារចនាសម្ព័ន្ធអំណោយផលល្អ យ៉ាងក្តីក៏មន្ទីរពេទ្យបង្អែកនេះ នៅមានតម្រូវការចាំបាច់មួយចំនួន ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅផ្នែកសង្គ្រោះបន្ទាន់កម្រិតធ្ងន់ និងការអភិវឌ្ឍនសមត្ថភាពធនធានមនុស្សដែលមានស្រាប់ ក្នុងការបណ្តុះបណ្តាលជាមួយមន្ទីរពេទ្យថ្នាក់ជាតិ ដើម្បីបង្កើនចំណេះជំនាញ និងបច្ចេកទេសបន្ថែមទៀត។
ជាចុងក្រោយលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍មួយចំនួន ជូនថ្នាក់ដឹកនាំ គ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ សូមបន្តការយកចិត្តទុកដាក់បន្ថែមទៀត និងអភិវឌ្ឍន៍សមត្ថភាពដែលមានស្រាប់អោយបានកាន់តែខ្លាំង មាំទាំ ដើម្បីបម្រើក្នុងវិស័យសុខាភិបាលឱ្យបានកាន់តែទូលំទូលាយ និងមានភាពរីកចម្រើន ដែលស្របតាមសម័យឌីជីថល និងនវានុវត្តន៍៕